ភ្នំពេញៈ លោ​ក ស សុខា ឧ​ប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានដាក់​ចេញ​គោល​ការណ៍​ណែនាំ​មួយចំនួន ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​មន្ត្រី​​នគរបាលជាតិ​បន្ថែមទៀត​។ ការ​​ប្រកាស​ដាក់ចេញ​គោល​ការ​ណ៍​ណែនាំ​នេះ​គឺធ្វើឡើង​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​​នគរបាលជាតិ កាលពី​រសៀល​ថ្ងៃទី ​២៨​ សីហា ឆ្នាំ​ ២០២៣​។​

​យោងតាម​ក្រសួងមហាផ្ទៃ ការ​ដាក់ចេញ​គោលការណ៍​នេះ គឺ​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ស្មារតី​ទទួលខុសត្រូវ ក្នុងការ​អនុវត្ត​តួនាទី​ភារកិច្ច​ក្នុង​ការរួម​ចំណែក​សម្រេច​ឱ្យបាន​ជោគជ័យ​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​ ១ នៃ​រាជរដ្ឋាភិបាលនីតិកាល​ទី​៧​ នេះ​។

លោក ស សុខា លើកឡើងថា ៖ «​គោលការណ៍​សំខាន់​ទាំងនេះ ដូចជាការបន្ត​ខិតខំ​រួមគ្នា​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ ការពារ​ឯករាជ្យ អធិប​តេ​យ្យ​ភាព​បូរណភាព​ទឹកដី ព្រម​ទាំង​ទប់ស្កាត់ និង​ប្រឆាំង​ដាច់​​ខាត​រាល់​សកម្មភាព​ប៉ុនប៉ង​ផ្តួល​​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ឬ​ការ​ញុះញង់​ណាមួយ ដើម្បី​បង្ក​អស្ថិរភាព​ក្នុងសង្គម​»​។​

​លោក​បន្តថា ត្រូវ​បង្កើន​ការថែរក្សា​ពង្រឹង​សន្តិសុខ​ជាតិ​ដោយ​ត្រូវ​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ និង​កម្លាំង​អនុ​​វត្ត​ច្បាប់​រវាង​ប្រទេស​នានា​ក្នុង​តំបន់ និង​ពិភពលោក​ដើម្បី​ផ្លាស់​ប្តូរ​ព័ត៌មាន សហការ​ទប់ស្កាត់​អំពើ​ភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​បទល្មើស​ឆ្លងដែន​នានា ពិសេស​ដោះស្រាយ​បញ្ហា​ព្រំដែន​គោក និង​ទឹក​ជាមួយ​ប្រទេសជិតខាង​ដែល​នៅ​សេសសល់​ដោយ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បន្តថា មន្ត្រី​នគរបាលជាតិ ក៏ត្រូវ​ពង្រឹង​ការងារ​នគរបាល និង​សហ​គម​ន៍​សំដៅ​ជំរុញ​អនុវត្ត​គោល​​នយោបាយ ​«​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​» ​បង្ការ និង​បង្ក្រាប​បទល្មើស​នានា​នៅតាម​សហ​គម​ន៍ និង​ណែនាំ​ដល់​កងកម្លាំង​នគរបាលជាតិ ដោយ​ត្រូវ​លើក​កម្ពស់​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ដើម្បី​សិក្សា​ពីបទ​ពិសោធន៍​ក្នុងការ​បង្ក្រាប និង​ការ​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​ឱ្យមាន​ប្រសិទ្ធភាព​។​

​លោក ស សុខា បាន​ថ្លែងថា​៖ «​មន្ត្រីនគរបាល​ត្រូវ​បន្ត​បង្កើន​វិធានការ​អប់រំ វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់ ដើម្បី​ពង្រឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ក្នុង​ទីក្រុង ទីប្រជុំជន​ដើម្បី​ដោះស្រាយ​ភាព​កកស្ទះ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​និង​ត្រូវ​បន្ត​ផ្តល់​ការអន្តរាគមន៍​សង្គ្រោះ និង​ដោះស្រាយ​បញ្ហា​អគ្គិភ័យ ព្រមទាំង​គ្រោះថ្នាក់​នានា​ក្នុងសង្គម ដើម្បី​រក្សា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​»​។​

​តាមរយៈ​កម្មវិធី​នេះដែរ លោក ស សុខា ក៏បាន​បន្ត​ណែនាំ​ដល់​មន្ត្រី​នគរបាលជាតិ ឱ្យ​បន្ត​ជំរុញ​ការកែទម្រង់​កម្លាំង​នគរបាលជាតិ ដោយ​យកចិត្តទុកដាក់​បណ្តុះបណ្តាល​កងកម្លាំង​នគរបាលជាតិ ឱ្យមាន​សមត្ថភាព​ជំនាញ វិជ្ជាជីវៈ​ច្បាស់លាស់ គោរព​ឱ្យបាន​ខ្ជាប់​ខ្ជួន​វិន័យ​កងកម្លាំង​ឱ្យបាន​ត្រឹម​​ត្រូវ និង​មាន​តម្លាភាព​ផងដែរ​។​

​ជុំវិញ​រឿងនេះ លោក អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​លីកាដូ​បាន​ថ្លែង​នៅ​ថ្ងៃទី​ ២៩ ខែសីហា​ថា ការប្រកាស​ដាក់ចេញ​គោលការណ៍​ណែនាំ​ទាំងនេះ គឺជា​រឿង​មួយ​ល្អ ពិសេស​ការយកចិត្តទុកដាក់​លើ​ការពង្រឹង និង​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​នានា ការពង្រឹង​ភូមិ ឃុំ មាន​សុវត្ថិ​ភាព គឺជា​រឿង​ដែល​ត្រូវតែ​ពង្រឹង​ឱ្យមាន​ប្រសិទ្ធភាព​បន្ថែម​។​

​យ៉ាងណាក្តី​បើទោះជា​កន្លងមក មានការ​យកចិត្តទុកដាក់​ពី​នគរ​បាល​ជាតិ​លើ​កិច្ចការ​ជាច្រើន ប៉ុន្តែ លោក ​អំ សំអាត ​យល់ថា​៖ «​ដើម្បី​ធ្វើឱ្យ​គោលការណ៍​ទាំងនេះ​មាន​ប្រសិទ្ធភាព​ទៅបាន គឺ​ចាំបាច់​ត្រូវតែមាន​កិច្ចសហការ​ជាមួយ​មន្ត្រី​នគរបាល​គ្រប់ផ្នែក​ឱ្យបាន​ល្អ​ត្រូវបង្កើត​ឱ្យមាន​វគ្គប​ណ្តុះ​បណ្តាល និង​ជំនាញ​ផ្សេងៗ​ដល់​មន្ត្រីនគរបាល​ឱ្យមាន​វិជ្ជាជីវៈ និង​លុបបំបាត់​អំពើពុករលួយ​»​។

​លោក​បន្តថា៖ «​បើ​អំពើពុករលួយ​នៅតែ​កើតមាន​ទៅលើ​បញ្ហា​បទល្មើស​គ្រឿង​ញៀន ការជួញដូរ​មនុស្ស និង​បញ្ហា​បទល្មើស​ផ្សេងៗ យើង​នឹង​មិនអាច​ធានា​សុវត្ថិភាព​ជូន​ពលរដ្ឋ​បានទេ​»៕