​ភ្នំពេញៈ លោក ​ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លើកឡើងថា កម្ពុជា​ពិតជា​ចង់បាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក ដោយ​ឈរលើ​មូលដ្ឋាន​គោរព​គ្នា និង​ផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក និង​សម្លឹង​ទៅមុខ លើសពី​ផលប្រយោជន៍​ន​យោ​បាយ​តែមួយ​មុខ ខណៈ​ភាគី​សហរដ្ឋអាមេរិក​វា​យ​តម្លៃ​ខ្ពស់​លើ​ទំនាក់ទំនង​សហប្រតិបត្តិ​ការ​ទ្វេភាគី​ដ៏​យូរអង្វែង​ជាមួយ​កម្ពុជា​។

យោងតាម​ជំនួប​រវាង​លោក ​ហ៊ុន ម៉ា​ណែ​ត និង​គណៈ​​ប្រតិភូ​មន្ត្រី​ព្រឹទ្ធសភា​អាមេរិក​ដែល​ដឹកនាំ​ដោយ​លោក អា​ឡិច ខាន​ស៍ (Alex Carnes) ក្រឡាបញ្ជី​នៃ​ក្រុម​ភាគច្រើន​របស់​អនុគណ​:​ក​ម្មា​ធិ​ការ​ស្តីពី​ប្រតិបត្តិការ​របស់​រដ្ឋ និង​បរ​ទេស និង​កម្មវិធី​ពាក់ព័ន្ធ​នានា របស់​គណ​:​ក​ម្មា​ធិ​ការគ្រប់គ្រង និង​បែងចែក​ថវិកាជាតិ​រប​ស់​ព្រឹទ្ធសភា​អាមេរិក​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុម​អ្នកនាំពាក្យ​នៃ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី ​២៩ ខែសីហា ឆ្នាំ​ ២០២៣ បានឱ្យដឹងថា ជំនួប​ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិ​ភាព កាលពី​រសៀល​នៅ​ថ្ងៃទី​ ២៨ ខែសីហា ក៏មាន​វត្តមាន​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក W. Patrick Murphy ផងដែរ​។

​ប្រភព​ដដែល​ថា លោក​ អា​ឡិច ខាន​ស៍ បាន​សម្តែង​ការអបអរ​ចំពោះ​លោក​ហ៊ុន ម៉ា​ណែ​ត ដែល​លោក​យល់ថា អាចជា​ការបើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​ធ្វើឱ្យ​ប្រសើរឡើង​ថែមទៀត​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​សហរដ្ឋអាមេរិក ដែលជា​ចំណង​ការទូត​យូរអង្វែង​។​សហរដ្ឋអាមេរិក​បាន​ចូលរួម​ជួយ​កម្ពុជា​តាមរយៈ​កម្ម​វិធី​ជំនួយ​អភិវឌ្ឍ​សង្គម​,​ការលើក​កម្ពស់​ផ្នែក​សុខាភិបាល និង​ការអប់រំ​នៅ​កម្ពុជា ហើយ​លោក​បាន​វាយតម្លៃ​ខ្ពស់​លើ​ចំណង​កិច្ចសហប្រតិបត្តិការ​នេះ​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត លើកឡើងថា ដំណើរ​បំពេញ​ទស្សន​​កិច្ច​របស់​គណៈប្រតិភូ​មន្ត្រី​ព្រឹទ្ធ​សភា​អាមេរិក មកកាន់​កម្ពុជា​នេះ​ជាការ​ឆ្លុះបញ្ចាំង​ពី​កម្រិត​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​។ លោក​បាន​ប្រាប់​មន្ត្រីជាន់ខ្ពស់​នៃ​ព្រឹទ្ធ​សភា​អាមេរិក​ថា កម្ពុជា​តែង​បើកចំហ​ទ្វារ និង​ទទួល​ស្វាគមន៍ ជានិច្ច​រាល់​គំនិត​ផ្តួចផ្តើម និង​កិច្ចសហប្រតិបត្តិការ​នា​នា​សំដៅ​ជំរុញ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​សហរដ្ឋអាមេរិក​។​

​លោក ហ៊ុន ម៉ា​ណែ​ត សង្កត់ធ្ងន់ថា​៖ «​កម្ពុជា​ពិតជា​ចង់បាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋ​ អាមេរិក ដោយ​ឈរលើ​មូល​ដ្ឋា​ន​នៃ​ការគោរព​គ្នា និង​ការ​ផ្ដល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក ដោយ​សម្លឹង​ទៅមុខ​ឱ្យ​លើសពី​ផលប្រយោជន៍​នយោបាយ​តែមួយ​មុខ​»​។​

​លោកក៏បាន​បញ្ជាក់​បន្ថែមថា គណៈរដ្ឋមន្ត្រី​របស់​រា​ជ​រដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋ​សភា បាន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ធ្វើការ​ជាមួយ​សហរដ្ឋ​អាមេរិក​សំដៅ​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​ទំនាក់​ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង ​២ ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​វេទិកា​ពហុភាគី​។ លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​សហរដ្ឋអាមេរិក ដែល​កន្លងមកនេះ​បាន​ដើរតួនាទី​ចូលរួមចំណែក​ក្នុងការ​កសាង និង​អភិវឌ្ឍ​កម្ពុជា តាមរយៈ​ការជួយ​ដល់​ដំណើរ​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស​។

