កំពង់ស្ពឺៈ ​គិត​មកទ​ល់ពេ​លនេះ​វឌ្ឍ​នភាព​នៃកា​រដាំ​កូន​ឈើ​ក្នុង​បរិវេណ​មជ្ឈម​ណ្ឌល​វប្បធម៌​ព្រះ​ពុទ្ធសា​សនា​​នៅ​ឧទ្យាន​ជាតិ​ព្រះ​កុសុមៈ​គិរី​រម្យ ​សម្រេ​ចបាន​ជិត​ ២ ​ម៉ឺន​ដើម​ហើយ ​ខណៈ​បច្ចុប្បន្ន​ក្រសួង​បរិស្ថាន​កំពុង​ព​ន្លឿ​ន​ការងារ​នេះ​ឱ្យ​រួច​នៅ​សប្តាហ៍​ទី​១ នៃ​ខែកញ្ញា ​ឱ្យ​បាន ​៣ ​ម៉ឺន​ដើម​។​ នេះ​បើតាម​ប្រកាស​របស់ក្រ​សួងប​រិស្ថាន។

​​ការ​ប្រកាស​នេះ​ក្រោយ​ពេល​លោក ​អ៊ាង សុផ​ល្លែត ​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​បាន​ចុះ​សំណេះ​សំណាល​ជា​មួយ​មន្ត្រី​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិត​កុសុមៈ​​គិរី​រម្យ ក្នុង​ស្រុក​ភ្នំស្រួច ​ខេត្ត​កំពង់ស្ពឺ ​កាល​ថ្ងៃទី​២៧ ​ខែសីហា​។​

​បើ​តាម​ក្រសួង​បរិស្ថាន​ ដំណើរ​ទស្សន​កិច្ច​រប​ស់​លោក​ អ៊ាង សុផល្លែត ធ្វើ​ឡើង​ក្នុង​គោល​បំណង​ចុះ​ពិនិត្យ​ទីតាំង​ដាំ​កូន​ឈើ ​ពិនិត្យ​មើល​តំបន់​អនាធិប​តេយ្យ​ក្នុង​ឧទ្យាន​ជាតិ​គិរី​រម្យ ​ចុះ​មើល​ទីតាំង​ឧទ្យាន​បោះ​តង់​គិរី​រម្យ ​និង​ចុះ​​ពិនិត្យ​មើល​សហ​គមន៍​ចំបក់​និង​សិប្ប​កម្ម​កែច្នៃ​ឫស្សី​ជា​ដើម​។​

​ក្រសួង​បាន​បញ្ជាក់​ថា៖ «​ការ​ដាំ​កូន​ឈើ​ក្នុង​បរិវេណ​មជ្ឈ​មណ្ឌល​វប្ប​ធម៌​ព្រះពុទ្ធ​សាសនា​នៅ​ឧទ្យាន​ជាតិ​ព្រះ​កុសុមៈ​គិរី​រម្យជា​លទ្ធ​ផល​គឺ​បាន​សម្រេច​ដាំ​ដើម​ឈើ​ប្រមាណ​ជិត​២​ម៉ឺន​ដើម​នៃ​ផែន​ការ​សរុប​»​។

​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា​ ក្រសួង​ដាំ​ដើម​ឈើ​បាន​ប្រមាណ​ជិត​២​ម៉ឺន​ដើម​នៃ​ផែន​ការ​សរុប​ប្រមាណ៣​​ម៉ឺន​ដើម លើ​ផ្ទៃដី​ជាង២​ហិក​តា ​ក្នុង​បរិវេណ​មជ្ឈ​មណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សាស​នា​នៅ​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិត​កុសុមៈ​គិរី​រម្យ ហើយ​ការងា​រ​ដាំ​ស្មៅ ​និង​ដើម​ឈើ ​នៅ​ទីតាំង​នេះ​នឹង​សម្រេច​ឱ្យ​បាន​ត្រឹម​ថ្ងៃទី​៦ ​ខែក​ញ្ញា ឆ្នាំ​​២០២៣​។​

​ទាក​ទិន​​នឹង​រឿង​នេះ ​លោក វ៉ី សំណាង អភិ​បាលខេ​ត្ត​កំពង់ស្ពឺ​ ក៏បា​នឱ្យដឹង​​ដែរ​ថា លោក​ស្រី ប៊ុន រ៉ានី ហ៊ុ​នសែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតីក្នុ​ង​ពិធី​សម្ពោធ​ការដាំ​កូនឈើនៅ​​បរិវេណ​​មជ្ឈម​ណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សាស​នា​កម្ពុជា ​ស្ថិត​នៅ​តំបន់​ឧទ្យាន​ជាតិ​គិរី​រម្យ ​ស្រុក​ភ្នំស្រួច ​ខេត្ត​កំពង់ស្ពឺ​ នា​ពេល​ខាង​មុខ​​។

​លោក​បាន​បញ្ជាក់​ថា ៖«​នៅ​ពេល​គម្រោង​ដាំ​កូន​ឈើ​នេះ​បានប​ញ្ចប់ ​ឧទ្យាន​ជាតិ​ព្រះ​កុសុមៈ​គិរី​រម្យ​ នឹង​កាន់​តែ​ក្លាយ​ជារមណីយ​ដ្ឋាន​ទេសច​រណ៍​ ដែល​ប្រកប​ដោយ​សក្តានុពល​​កាន់​តែ​ខ្លាំង​ថែមទៀត ​សម្រាប់​ពុក​ម៉ែ​មាមីង​បង​ប្អូន​គ្រប់​ទិស​ទី ម​ក​សម្រាកល​ម្ហែក​ម្សាន្ត​»​។​

​សូម​រំឭក​​ថា ​កាលពី​​ខែ​ឧសភា​ ឆ្នាំ​២០២២​ លោក​ស្រី ​ប៊ុន រ៉ានី ហ៊ុ​នសែន​ ធ្លាប់​បាន​លើក​ឡើង​ថា ​ការដាំ​កូនឈើ​នៅ​ទីតាំង​នោះ​គឺ​ដើម្បី​ជា​ប្រយោ​ជន៍​ដល់​មនុស្ស​ជាតិ​ បរិ​ស្ថាន ​និង​ដើម្បី​ទាក់​ទាញ​​ភ្ញៀវទេ​សចរ​​។ ​ម្ស៉ាង​ទៀត​ក៏​ដោយ​សារ​មើល​ឃើញ​ពី​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់​ធ្ងរ​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ​ការកើន​ឡើង​កម្ដៅ​ផែនដី គ្រោះ​រាំងស្ងួ​ត ​ទឹក​ជំនន់ ​ភាព​រេច​រឹល​ដី​កសិ​កម្ម និ​ង​ការរីក​រាល​ដាល​នៃ​ជំងឺ​ឆ្លង​សត្វ​ល្អិត​ចង្រៃ​លើ​ដំណាំ​ជា​ដើម​៕