ភ្នំពេញៈសហព័ន្ធ​គុនខ្មែរ​អន្តរជាតិ ក្រោមកិច្ច​​សហការ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ទេស​ចរណ៍ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និងគណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) នឹង​​រៀបចំ​​​ការ​​​ប្រកួត​ប្រដាល់​គុនខ្មែរ​ជើង​​ឯក​ពិភពលោកឆ្នាំ​២០២៣ (Kun Khmer World Championship2023) នៅលើ​គុនខ្មែរ​អន្តរជាតិ បន្ទាប់ពី​បានអាក់​ខាន​រៀបចំ​ការ​ប្រកួត​គុនខ្មែរ​ជើងឯក​ពិភពលោក​នេះ ចំនួន​ ២​ ឆ្នាំ​ ហើយ បន្ទាប់ពីព្រឹត្តិការណ៍នេះ ត្រូវបាន​ធ្វើ​ឡើង​ចំនួន​៣​លើក​កន្លងមក។

ចំណែក​ការ​រៀបចំ​ឱ្យ​មានការ​ប្រកួត​ជា​ថ្មី​នេះ គឺ​មាន​ទ្រង់​ទ្រាយ​ធំ​ជាង​ការ​ប្រកួត​៣​លើក​កន្លងមក ព្រោះ​​ប្រទេស​ចំនួន​​​ ៥៩ នៅ​គ្រប់​ទ្វីប សុទ្ធតែ​ត្រូវបាន​អញ្ជើញ​ឱ្យមក​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍នេះ។

លោក មាម រ៉ា ប្រធាន​សហព័ន្ធ​គុនខ្មែរ​អន្តរជាតិ បានប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ កាលពី​ថ្ងៃទី​ ២៨ ខែសីហា ថា ​គ្រប់​​ប្រទេសជាសមាជិក​​របស់​សហព័ន្ធ​គុនខ្មែរ​អន្តរជាតិ ទាំង​នៅទ្វីប​អាស៊ី ទ្វីប​អាមេរិក ទ្វីបអឺរ៉ុប ទ្វីបអាហ្រ្វិក និង​ទ្វីប​អូសេអានី សុទ្ធតែ​ត្រូវ​បាន​ញ្ជើញ​ឱ្យមក​ចូលរួមការ​ប្រកួត​នេះ ហើយ​​អ្វី​ដែល​យើង​ទទួលបាន​នៅពេលនេះ គឺ​ប្រទេស​ភាគ​ច្រើន មានបំណង​បញ្ជូន​ប្រតិភូ​មក​ចូលរួម​​ការ​ប្រកួតនេះ។

លោក​បាន​បញ្ជាក់ថា៖ «​នេះ​ជាការ​ប្រកួតប្រចាំ​ឆ្នាំ​របស់​សហព័ន្ធ ប៉ុន្តែ​ការ​រៀបចំ​​លើក​នេះ មាន​លក្ខណៈ​ធំ​ជាង​មុន ហើយការ​ប្រកួត​ប្រជែង​ក៏​ខ្លាំង​ជាងមុន ដោយ​សារ​ពេលនេះ យើង​ទទួល​បានសមាជិក​ច្រើន បន្ទាប់​ពី​ព្រឹត្តិការណ៍ស៊ីហ្គេម បានបញ្ចប់ ហើយ​គិត​មក​ដល់​ពេលនេះ មាន​ប្រទេសជាង​ ១០ ​ហើយ បាន​ឆ្លើយ​តប សម្រាប់ការ​មក​ចូលរួម ហើយ​ដោយសារយើង​ទុក​ពេល​ឱ្យ​ពួក​​គាត់​​រៀបចំ​ក្រុម​កីឡា រហូតដល់​ពាក់កណ្តាល​ខែតុលា​នោះ អ៊ីចឹង​ចំនួនប្រទេស​ចូលរួម​នឹងមានការ​កើន​ឡើង​ថែម​ទៀត ដែល​យើង​ជឿថា ប្រទេសជាច្រើន នៅ​គ្រប់​ទាំង ​៥ ​ទ្វីប នឹង​មក​ចូលរួម​ការ​ប្រកួតនេះ»។