ការ​បណ្តុះបណ្តាល​ធនធាន​មនុ​ស្ស​, ការ​បោសសម្អាត​មីន និង​ការ​ផ្តល់នូវ​ទីផ្សារ​ដ៏​ទូលំ​ទូលាយ​សម្រាប់​ផលិតផល​វាយ​ន​ភណ្ឌ និង​កាត់ដេរ​របស់​កម្ពុជា តាមរយៈ​ប្រព័ន្ធ GSP, ការផ្ដល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ ១៩, ការផ្តល់​ជំនួយ​ថវិកា​សម្រាប់​វិស័យ​សុខាភិបាល និង​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ជាដើម​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​នេះ​ឱ្យដឹងថា ភាគី​ទាំង​ ២ ក៏បាន​ពិភាក្សាគ្នា​បន្ថែម​ពាក់ព័ន្ធ​ទៅនឹង​ការពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​, បញ្ហា​សិទ្ធិមនុស្ស​, សន្តិសុខ​, សុវត្ថិភាព និង​ការអភិវឌ្ឍ​សង្គម​​សេដ្ឋកិច្ច​។​

​យោងតាម​ការប្រកាស​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​នៅ​យប់​ថ្ងៃទី​ ២៨ ខែសីហា បានឱ្យដឹងថា នៅក្នុង​ជំនួប​នេះ ភាគី​កម្ពុជា​និង​សហរដ្ឋ​អា​មេ​​រិក បាន​ពិភាក្សាគ្នា​អំពី​ការជំរុញ​ទំនាក់ទំនង​ទ្វេភាគី និង​បញ្ហា​សន្តិសុខ​ក្នុង​ពិភពលោក​។​

​លោក​W. Patrick Murphy បាន​ជំរុញ​ឱ្យ​លោក​ ហ៊ុន ម៉ា​ណែ​ត បើក​ឡើងវិញ​នូវ​លម្ហ​ពលរដ្ឋ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា ធ្វើឱ្យមាន​វឌ្ឍនភាព​លើ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស ដើម្បី​ធានា​ឱ្យ​ប្រជាជន​កម្ពុជា​អាច​ចូលរួមបាន​ដោយ​សេរី​ក្នុង​ដំណើរការ​នយោបាយ​។ ជា​ពិសេស លោក​ក៏បាន​ស្នើឱ្យ​រដ្ឋាភិបាល​ក​ម្ពុ​ជា ដោះលែង​បុគ្គល និង​សកម្មជន​ន​យោ​បាយ រួមមាន​លោក កឹម សុខា និង​កញ្ញា សេង ធា​រី មេធាវី​សញ្ជាតិ​ខ្មែរ​អាមេរិក​ផងដែរ​។​

​លោក គិ​ន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ទាំង​ក្នុង​ទ្រឹស្តី និង​ការអនុវត្ត​ជាក់ស្តែង ដើម្បី​ពង្រឹង​ទំនាក់​ ទំនង​រវាង​រដ្ឋ​ ២​ បាន​លុះត្រា រដ្ឋ​ទាំង​ ២ ទាមទារ​ឱ្យមាន​ការ​គាំ​ទ្រ​ពី​ចរន្ត​ទ្វេ​ទិស ពោលគឺ​មិនអាច​មានតែ​ម្ខាងៗ​បានឡើយ គឺ​ទាំង​សហរដ្ឋអាមេរិក និង​កម្ពុជា តែង​ប្រកាន់​ជំហរ​ពង្រឹង​ទំនាក់ទំនង​ជាមួយគ្នា​។​

​លោក​ថា ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​សហរដ្ឋអាមេរិក នៅ​រវាង​មួយរយៈ​ចុងក្រោយ​នេះ មិនបាន​វិ​វត្ត​ទៅរក​ភាព​វិជ្ជមាន​ឡើយ ព្រោះ​សហរដ្ឋអាមេរិក​ហាក់​មិនមាន​សុច្ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​ពង្រឹង​ទំនាក់​ទំនងជា​មួយ​កម្ពុជា ហើយ​តែង​ធ្វើ​កិច្ច​ការ​នានា​ដែល​រដ្ឋាភិបាល​កម្ពុជា ចាត់ទុក​ជាការ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​។​

​លោក គិ​ន ភា បាន​ថ្លែងថា​៖ «​សហរដ្ឋអាមេរិក​ហាក់​ប្រកាន់​នូវ​ស្តង់ដា ​២ ដែល​ខ្លួន​និយាយ​ពី​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ​ហ្នឹង ប៉ុន្តែ​នៅក្នុង​ប្រទេស​មួយចំនួន​សហរដ្ឋ​អាមេរិក​មិនបាន​លើកឡើង​ឡើយ បែរជា​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិ​ការ​ទៅវិញ ទោះបី​ប្រទេស​ទាំងនោះ​គ្មាន​ការអនុវត្ត គ្មាន​គោល​ការណ៍​ប្រជាធិបតេយ្យ​»៕