
លោកប៉េង ពោធិ៍នា (រាប់ពីឆ្វេង)និងលោកស៊ុន ចាន់ថុល ទទួលកន្ត្រកផ្កា ពីថ្នាក់ដឹកនាំក្រសួងសាធារណការ ក្នុងពិធីជួបជុំកាលពីថ្ងៃទី២៤សីហា។ រូបថត ក្រសួងសាធារណការ
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រារព្ធពិធីជួបជុំ«មហាគ្រួសារសាធារណការ និងដឹកជញ្ជូន» ដើម្បីជាការគោរពដឹងគុណ ចំពោះស្នាដៃ និងការដឹកនាំកន្លងមករបស់លោក ស៊ុន ចាន់ថុល ក៏ដូចជាចូលរួមអបអរសាទរ និងជូនពរចំពោះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី «ក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ និងប្រជាជន» ក្នុងនីតិកាលថ្មី ព្រមទាំងអបអរសាទរ ចំពោះលោក ប៉េង ពោធិ៍នា ដែលទទួលភារកិច្ចជារដ្ឋមន្ត្រី នៃក្រសួងសាធារណការ និងដឹកជញ្ជូន។
យោងតាមក្រសួងសាធារណការ កម្មវិធីនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ព្រមជាមួយមន្ត្រីរាជការជាច្រើនរូប ក្នុងស្មារតីមហាសាមគ្គី និងការប្តេជ្ញាចិត្តខ្ពស់ដើម្បីបន្តអភិវឌ្ឍ វិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា ឱ្យកាន់តែរីកចម្រើនទៅមុខបន្តទៀត។
សូមបញ្ជាក់ថា លោកស៊ុន ចាន់ថុល ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងជាឧបនាយករដ្ឋមន្ត្រី នៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ ខណៈលោក ប៉េង ពោធិ៍នា ដែលជារដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនជំនួសលោកស៊ុន ចាន់ថុល៕