តាមការ​បញ្ជាក់​របស់​លោក មាម រ៉ា បាន​ឱ្យ​ដឹង​ថា ​ការ​ប្រកួត Kun Khmer World Championship 2023 នេះ គឺ​មានលំនាំ​ការ​ប្រកួតដូច​​ស៊ីហ្គេម​ដែរ ប៉ុន្តែ​វិញ្ញាសា​ប្រកួត​​មាន​ច្រើនជាង ដោយសារ​ព្រឹត្តិការណ៍នេះ មានទាំងការ​ប្រកួត​របស់​ក្រុម​កីឡា​អាយុ​ក្រោម​១៧ ​ឆ្នាំ និង​ក្រុម​​អាយុ​ពី​ ១៧ ដល់​ ៣៧ ​ឆ្នាំ ហើយ​ការ​ប្រកួត​ត្រូវបានបែង​ចែក​ជា​៣​ប្រភេទ គឺ​ការ​ប្រកួត​បែប​ស្ម័គ្រចិត្ត ពាក់កណ្តាល​អាជីព និងលក្ខណៈ​អាជីព ហើយកម្ពុជា​មានឆន្ទៈ​ខ្ពស់ ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍នេះ​ឱ្យ​បាន​ល្អ ដើម្បី​ផ្សព្វ​ផ្សាយ «គុនខ្មែរ» ទៅកាន់ពិភព​លោក ឱ្យកាន់តែ​ទូលំ​ទូលាយ​​ថែម​ទៀត។

លោក មាម រ៉ា បាន​បន្ថែម​ថា៖​ «យើង​នឹង​រៀបចំ​ព្រឹត្តិការណ៍នេះ ឱ្យ​បាន​ល្អ ដោយយើង​​នឹង​​វិល​ទៅ​ធ្វើ​នៅ​ខេត្តសៀម​រាប ព្រោះ​ទី​នោះ យើង​មាន​សង្វៀន និងការ​រៀបចំ​តាមបែបស្តង់​ដា​​គុន​ខ្មែរ​របស់​យើងរួច​ហើយ ដោយមានការ​សហការ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ទេសចរណ៍ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង NOCC គឺយើង​​​នឹង​ធ្វើ​ឱ្យ​បានកាន់តែល្អ ទៅ​តាមលក្ខខណ្ឌ និង​បទបញ្ជានៃ​ការ​ប្រកួត​ប្រដាល់​គុនខ្មែរ​របស់​យើង»។

តាម​គម្រោង ការ​ប្រកួត Kun Khmer World Championship 2023 នឹងត្រូវ​​រៀបចំ​​រយៈពេល​៣​ថ្ងៃ ក្នុងអំឡុងពេល​ពិធី​បុណ្យអុំ​ទូក គឺ​ថ្ងៃទី​ ២៦ ដល់​ទី​ ២៨ ខែវិច្ឆិកា នៅសង្វៀន​ ១ កន្លែង​ក្បែរ​ព្រះអង្គចេក​ព្រះអង្គចម ដែលអាចផ្ទុក​អ្នកទស្សនា​បានជាង​៥ពាន់​នាក់ ដោយ​​ការ​ប្រកួតនេះ នឹង​​ត្រូវ​រៀបចំ​ទៅតាមប្រភេទ​អាយុ និង​ទៅតាម​ចំនួន​កីឡាករ ដែលនឹង​ចុះ​ឈ្មោះ​ចូលរួម​ ហើយ​ការ​ប្រកួតដណ្តើម​ខ្សែ​ក្រវាត់ ក៏​ត្រូវបាន​ដាក់​ឱ្យ​មាន នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ដ៏​ធំ​មួយ​នេះ​ផង​ដែរ។

ចំពោះ​ការងារ​នេះ លោក មាម រ៉ា បានបញ្ជាក់​ថា៖ «សម្រាប់​ការ​ប្រកួត​ទាំង​៣​ថ្ងៃ​នេះ យើងមាន​រៀបចំការ​ប្រកួតជើងឯក​អាជីព ដោយ​យើង​នឹង​ជ្រើស​រើស​កីឡាករ​ល្អៗ​របស់​យើងឱ្យ​ប្រកួត​ជាមួយ​កីឡាករ​ មកពី​តាមបណ្តា​ប្រទេស​ផ្សេងៗ ដោយ​១​ថ្ងៃ យើង​អាច​ប្រកួត​៥គូ អ៊ីចឹង​៣​ថ្ងៃ យើង​ត្រូវការ​កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា​​ចំនួន​១៥​នាក់ ហើយ​ក្នុង​នោះ មាន​ប្រភេទ​គីឡូ​ខ្លះ ត្រូវដាក់ឱ្យប្រកួតដណ្តើម​ខ្សែ​ក្រវាត់»។

យ៉ាង​ណា​ក៏​ដោយ លោក មៀម រ៉ា បាន​ទម្លាយ​ឱ្យ​ដឹង​ថា សម្រាប់ប្រភេទ​កីឡា ដែល​​ត្រូវ​វ៉ៃ​ដណ្តើម​ខ្សែ​ក្រវាត់នេះ គឺ​នៅ​មិន​ទាន់​បាន​កំណត់​ច្បាស់​នៅ​ឡើយទេ ដោយ​រង់ចាំ​ការ​ពិភាក្សា​គ្នា​បន្ថែម​ទៀត ប៉ុន្តែ​លោក​បាន​បង្ហើប​ថា សម្រាប់​សហព័ន្ធ​គុនខ្មែរ​អន្តរជាតិ ចង់​រៀបចំការ​ប្រកួត​បែប​ពាក់​កណ្តាល​អាជីព​ឱ្យបានច្រើន។

