ភ្នំពេញៈ គ​.​ជ​.​ប​ នា​ថ្ងៃទី ​២៥ ខែសីហា​នេះ​ បានប្រកាស​ជូនដំណឹង​ដល់​គណបក្សនយោបាយ សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ពី​ការដាក់ និង​ការទទួល​ពាក្យសុំ​ចុះឈ្មោះ​ភ្នាក់ងារ​គណបក្សនយោបាយ អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ សម្រាប់​ការពិនិត្យ​បញ្ជី​ឈោះ្ម​និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​ ២០២៣​។​

​យោងតាម​សេចក្តីប្រកាស​បានឱ្យដឹង​ថា ការដាក់ និង​ការទទួល​ពាក្យសុំ​ចុះឈ្មោះ​ភ្នាក់ងារ​គណបក្សនយោបាយ តម្រូវឱ្យ​ពាក្យ​ដែល​សុំ​ចុះឈ្មោះ​ជា​ភ្នាក់ងារ​គណបក្សនយោបាយ ត្រូវ​ចុះហត្ថលេខា​ដោយ​ប្រធាន ឬ​តំណាង នៃ​គណបក្សនយោបាយ ដែល​ទទួលបាន​ការផ្ទេ​រ​សិទ្ធិ​ជា​លាយលក្ខណ៍អក្សរ​ពី​ប្រធាន​គណបក្សនយោបាយ​។ ការផ្ទេរសិទ្ធិ​នេះ មិន​អនុញ្ញាតឱ្យ​ផ្ទេរសិទ្ធិ​បន្ត​ឡើយ លើកលែងតែ​ក្នុង​លិខិត​ផ្ទេរសិទ្ធិ​នោះ មាន​ខ្លឹមសារ​អនុញ្ញាតឱ្យ​ផ្ទេរសិទ្ធិ​បន្ត​។ កាលបរិច្ឆេទ​នៃ​ការដាក់ និង​ការទទួល​ពាក្យសុំ​ចុះឈ្មោះ​ភ្នាក់ងារ​គណបក្សនយោបាយ​នេះ​គឺ ចាប់ផ្ដើម ពីថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៣ បញ្ចប់​នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២៣​។​

​គណបក្សនយោបាយ​ត្រូវដាក់​ពាក្យសុំ​ចុះឈ្មោះ​ជា​ភ្នាក់ងារ​របស់ខ្លួន​ទៅ​ក្រុមប្រឹក្សាឃុំ សង្កាត់​តាម​ទម្រង់​បែបបទ​លេខ ១០០៧ ដែល​ត្រូវបាន​ផ្ដល់ជូន​ដោយ​ឥតគិតថ្លៃ​។ គណបក្សនយោបាយ​អាច​ថតចម្លង​ពាក្យសុំ​ទម្រង់​បែបបទ​លេខ ១០០៧ ដើម្បី​ប្រើប្រាស់​ក្នុង​ការដាក់​ពាក្យសុំ​ចុះឈ្មោះ​ភ្នាក់ងារ​គណបក្សនយោបាយ​របស់ខ្លួន​។​

​ចំពោះ​ការដាក់ និង​ការទទួល​ពាក្យសុំ​ចុះឈ្មោះ​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ គឺ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៣ បញ្ចប់​នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២៣​។ សមាគម ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល ដែលមាន​បំណង​ចូលរួម​សង្កេតការណ៍ ត្រូវបំពេញ​ពាក្យសុំ​ចុះឈ្មោះ​អ្នកសង្កេតការណ៍​ឱ្យបាន​ត្រឹមត្រូវ និង​ត្រូវដាក់​ពាក្យសុំ​ចុះឈ្មោះ​អ្នកសង្កេតការណ៍​របស់​ខ្លួន​នៅ​ទីស្ដីការ​គ​.​ជ​.​ប​។

​អ្នកសង្កេតការណ៍​ជាតិ ដែល​បានទទួល​ស្គាល់ និង​អនុញ្ញាត​ជា​ផ្លូវការ​ពី គ​.​ជ​.​ប និង​បានទទួល​បណ្ណ​សម្គាល់​អ្ន​ក​សង្កេតការណ៍​ជាតិ​ពី​លេខាធិការដ្ឋាន​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត​រួចហើយ មាន​សិទ្ធិ​សង្កេតមើល​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ បោះឆ្នោត ឆ្នាំ​២០២៣ ក្នុង​រាជធានី ខេត្ត​ដែល​ខ្លួន​មានឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​អ្នកសង្កេតការណ៍​ជាតិ នៃ​រាជធានី ខេត្ត​នោះ​។​

​រីឯ​ការដាក់ និង​ការទទួល​ពាក្យសុំ​ចុះ​ឈោះ្ម​អ្នកសង្កេតការណ៍​អន្តរជាតិ​វិញ​គឺ​ចាប់ផ្តើម​ពី ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២៣ បញ្ចប់​នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២៣​។ អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ ដែលមាន​បំណង​ចូលរួម​សង្កេតការណ៍ ត្រូវបំពេញ​ពាក្យសុំ ចុះឈ្មោះ​អ្នកសង្កេតការណ៍​ឱ្យបាន​ត្រឹមត្រូវ និង​ត្រូវដាក់​ពាក្យសុំ​ចុះឈ្មោះ​អ្នកសង្កេតការណ៍ របស់ខ្លួន​នៅ​ទីស្តីការ គ​.​ជ​.​ប រៀងរាល់​ម៉ោង​ធ្វើការ​។​

​អ្នកសង្កេតការណ៍​អន្តរជាតិ​ដែល​បានទទួល​ស្គាល់ និង​អនុញ្ញាត​ជា​ផ្លូវការ ហើយ​ទទួល​បណ្ណ​សម្គាល់​អ្នកសង្កេតកា​រណ៍​អន្តរជាតិ​ពី គ​.​ជ​.​ប រួចហើយ មាន​សិទ្ធិ​សង្កេតមើល​ដំណើរការ​ពិនិត្យ បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ទាំងមូល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