​ភ្នំពេញៈ គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ខ​.​ប​.​ជ​) ខេត្ត​កណ្តាល កាលពី​ថ្ងៃទី ​២៨ ខែសីហា បាន​បើក​វេទិកា​ផ្សព្វ​ផ្សាយ​ច្បាប់ ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ច្បាប់​ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ ជូន​ដល់​ប្រជា​ពលរដ្ឋ​នៅ ឃុំ​ដីឥដ្ឋ ស្រុក​កៀន​ស្វាយ ដើម្បី​បង្ការ​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស និង​អំពើហិង្សា​ក្នុង​គ្រួសារ​តាម​គ្រប់​រូបភាព​ទាំងអស់​។ យោងតាម​ការផ្សព្វផ្សាយ​របស់​រដ្ឋបាល​ខេត្តកណ្តាល ចេញផ្សាយ​នៅ​ថ្ងៃទី ​២៨ ខែសីហា ឆ្នាំ​២០២៣​។​

​លោកស្រី ឈឹម វណ្ណ​នី ស្នង​ការរង​នគរបាល​ខេត្តកណ្ដាល និង​ជា​អនុប្រធាន​លេខាធិការ​​ដ្ឋា​ន គ​.​ខ​.​ប​.​ជ បាន​បញ្ជាក់ថា គោលបំណង​នៃ​ការបើក​វេទិកា​នេះ​ឡើង ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បាន​យល់​កាន់តែច្បាស់​អំពី​អំពើ​ជួញដូរ​មនុស្ស និង​អាជីវ​កម្ម​ផ្លូវភេទ ច្បាប់​ស្តីពី​ការ​ទប់​ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ និង​កិច្ចការពារ​ជនរងគ្រោះ​។

​លោកស្រីថ្លែងថា អភិបាល​ខេត្តកណ្តាល បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​យកចិត្ត​ទុក​ដាក់​អនុវត្ត​ការងារ​រួមគ្នា បង្ការ​ទប់ស្កាត់ និង​ចាត់វិធានការ​តាមច្បាប់ ឱ្យបាន​ទាន់ពេល​វេលា​ចំពោះ​ជនល្មើស និង​មេខ្យល់​ដែល​បាន​ប្រើ​ប្រជា​ភិ​ថុ​ត​តាម​គ្រប់​រូបភាព​»​។

​លោក នី សុខា ប្រធាន​សមា​គម​ការពារ​សិទ្ធិមនុស្ស អាដ​ហុក ថ្លែង​នៅ​ថ្ងៃទី​ ២៩ ខែសីហា ថា ជារួម​រូបភាព​នៃ​ការរៀបចំ​ផ្សព្វផ្សាយ​ច្បាប់ ទាក់ទង​នឹង​អំពើ​ជួញដូរ​មនុស្ស​នេះ គឺ​វា​ជា​រឿង​ល្អ និង​ឱ្យ​កាន់តែ​ទូលំ​ទូលាយ​បន្តទៅទៀត ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​មូលដ្ឋាន​តំបន់​ព្រំដែន​មានការ​ខ្វះខាត​ព័ត៌មាន​ពួកគាត់​នឹង​ងាយ​ចាញ់បោក​មេខ្យល់ និង​ងាយ​ត្រូវបាន​ជនល្មើស​យកទៅ​ជួញដូរ​ផងដែរ​។​

​លោកថ្លែងថា ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​ច្បាប់​ការ​ជួញដូរ និង​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស គឺ​នៅមានកម្រិត​ទាប​ណាស់ ជាពិសេស​ប្រជាពលរដ្ឋ​នៅតាម​ជនបទ​ដាច់ស្រយាល ឬ​នៅ​ជិត​ព្រំដែន ស្ទើរតែ​មិនមាន​ការយល់ដឹង​អំពី​ច្បាប់​ទាំងនេះ​សោះ​៕