ភ្នំពេញៈ អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចាប់ផ្តើម​អនុវត្ត​វិធាន​តឹងរ៉ឺង​ដោយបាន​រុះរើ​តូប កាត់​សំ​យាប ស្លាក​យីហោ ចេញពី​ចំណី​ផ្លូវជាតិ​លេខ​ ៥ ប្រវែង​ ៥​​ ម៉ែត្រ ទាំងសងខាង​ផ្លូវ​ក្រុង និង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ បន្ទាប់ពី​ពលរដ្ឋ​មិនបាន​អនុ​វ​ត្តា​ម​ការណែនាំ​ជាច្រើន​ដង​មក​។​

​ការអនុវត្ត​រុះរើ និង​កាត់​សំ​យាប និង​ស្លាក​យីហោ​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី ​២៩ ខែសីហា ឆ្នាំ​ ២០២៣ ការចុះអនុវត្ត​រុះរើ​តូប កាត់​សំ​យាប កាត់​ស្លាក​យីហោ ដែល​ដឹកនាំ​ដោយ​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត​។

​លោក គាត ហ៊ុល បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​៣០ ខែសីហា ថា យុទ្ធនា​ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​នេះ គឺ​ខេត្ត​ធ្វើ​នៅ​ទូទាំង​គ្រប់​ផ្លូវ​នៃ​ក្រុង​ប៉ោយប៉ែត​នេះ​តែម្តង​ដោយ​ក្នុងនោះ មានការ​រុះរើ​សំណង់ អនាធិបតេយ្យ​ផ្សេងៗ​ដែល​សាងសង់​រំលោភ​ចូល​ចំណីផ្លូវ​សាធារណៈ ដោយ​ក្រុមការងារ​នឹង​ចុះ​រុះរើ​ចេញ​ដោយ​មិន​លើកលែង​នោះឡើយ​ដែល​ផែនការ​នេះ អនុវត្ត​ឱ្យ​ចប់សព្វគ្រប់​ក្នុង​រយៈពេល ១ ខែ​ទៅ ២ ខែ​ទៀត​។

​លោក​បាន​ប្រាប់ថា ៖ «​ការចុះ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​នេះ យើង​បានឱ្យ​ប្រជាពលរដ្ឋ អាជីវករ ម្ចាស់​សហគ្រាស​ចូលរួម ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ ផ្លូវ​ថ្មើរជើង របៀបរៀបរយ​ល្អ ទីក្រុង​មាន​សោ​ភណ​ស្រស់ស្អាត ការរស់នៅ​ដោយមាន​សណ្តាប់ធ្នាប់​ល្អ និង​ជា​មុខមាត់​ខេត្ត ក៏ដូចជា​ប្រទេស​យើង​ដែរ​»​។

​លោក គាត ហ៊ុន បាន​បន្ថែមថា ក្នុង​យុទ្ធនា​ការអនុវត្ត​រុះរើ​តូប កាត់​សំ​យ៉ាប កាត់​ស្លាក​យីហោ ពី​ចំណីផ្លូវ​នេះដែរ ប្រជាពលរដ្ឋ​ភាគច្រើន​បាន​ចូលរួម​យ៉ាង​សស្រោកសស្រាំ ប៉ុន្តែ​ក៏មាន​ប្រជាពលរដ្ឋ​មួយចំនួន មិន​សប្បាយចិត្ត​ដែរ តែ​យ៉ាងណា​ប្រជាពលរដ្ឋ​ភាគច្រើន ជាពិសេស​អ្នកលេង​បណ្តាញ​សង្គម បាន​សាទរ​ចំពោះ​វិធានការ​របស់​រដ្ឋបាល​ក្រុង​។

​លោក​បញ្ជាក់ថា​៖ «​និយាយ​រួម​ប្រជាពលរដ្ឋ​សប្បាយចិត្ត នៅពេលដែល​យើង​ធ្វើ​នេះ ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​តិចតួច​ណាស់​ដែល​មិន​សប្បាយចិត្ត​លើ​ការងារ​នេះ​។ យើង​ធ្វើ​គឺ​ដើម្បី​សោភណភាព និង​សណ្តាប់ធ្នាប់​សាធារណៈ រៀបរយ​ល្អ នៅក្នុង​ក្រុង​ប៉ុណ្ណោះ​»​។​

​បើ​តាម លោក គាត ហ៊ុល នៅពេល​ខាងមុខ បន្ទាប់ពី​អាជ្ញាធរ​រៀបចំ​សណ្តាប់ធ្នាប់ និង​កាត់សំ​យាប​ដែល​ធ្វើ​រំលោភ​ផ្លូវ​សាធារណៈ​នេះ​រួច តាម​ផែនការ​គឺ​រដ្ឋបាល​ក្រុង​នឹង​រៀបចំ​ឱ្យមាន​ផ្លូវ​ធ្វើដំណើរ​ថ្មើរជើង សម្រាប់​សាធារណជន​ប្រើប្រាស់ តែ​យ៉ាងណា​ផែនការ​នេះ អាស្រ័យ​លើ​ថវិកា​ដែលមាន​ប៉ុណ្ណោះ​។

​ជុំវិញ​បញ្ហា​នេះ លោក ស៊ុំ ចន្ទ​គា មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​អាដហុក​ប្រចាំខេត្ត​បន្ទាយមានជ័យ មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បានទេ នៅ​ថ្ងៃទី៣០ ខែសីហា ឆ្នាំ​២០២៣​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត កាលពី​ថ្ងៃទី​២៣ ខែសីហា បានឱ្យដឹងថា កាល​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២៣ រដ្ឋបាល​ក្រុង​ប៉ោយប៉ែត បាន​ជូនដំណឹងដល់​ម្ចាស់​ក្រុមហ៊ុន សហគ្រាស អាជីវករ ពាណិជ្ជករ និង​ប្រជាពលរដ្ឋ ដែល​បានរស់នៅ និង​ប្រកប​អាជីវកម្ម លើដី​ចំណីផ្លូវ​សាធារណៈ​ឱ្យ រុះរើ​ដោយ​ស្ម័គ្រចិត្ត ប៉ុន្តែ​ពួកគាត់​មិន​ចូលរួម​អនុវត្តតាម​ការជូនដំណឹង​របស់​រដ្ឋបាល​ក្រុង​ឡើយ​៕