​ភ្នំពេញៈ លោកស្រី ឃួន សុ​​ដា​រី ប្រធានរដ្ឋសភា​កម្ពុជា​បានអនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​កម្ពុជា​ដែល​ទើប​តែងតាំង​ថ្មី​ចំនួន​ ៧ ​រូប ចូលជួប​សម្តែង​ការ​គួរសម​និង​ទទួល​អនុសាសន៍​មុនពេល​ចេញទៅ​បំពេញ​បេស​ក​កម្ម​ការទូត​ប្រចាំ​នៅ​ប្រទេស​ជា​មិត្ត​នា​នានា​រសៀល​ថ្ងៃទី ​២៨ ខែសីហា ឆ្នាំ ​២០២៣ នៅ​វិមាន​រដ្ឋសភា​។

​លោក​ លុយ ដា​វីត ឯកអគ្គ​​រាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថ​ភាព​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង​បានឱ្យដឹង នៅក្រោយ​ជំនួប​នោះ​ថា លោកស្រី​ប្រធានរដ្ឋសភា​បាន ណែនាំ​ដល់​ឯកអគ្គរាជទូត​ថ្មី​ទាំងអស់​ឱ្យបំពេញ​ការងារ​ប្រកប​ដោយ​ការទទួលខុសត្រូវ​ខ្ពស់​ដើម្បី​លើក​កិត្យានុភាព​ប្រទេសជាតិ ដោយ​ធ្វើយ៉ាងណា​ជំរុញ​សេដ្ឋកិច្ច​ការទូត​ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ និង​អ្នកទេសចរ​ចូលមក​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​សំដៅ​សម្រេចបាន​សេដ្ឋ​កិច្ច​កម្ពុជា​ឈានទៅ​កាន់​ប្រទេស​មាន​ចំណូល​ខ្ពស់​។​

​លោក​លើកឡើងថា សេដ្ឋ​កិច្ច​ការទូត​គឺជា​កូនសោ​អាទិ​ភាព​ចម្បង ​១ ​របស់​រាជ​រដ្ឋា​ភិ​បាល​ថ្មី​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ ទេសចរ​មកកាន់​ប្រ​ទេស​កម្ពុជា​។​យ៉ាងណាក៏ដោយ ការទូត​សេដ្ឋកិច្ច​នេះ​មិនមែន​មានតែ​ក្រសួងការបរទេស​ជា​អ្នកធ្វើ​តែឯង​នោះទេ សូម្បី​រដ្ឋ​សភា និង​រដ្ឋាភិបាល​ក៏​សហការ ចូលរួម​ធ្វើ​ផងដែរ​ដើម្បី​សម្រេចបាន​សេដ្ឋកិច្ច​ខ្ពស់​របស់​កម្ពុជា​តាម​ផែនការ​ដែល​បានកំណត់​។​

​លោក លុយ ដា​វីត បាន​បន្តថា ការងារ​ចម្បង​ពេលទៅដល់​ប្រទេស​បារាំង​លោក​នឹងធ្វើ​ការងារ​ជាមួយ​រដ្ឋមន្ត្រី​តាម​វិស័យ​នីមួយៗ​របស់​ប្រ​ទស​បារាំង​ក្នុងនោះ​ក៏មាន​ក្រសួង​សុ​ខា​ភិ​បាល ក្រសួង​អប់រំ ក្រសួង​មុខងារសាធារណៈ ក្រសួងទេសចរណ៍ និង​ធ្វើការ​ជាមួយ​សហគមន៍​ខ្មែរ​នៅ​បារាំង​ដើម្បីឱ្យ​ពួកគាត់​ទទួលបាន​ព័ត៌មាន​ពិត​ពី​ប្រទេស​កម្ពុជា​។

​លោក​ថ្លែងថា​៖ «​យើង​ធ្វើ​ម៉េច​ឱ្យ​ប្រជាពលរដ្ឋ​យល់ដឹង​គ្រប់​ជ្រុងជ្រោយ​ទាក់ទង​ការអភិវឌ្ឍ​ប្រទេសជាតិ​យើង​ពាក់ព័ន្ធ​ការ​រីកចម្រើន តើ​ប្រទេស​យើង​ដល់​ណា​ហើយ​។ មាន​ខ្មែរ​យើង​ខ្លះ​មកដល់​ស្រុក គាត់​ឃើញ​ជាក់​​ស្តែង​នឹង​ភ្នែក​ហើយ ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​គាត់​អត់​ដែល​មក​ទេ គាត់​ស្តាប់​តែ​ពី​ការ​ញុះញង់​របស់​អ្នកនយោបាយ​មួយចំនួន​ដែលមាន​និន្នាការ​ប្រឆាំង​អ៊ីចឹង​គាត់​យល់ច្រឡំ​»​។

​លោក​ឯកអគ្គរាជទូត កម្ពុ​ជាថ្មី​ប្រចាំ​ប្រទេស​បារាំង បញ្ជាក់​ពី​ការប្តេជ្ញាចិត្តថា នឹង​ខិតខំ​ប្រឹង​ប្រែង​បម្រើ​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​បំពេញការងារ​ការទូត​ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី លើកកម្ពស់​កិត្យានុភាព​ជាតិ ការពារ​បូ​រណ​ភាព​ទឹកដី ការពារ​ឯករាជភាព ការពារ​ផលប្រយោជន៍​នៃ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅក្រៅ​ប្រទេស​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​យើង​ធ្វើ​ម៉េច​ការពារ​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​យើង ធ្វើ​ម៉េច​កុំឱ្យ​មានការ​ជ្រៀត​ជ្រៀក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​យើង​ពី​សំណាក់​បរទេស អាហ្នឹង​ជាការ​ងារ​ចម្បង​យើង​ហើយ​។​ក្រៅពី​ហ្នឹង​គឺមាន​ការទាក់ទង​វិនិយោគ​ដូច​ខ្ញុំ​បាន​លើក​ហ្នឹង ការពារ​ប្រជាពលរដ្ឋ​យើង​។ ជារួម​ការងារ ដែល​បន្សល់​ពី​រដ្ឋាភិបាល​ចាស់​យើង​នឹង​បន្តធ្វើ បូក​នឹង​កម្មវិធី​ន​យោ​យ​បាយ​របស់​រាជរដ្ឋាភិបាល​ថ្មី​»​។

​ឯកអគ្គរាជទូត​ទាំង​ ៧ ​រូប ​ដែល​នឹងត្រូវ​ចេញទៅ​បំពេញបេសកកម្ម​ការទូត​ប្រចាំ​ប្រទេស​ជា​មិត្ត​នានា រួមមាន លោក លុយ ដា​​វីត ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង​, លោក ឡាយ​ សំកុល ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ប្រទេស​អង់គ្លេស​, លោក សុក ជា ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ប្រទេស​តួ​ក​គី​, លោក​ ទាន ​សំណាង ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី​, លោក ហ៊ុល​ក្រង ផា​ណង ឯកអគ្គ​រាជ​​ទូត​កម្ពុជា ប្រចាំ​ប្រទេស​ឡាវ​, លោក ឈាង ធី​រ៉ា ឯកអគ្គ​រាជ​​ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​​អាល្លឺម៉ង់ និង​លោក តាន់ ប៊ុន​​ប៉ា ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​កម្ពុជា​ប្រចាំ​ប្រទេស​ស៊ែ​ប៊ី​៕