ភ្នំពេញៈ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងគណៈប្រតិភូបញ្ជាការកងទ័ពការពារព្រំដែន ខេត្តប៊ិញភឿកនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឯកភាពគ្នាក្នុងការបន្តជំរុញនូវកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសគ្រប់ប្រភេទតាមព្រំដែន ដើម្បីរក្សាសណ្តាប់ធ្នាប់នៃព្រំដែនទាំង២។

ការដាក់ទិសដៅនេះត្រូវបានសម្រេចឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល កិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់តាមព្រំដែន ដែលដឹកនាំដោយលោក អ៊ន ប៊ុន្នីរិទ្ធី ស្នងការរងទទួលផែនការងារសន្តិសុខនិងលោក ប៊ួយ មីញស័យ មេបញ្ជាការកងទ័ពការពារព្រំដែនខេត្តប៊ិញភឿក និងសមាជិកប្រតិភូជាច្រើនរូបទៀត កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។

តាមរយៈស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លោក ប៊ួយ មីញស័យ បានស្នើឱ្យកងកម្លាំងភាគីទាំង២ពង្រឹងកិច្ចសហការទប់ស្កាត់បទល្មើសគ្រប់ទម្រង់នៃការជួញដូរមនុស្ស បទល្មើសគ្រឿងញៀន ប្លន់ប្រដាប់អាវុធ ការជួញដូរអាវុធជាតិផ្ទុះ និងបទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន។

លោក ប៊ួយ មីញស័យ បានថ្លែងថា៖«សូមឱ្យកងកម្លាំងភាគីទាំង២រួមសហការគ្នាពង្រឹងការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើប្រជាពលរដ្ឋឆ្លងដែនទៅលេងល្បែងស៊ីសងនៅកាស៊ីណូនៅច្រកទ្វារទ្វេភាគីឡាប៉ាខេ កម្ពុជា ច្រកទ្វារហ័ងយៀវ វៀតណាម ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខព្រំដែន»។

បន្ថែមពីនេះភាគីវៀតណាម ក៏បានស្នើឱ្យកងកម្លាំងភាគីទាំង២ម្ចាស់ការសហការដោះស្រាយរាល់បញ្ហា ដែលកើតមានឡើង នៅតាមតំបន់ព្រំដែនដោយសន្តិវិធីតាមដែនសមត្ថកិច្ចរៀងៗខ្លួន។

ជាការឆ្លើយតប លោក អ៊ន ប៊ុន្នីរិទ្ធី បានឯកភាពនឹងបន្តកិច្ចសហការឱ្យបានល្អជាមួយភាគីវៀតណាមដោយលោកនឹងនាំយកសំណូមពរទាំងនេះរាយការណ៍ជូនស្នងការនគរបាលខេត្តមណ្ឌលគិរីដើម្បីគោរពសុំយោបល់ដឹកនាំបន្ត។

នៅក្នុងជំនួបនៃកិច្ចប្រជុំនេះដែរ ភាគីទាំង២ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់តាមតំបន់ព្រំដែនប្រចាំឆ្នាំ២០២២ និងឯកភាពដាក់ចេញនូវទិសដៅសហប្រតិបត្តិការបន្តនៅឆ្នាំ២០២៣ នេះផងដែរ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានថ្លែងប្រាប់នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ថា ការដាក់ចេញនូវទិសដៅគឺជារឿងសំខាន់ ប៉ុន្តែត្រូវអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព ខណៈបញ្ហាគ្រឿងញៀន គឺជាបញ្ហាធំដែលត្រូវតែមានកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រទេសដែលជាប់ព្រំដែនកម្ពុជា ក្នុងនោះមាន វៀតណាម ថៃ និងឡាវ ជាដើម ដើម្បីទប់ស្កាត់នូវលំហូរចូលនៃគ្រឿងញៀន។

លោកបានបញ្ជាក់ថា៖«កន្លងមកឃើញលំហូរចូលតាមច្រកព្រំដែនមានច្រើន ដូចជាលំហូរចូលគ្រឿងញៀន បទល្មើសគ្រប់ប្រភេទ ក៏ដូចជាការជួញដូរមនុស្ស។ អ៊ីចឹង! បើសិនជាមានការរឹតបន្តឹង និងទប់ស្កាត់បាននោះវាជារឿងល្អមួយ ប៉ុន្តែត្រូវធ្វើយ៉ាងណាលុបបំបាត់អំពើពុករលួយ ហើយត្រូវតែហ៊ានចាត់វិធានការចំពោះមន្ត្រីណាដែលឃុបឃិតដែលបង្កឱ្យមានបទល្មើសទាំងនោះកើនឡើង»៕