
ព្រះសង្ឃ មន្ត្រី និងពុទ្ធបរិស័ទពេលចូលរួមដាំកូនឈើនៅខេត្ដប៉ៃលិន កាលពីថ្ងៃទី២៩ សីហា ។ រូបថត មន្ទីរបរិស្ថានខេត្ដ
ភ្នំពេញៈកូនឈើបេងចំនួន ៥០០ ដើម ត្រូវបានព្រះមេគណ និងមន្ទីរបរិស្ថាន ខេត្តប៉ៃលិន រួមប្រជាពលរដ្ឋដាំកាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣ ក្នុងបរិវេណដី ១ កន្លែង ឈ្មោះសង្ឃមណ្ឌលបរិស្ថាន ឬព្រៃសង្ឃវ័ន ស្ថិតនៅភូមិបហ៊ុយត្បូង សង្កាត់បយ៉ាខា ក្រុង-ខេត្តប៉ៃលិន។
ព្រះសោភ័ណរតនមុនី អ៊ា សុផន មេគណខេត្តប៉ៃលិនមានថេរដីកាប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី៣០ សីហាថា ព្រះអង្គបានដឹកនាំព្រះសង្ឃនិងពុទ្ធបរិស័ទមួយចំនួនព្រមទាំងអាជ្ញាធរដែនដីនិងមន្ត្រីនៃមន្ទីរបរិស្ថានខេត្តប៉ៃលិនដើម្បីដាំដើមឈើបេងចំនួន៥០០ដើមដែលការដាំនេះក៏ជាលើកទី៤ដែរនៅក្នុងសង្ឃមណ្ឌលបរិស្ថានឬព្រៃសង្ឃវ័ន ។
ព្រះអង្គមានថេរដីកាបន្តថា ការដាំកូនឈើលើកនេះក៏ដូចជារៀងរាល់ឆ្នាំដែរដោយមានការចូលរួមពីព្រះសង្ឃពុទ្ធបរិស័ទនិងមន្ត្រីអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តប៉ៃលិនផង។ក្រៅពីកូនឈើប្រភេទបេង៥០០ដើមព្រះអង្គក៏ដាំកូនដើមទុរេន១០ដើមថែមទៀត។ការដាំកូនឈើនេះនឹងក្លាយជាប្រយោជន៍របស់ប្រទេសជាតិនាថ្ងៃអនាគតហើយទីនោះក៏ជាតំបន់បែតង១របស់ខេត្តប៉ៃលិនផងដែរ។
ព្រះអង្គមានថេរដីកាបញ្ជាក់ថា៖«ការដាំដើមឈើនេះក៏ជាការបូជាដល់ព្រះធរណី បូជាដល់ទេវតានិងទុកជាប្រយោជន៍ដល់មនុស្សនិងសព្វសត្វនៅពេលក្រោយហើយការដាំនៅពេលនេះក៏សូមបួងសួងដល់ទេវតាទសបារមីវត្ថុស័ក្តិសិទ្ធិក្នុងសង្ឃមណ្ឌលបរិស្ថានសូមបង្អុរនូវព្រះពិរុណដើម្បីបានស្រោចស្រពដំណាំកសិកម្មផ្សេងៗក៏ដូចជារុក្ខជាតិព្រៃឈើនៅក្នុងសង្ឃមណ្ឌលបរិស្ថានផងនិងដើម្បីឱ្យដំណាំពុទ្ធបរិស័ទទាំងអស់បានទទួលនូវផលល្អប្រសើរផង»។
លោក សាក់ សាវរិទ្ធ ប្រធានមន្ទីរបរិស្ថាន ខេត្តប៉ៃលិនបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៣០ សីហាថា កូនឈើដែលព្រះមេគណខេត្តប៉ៃលិនដាំមានចំនួន៥០០ដើម រីឯផ្ទៃដីមានទំហំប៉ុន្មានយ៉ាងណានោះគឺលោកមិនអាចកំណត់បានទេ ដោយសារជាដីវាលខ្ពស់ទាបៗពោលគឺឱ្យតែឃើញដីវាលគឺព្រះអង្គដាំកូនឈើហើយ។
លោកបានបន្តថា ព្រះមេគណខេត្ត បានដឹកនាំសង្ឃនិងពុទ្ធបរិស័ទដាំ៣ទៅ៤លើកមកហើយនៅទីតាំងតំបន់ដដែលនោះ។ចំពោះមូលហេតុដាំច្រើនដងដោយសារកូនឈើដែលដាំមុនៗមានខ្លះងាប់ក៏ត្រូវដាំជួសឡើងវិញ។ម្យ៉ាងទៀតនៅរដូវប្រាំងកន្លងមកមានប្រជាពលរដ្ឋចូលរកឃ្មុំក្នុងព្រៃបង្កជាភ្លើងឆេះព្រៃផងនោះទើបធ្វើឱ្យកូនឈើខ្លះឆេះងាប់អស់។ លោកថ្លែងថា៖«ជាពិសេសនៅរដូវប្រាំងប្រជាពលរដ្ឋគាត់ទៅរកឃ្មុំ។បើកាលណាគាត់រកឃ្មុំគឺគាត់ដុតភ្លើងដើម្បីបង្ហុយផ្សែងដេញឃ្មុំ។ក្រោយគាត់យកឃ្មុំបានគាត់ក៏ចេញពីព្រៃដោយទុកភ្លើងចោលរហូតរាលដាលឆេះព្រៃ ដោយគាត់[អ្នកយកឃ្មុំ]មិនបានគិតពីហានិភ័យទេ»។
យ៉ាងណាក្ដី លោក សាវរិទ្ធ បានបង្ហាញការសប្បាយរីករាយនៅពេលដែលបានឃើញមានការចូលរួមយ៉ាងសស្រោកសស្រាំពីប្រជាពលរដ្ឋនិងពីព្រះសង្ឃក្នុងការដាំកូនឈើដើម្បីជួយដល់បរិស្ថាននាពេលនេះ។ជាមួយគ្នា
នេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាធនធានធម្មជាតិពិសេសការដាំដើមឈើមិនថានៅកន្លែងណាទេបើម្នាក់ៗដាំបានតែ១ដើមក៏ជាការប្រសើរដែរ៕