​ភ្នំពេញៈ កិច្ចប្រជុំ​ត្រីភាគី​លើក​ទី​២ រវាង​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្ប​បរមា​អាណត្តិ​ទី​៣ ជាមួយ​ភាគី​សហ​ជីព និង​និយោជក​នៅ​មិនទាន់​បានកំណត់​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​ច្បាស់លាស់​ទេ ខណៈ​ភាគី​កម្មករនិយោជិត​ដែល​តំណាង​ដោយ​សហ​ជីព​បានឱ្យដឹងថា ក្រុម​សហជីព​កំណត់​តួលេខ​ ២ ​ជម្រើស ​គឺ ​២១២ ​ដុល្លារ និង ​២២០,២០ ​ដុល្លារ ដើម្បី​យកទៅ​ពិភាក្សា​នា​កិច្ចប្រជុំ​លើក​ទី​៣​។​

​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្ប​បរមា អាណត្តិ​ទី៣ លើក​ទី២ ស្តីពី​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ផលិត​ផល​ធ្វើដំណើរ និង​កាបូប​សម្រាប់​ឆ្នាំ ​២០២៤ បានរៀបចំ​ឡើង​នៅ​ថ្ងៃទី ​២៨ ខែសីហា ឆ្នាំ​ ២០២៣ ដែល​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោក ហេង សួរ នៅ​ទី​ក្រសួង​ការងារ​។​

​លោក​រដ្ឋមន្ត្រី ហេង សួរ បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​ការ​​ពិភាក្សាគ្នា​ថា កិច្ចពិភាក្សា​អស់​ពេល​ជាង ​៣ ​ម៉ោង ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា មិនទាន់​ទទួលបាន​តួលេខ​ពី​ភាគី​ណាមួយ​នៅឡើយ​ទេ​ដោយសារតែ​កិច្ច​ប្រជុំបាន​ផ្តោតជាសំខាន់​ទៅលើ​ការវិភាគ​ពី​ស្ថានភាព​នៃ​វិស័យ​កាត់ដេរ និង​តម្រូវការ​អ្នក​បញ្ជា​ទិញ​នៅតាម​ប្រទេស​នានា​លើ​ពិភពលោក ខណៈពេល​នេះ ជា​ដំណាក់​កាល​នៃ​ការថយចុះ​តម្រូវការ​ផ្នែក​សម្លៀកបំពាក់​ស្បែកជើង និង​កាបូប​។​

​ទោះជា​យ៉ាងណា លោក​រដ្ឋមន្ត្រីបានឱ្យដឹងថា ភាគី​សហជីព​ដែល​តំណាងឱ្យ​កម្មករនិយោជិត និង​ភាគី​តំណាង​និយោជក​នៅតែមាន​ការយោគយល់​គ្នាច្រើន ដោយ​ភាគី​និយោជក​បាន​មើលឃើញថា ចំណូល​របស់​កម្មករ​-​និយោជិត​ក្នុង​រយៈពេល​ចុង​ក្រោយនេះ​មានការ​ធ្លាក់ចុះ ដោយសារ​ការនាំ​ចេញ​សម្លៀកបំពាក់​មានការ​ថយចុះ ដែល​ការធ្លាក់ចុះ​នេះ មិន​ត្រឹមតែ​នៅ​កម្ពុជា​ទេ តែមាន​បណ្តា​ប្រទេស​ផ្សេងទៀត​ធ្លាក់ចុះ​ដូចគ្នា​ដែរ ដូចជា វៀតណាម ឥណ្ឌូនេស៊ី បង់​ក្លា​ដែ​ស ស្រី​លង្កា ជាដើម​។​

​លោក​ ហេង សួរ បាន​ថ្លែងថា​៖ «​ទន្ទឹមនឹងនេះ​បងប្អូន​ខាង​សហជីព​របស់​យើង ក៏​ទទួលស្គាល់ថា តម្រូវការ​ក្នុង​វិស័យនេះ ពិតជា​ទាប​ជាង​ក្នុង​ឆ្នាំ​កន្លងទៅ ប៉ុន្តែ​ភាគី​ទាំង​ ២​ នៅ​មិនបាន​ទាន់​ឯកភាពគ្នា​ត្រង់​ថា តើ​គួរ​រក្សា​គោលជំហរ​​ប្រាក់​ឈ្នួល​នៅ​ដដែល​ឬ​បង្កើន​ឬក៏​យ៉ាងណា​នោះទេ តែ​យើង​ឃើញ​តម្រុយ​មួយចំនួន​ដែល​ខាង​សហជីព​គាត់​បានលើកឡើង ដែល​ហាក់បីដូច​ជា គាត់​មាន​ភាពចាស់ទុំ ហើយ​យើង​ក៏​រំពឹងថា គម្លាត​នៃ​ភាគី​ទាំង ​២ មិន​ខុសគ្នា​ឆ្ងាយ​ពេក​»​។​