លោក​បាន​សង្កត់​ធ្ងន់​ថា៖ «យើង​​ចង់អភិវឌ្ឍកីឡាករ​​ពាក់​កណ្តាល​អាជីព​​ច្រើន​ជាង ព្រោះ​ទិសដៅ​​របស់​​​សហព័ន្ធ​គុនខ្មែរ​អន្តរជាតិ ​គឺ​អភិវឌ្ឍ និងអប់រំ​កាយ​ផ្នែក​កីឡា ដែល​ស្រប​តាម​គន្លង​របស់​អូឡាំពិក។ មាន​ន័យ​ថា យើង​នៅ​តែ​ធ្វើតាមការ​ស្ម័គ្រចិត្ត ហើយ​នៅពេល​យើង​ទទួលបាន​ការគាំ​ទ្រ​គ្រប់​ចំនួន​ប្រទេស យើង​នឹង​ដាក់​ពាក្យ​ស្នើ​ទៅ​អូឡាំពិកអន្តរជាតិ ដើម្បី​ឱ្យ​ទទួល​​ស្គាល់​​គុន​ខ្មែរ​របស់​យើង»។

ទឹក​ដី​អង្គរ ក្នុងខេត្ត​សៀម​រាប នាចុងខែ​វិច្ឆិកា ខាង​មុខ​នេះ ដើម្បី​​​ពង្រីក​វិសាល​ភាពកីឡាជាអត្តសញ្ញាណជាតិ​មួយ​នេះ ឱ្យ​មានការ​ទទួល​ស្គាល់​ពី​គណៈកម្មា​ធិការជាតិ​អូឡាំ​ពិក​អន្តរជាតិ។

ដោយ​សារ​តែ​វិបត្តិ​ជំងឺកូវីដ​ ១៩ ​ធ្វើ​ឱ្យ​សហព័ន្ធជាមួយ​គ្នា​នេះ​ដែរ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជា​អគ្គលេខាធិការ​សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ ធ្លាប់បាន​អះអាង​ថា ការ​ផ្សព្វ​ផ្សាយ «គុនខ្មែរ» ទៅ​កាន់​​ពិភព​លោក វាជា​រឿង​ដ៏សំខាន់ ដែល​គ្រប់​ភាគីត្រូវ​តែ​ចូលរួម​ជួយ​ទាំង​អស់​គ្នា ដើម្បី​កម្ពុជា អាច​ដាក់​ប្រភេទ​កីឡា​​អត្ត​សញ្ញាណមួយ​នេះចូល​ទៅ​ជាប្រភេទ​កីឡា​ពេញ​និយម​របស់​អូឡាំពិក ហើយ​នេះ​ក៏ជា​ជំហាន​ទាក់​ទាញ​ភ្ញៀវទេសចរបែប​កីឡា មក​ទស្សនា​នៅ​កម្ពុជា​ កាន់តែ​ច្រើន​ផង​ដែរ។

លោក វ៉ាត់ ចំរើន ដែលជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ផង​នោះ បាន​ថ្លែង​ថា៖«​​យើងឃើញមាន​បរទេស​​មក​ចូល​រួម​ជាមួយ​​គុនខ្មែរ​របស់​យើង ​កាន់តែ​​ច្រើន ​ហើយ​បើ​ចំនួន​គាំ​ទ្រនេះ ​បានកើន​ដល់​​ ៧៤​ ប្រទេស​ យើង​នឹង​ដាក់​ពាក្យ​ទៅ​អូឡាំពិក ឱ្យ​គេ​ទទួល​ស្គាល់ក្បាច់គុន​របស់​យើង​ អ៊ីចឹង​ការវិវឌ្ឍ​នេះ​ឱ្យវា​ទន្ទឹម​គ្នា គឺ​បើ​ប្រទេស​យើងមានហេដ្ឋារចនា​សម្ព័ន្ធ​​​កីឡា​ កាន់តែ​ច្រើន ស្តង់ដា​ល្អ ​ទេសចរនឹង​មក ជាពិសេស​​កីឡាករ ដែល​នៅ​ស្រុក​ត្រជាក់ ​ព្រោះ​នៅ​ស្រុកគេ​ ៦ ខែ​ត្រជាក់ ដូច្នេះ​​គេរក​នៅស្រុក​ក្តៅ​ណា ដែល​អាច​មក​ហាត់​រាប់​រយ រាប់​ពាន់ នៅ​ក្នុង​ ១ ឆ្នាំៗ»៕