​បន្ទាប់ពី​កិច្ចប្រជុំ​នេះ លោក អាត់ ធន់​ប្រធាន​សហភាព​ការងារ​កម្ពុជា (CLC) បាន​ថ្លែង​ដែរ​ថា ថ្វីដ្បិតតែ​ភាគី​មិនទាន់​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ច្បាស់​លាស់​ក៏ដោយ តែ​ខាង​ក្រុម​សហជីព​បាន​ពិភាក្សាគ្នា​រួចហើយ ដោយ​គ្រោង​នឹង​កំណត់​ស្នើ​ឱ្យមាន​ជម្រើស​ ២ ​គឺ​បង្កើន​ ១២ ​ដុល្លារ និង​ ២០,២០​ដុល្លារ​ពីលើ​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​ ២០២៣ ដែលមាន​ ២០០​ ដុល្លារ សរុប​គឺ​ ២១២ ​ដុល្លារ និង ២២០,២០ ​ដុល្លារ​សម្រាប់​ឆ្នាំ​ ២០២៤​។​

​លោក​បាន​បញ្ជាក់ថា​៖ «​កាលពី​ថ្ងៃទី​ ២១ ខែសីហា កន្លងទៅ​ក្រុម​សហជីព​បាន​ជួបប្រជុំគ្នា ដោយ​កាលនោះ​មាន​សហជីព ​១ ​ក្រុម​បានស្នើ​បន្ថែម​ ១២ ដុល្លារ និង​ ១ ​ក្រុម​ទៀត ដែលជា​សហជីព​ឯករាជ្យ​ ៥​ រូប គ្រោង​ស្នើ​ ២០,២០​ ដុល្លារ​។ តួលេខ​នេះ យើង​គ្រោង​នឹងដាក់​ស្នើឡើង​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​ ៣​ នា​ថ្ងៃទី ​៤ ខែកញ្ញា ខាងមុខ​»​។

​ទោះជា​បែបនេះ​ក្តី លោក ​អាត់ ធន់ បាន​បន្តថា ខាង​សហជីព អាច​នឹងមាន​កិច្ចប្រជុំ​បន្តបន្ទាប់​ទៀត​ដើម្បី​ដាក់ចេញ​តួលេខ​សមស្រប​មួយ មុននឹង​ទៅ​ពិភាក្សា​នាពេលខាងមុខ ដោយ​លោក​រំពឹងថា នាយករដ្ឋមន្ត្រី​ថ្មី និង​រដ្ឋមន្ត្រី​​ក្រសួង​ការងារ​ថ្មី នឹង​យកចិត្តទុកដាក់​លើ​ជីវភាព​កម្មករនិយោជិត​បន្ថែម ដើម្បី​បង្ហាញ​ស្នាដៃ​នៃ​ការចាប់ផ្តើម​ការងារ​ជា​អ្នកដឹកនាំ​។​

​ដោយឡែក​ខាង​ភាគី​តំណាង​និយោជក​វិញ នៅតែ​អះអាង​មិន​ចង់ឱ្យមាន​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​ ២០២៤​ ទេ ដោយ​លើក​ហេតុផល​ថា ការបញ្ជាទិញ​មានការ​​ធ្លាក់ចុះ​ច្រើន បើ​ធៀប​នឹង​ឆ្នាំមុន​។ លោក​លី ឃុន​ថៃ ប្រធាន​សមាគម​​ស្បែកជើង​កម្ពុជា​បាន​ថ្លែងថា ភាគី​ទាំងអស់​នឹង​ពិភាក្សាគ្នា​រក​ចំណុច​រួមមួយ ជាពិសេស​លោក​សង្ឃឹមថា ក្រៅពី​ការបារម្ភ​ពី​សុខទុក្ខ​របស់​កម្មករ​និ​​យោ​ជិត​ហើយ តំណាង​សហជីព ក៏មាន​ការយោគយល់​ពី​ការលំបាក​របស់​ថៅកែ​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ប្រសិនបើ​មានការ​ឡើង ធ្វើឱ្យ​និយោជក​មានការ​ព្រួយបារម្ភ ដោយសារ​ការបញ្ជាទិញ​ធ្លាក់ចុះ ខណៈដែល​រោងចក្រ​ភាគច្រើន​មិនមាន​ការធ្វើ​ការបន្ថែម​ម៉ោង​ទេ ក្នុង​មួយពេល​ចុងក្រោយ​នេះ​។ ម្យ៉ាងវិញទៀត សេដ្ឋកិច្ចពិភពលោក មិនទាន់មាន​ភាពប្រសើ​រ​ឡើង​នៅឡើយ​នៅក្នុង​ឆ្នាំ​ ២០២៣ ​នេះ ខណៈ​ឆ្នាំ​ ២០២៤ ​ខាងមុខ ក៏​មិនទាន់មាន​ភាពប្រាក​ដ​​ប្រជា​នៅឡើយ​ដែរ​»​។​

​សូមជម្រាបថា នៅក្នុង​ឆ្នាំនេះ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​និ​យោ​ជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ និង​កាបូប​មាន​ចំនួន ​២០០ ​ដុល្លារ​ ក្នុង​ ១​ ខែ ហើយ​ប្រសិនបើ​បូក​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ពួកគាត់​ម្នាក់ៗ​អាច​ទទួលបាន​ប្រាក់​ឈ្នួល​ចន្លោះ​ពី​ ២១៧ ទៅ​ ២២៨​ ដុល្លារ ​ក្នុង ​១ ​ខែ​៕​