​ភ្នំពេញៈ ​លោក​ដួង តារា ជំនួយ​ការ​ផ្ទាល់​លោក ​ហ៊ុន សែន បានឱ្យដឹងថា លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី នឹង​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ច​របស់លោក​កាលពីមុន​វិញ​ក្នុងពេល​ឆាប់ៗ ​បន្ទាប់ពី​ក្រុមហ៊ុន Meta សម្រេច​មិន​ដាក់ពិន័យ​តាម​សំណើ​សមា​ជិ​ក​ក្រុម ប្រឹក្សាភិបាល​ត្រួតពិនិត្យ​នៃ​ក្រុមហ៊ុន Meta Platforms Inc ខណៈ​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យមាន​តំណាង​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កនៅ​កម្ពុជា​ឡើងវិញ​។​

​កាលពី​ថ្ងៃទី​ ២៩​ សីហា ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ (​ក​.​ប​.​ទ​) បានអនុញ្ញាត​ឱ្យមាន​តំណាង​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ឡើងវិញ ដោយ​អាច​បន្ត​បំពេញ​ការ​ងារ​នៅ​កម្ពុជា ក្រោយពី​ក្រុមហ៊ុន Meta Platforms Inc បាន​បដិសេធ​ការផ្តល់​អនុសាសន៍​រប​ស់​សមាជិក​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​នៃ​ក្រុមហ៊ុន​នេះ​ចំនួន​ ២២​ រូប ដែល​បាន​ស្នើឱ្យ​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ហ៊ុន សែន​។

​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍បាន​បញ្ជាក់ថា​៖ «​ក​.​ប​.​ទ សូម​ទទួលយក និង​អបអរសាទរ​ចំពោះ​ការវិនិច្ឆ័យ​ដ៏​ត្រឹមត្រូវ​របស់​ក្រុមហ៊ុន Meta Platforms Inc.​។ ការសម្រេច​នេះ​គឺ​បញ្ជាក់​អំពី​សុចរិត​ភាព នៃ​ការផ្សព្វផ្សាយ​មាតិកា​ព័ត៌មាន​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្ដេច​អគ្គមហា សេនាបតី​តេ​ជោ ហ៊ុន សែន​។ ក​.​ប​.​ទ សូម​ស្វាគមន៍​ចំពោះ​តំណាង​ក្រុមហ៊ុន Meta Platforms Inc. ដើម្បី​បន្ត​បំពេញការងារ​នៅ​កម្ពុជា​តទៅទៀត​»​។

​ប៉ុន្តែ​ទោះជា​ប្រកាស​បែបនេះ​ក្តី ក៏​ក្រសួង​ប្រៃសណីយ៍ បាន​បញ្ជាក់ថា កម្ពុជា​មិន​ស្វាគមន៍​ចំពោះ​បុគ្គល​ទាំង​ ២២ ​រូប ដែលជា​សមាជិក​ក្រុមប្រឹក្សា ភិបាល​ត្រួតពិនិត្យ​នៃ​ក្រុមហ៊ុន Meta Platforms Inc.​នោះទេ ដោយ​ចាត់ទុក​ពួកគេ​ថា បានផ្ដល់​អនុ​សាសន៍​ដ៏​អាក្រក់​មាន​ចរិត​ន​យោ​បាយ និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។

​ជាមួយនឹង​ការប្រកាស​នេះ​លោក ដួង តារា ជំនួយការ​ផ្ទាល់​របស់លោក​ហ៊ុន សែន និង​ជា​អ្នក​បន្ត​កាន់​ផេ​ចនេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​៣០ សីហា​ថា លោក​នឹង​ប្រគល់​គណនី​ផេ​ច​ឈ្មោះ Samdech Hun Sen of Cambodia ជូន​លោក ហ៊ុន សែន សម្រាប់​ប្រើប្រាស់​ជា​ផេ​ច​ផ្លូវការ​ឡើងវិញ នៅពេល​បញ្ហា​នានា​ជុំវិញ​ផេ​ចនេះ ត្រូវបាន​ពិនិត្យថា គ្មាន​បញ្ហា​បច្ចេក​ទេស​ទេ​។

​លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ពិតជា​រីករាយ​ដែល​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​មិន​ធ្វើតាម Meta Oversight Board ស្នើសុំ​ផ្អាក​ផេ​ច​សម្តេច​តេ​ជោ ហ៊ុន សែន ១ នេះ​។ នៅពេលដែល​ផេ​ចនេះ​មិនមាន​បញ្ហា​អ្វី​ទៀត​ទេ គឺ​ខ្ញុំ​នឹង​ប្រគល់​ផេ​ចនេះ​ជូន​សម្តេច​សម្រាប់​ប្រើ​ប្រាស់​ជា​ប្រយោជន៍​សម្រាប់​ប្រទេសជាតិ​ឡើងវិញ​។ ខ្ញុំ​យល់ថា ចំនួន​អ្នកប្រើប្រាស់​ជាង​ ១៤ លាន​នាក់ គឺ​សំខាន់​ខ្លាំងណាស់ ដើម្បី​សម្តេច​លោក​ប្រើប្រាស់​ធ្វើ​ទំនាក់ទំនង​ជាមួយ​បងប្អូន​ប្រជា​ពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅប្រទេស​»​។​

​ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​តំណាង​ក្រុមហ៊ុន Meta Platforms Inc ដើម្បី​ឆ្លើយតប និង​ជំហរ​ក្នុង​ការបើក​តំណាង​ក្រុម​ហ៊ុន​ហ្វេ​ស​ប៊ុ​ក​ឡើងវិញ​នៅ​កម្ពុជា​បានទេ​។ ប៉ុន្តែ​តាម​ការឆ្លើយតប​ជាមួយនឹង​ការសម្រេចចិត្ត​មិន​ដាក់ពិន័យ និង​ធ្វើតាម​សំណើ​របស់​ក្រុមប្រឹក្សាភិបាល​របស់ខ្លួន គឺ​ក្រុមហ៊ុន​បាន​បញ្ជាក់ថា​៖ «​យើង​បាន​លុប​ខ្លឹមសារ​ដែលជា​កម្មវត្ថុ​នៃ​ករណីនេះ​ចេញពី​បណ្តាញ​សង្គម ហើយ​វា​ស្របតាម​គោលការណ៍​របស់​យើង ដោយបាន​អនុវត្ត​ការផាកពិន័យ​កម្រិត​គ​ណ​នី​សមស្រប​ដែល​ទាក់ទង​នឹង​សកម្មភាព​នោះ​។ បច្ចុប្បន្ន​មិនមាន​មូលដ្ឋាន​ណាមួយ ដើម្បី​ព្យួរ​គណនី​របស់លោក ហ៊ុន សែន តាម​គោ​លន​យោ​បាយ​របស់​យើង​ទេ​»​។

​ទន្ទឹមនឹង​ការអះអាង​បែបនេះ ក្រុមហ៊ុន Meta ក៏​បង្ហាញ​ដែរ​ថា ដូចដែល​បាន​ពិភាក្សា​នៅក្នុង​ការឆ្លើយតប​ចំពោះ​អនុសាសន៍​ទី​១ ក្រុមហ៊ុន Meta បាន​កំណត់ថា ការព្យួរ​គណនី​របស់​លោក ​ហ៊ុន សែន គឺ​មិន​សមស្រប​តាម​បទ​ប្បញ្ញត្តិ​របស់​ក្រុមហ៊ុន​ស្តីពី​ការ​រឹតបន្តឹង​គណនី​របស់​បុគ្គល​សាធារណៈ​ក្នុងអំឡុងពេល​ចលាចល​។​

​ក្នុងការ​សម្រេចចិត្ត​នេះ ក្រុម​ហ៊ុនបាន​ពឹង​ផ្អែកលើ​បញ្ញត្តិ​គោលនយោបាយ​វិបត្តិ​របស់ខ្លួន ដើម្បី​វាយតម្លៃ​ក្នុង​ការបើក និង​បិទ​គណនី​ដែលមាន​ហានិភ័យ​នៃ​គ្រោះថ្នាក់​ដែល​នឹងមាន​កើតឡើង​ពី​គណនី​លោក ហ៊ុន សែន ប៉ុន្តែ​ហានិភ័យ​ទាំងនោះ គឺ​មិនមាន​កើតឡើង​នោះទេ​នៅ​កម្ពុជា​។

​លោក​ ដួង តារា បាន​លើកឡើងថា ការប្រើប្រាស់​គណនី​ផេ​ច​របស់លោក ហ៊ុន សែន វិញ នឹង​បន្ត​ឱ្យ​លោក​ ហ៊ុន សែន​ បាន​នៅក្បែរ​ពលរដ្ឋ ដែលជា​អ្នក​តាម​ដាន ឬ​មិត្ត​ក្នុង​បណ្តាញ​សង្គម​មួយ​នេះ ដើម្បី​ទទួល​ចែករំលែក និង​ទទួលបាន​ព័ត៌មាន​បាន​ឆាប់រហ័ស និង​ជិតស្និទ្ធ​។​

​លោក​ដួង តារា បញ្ជាក់ថា​៖«​ការទាត់ចោល​របស់​ហ្វេ​ស​ប៊ុ​ក​នៃ​សំណើ​នេះ គឺ​ដោយសារ​ហ្វេ​ស​ប៊ុ​ក យល់​ពី​តម្លៃ​ធំធេង​ផេ​ច​របស់​សម្តេច​ដែលជា​ផេ​ច​ ១ ផ្តល់នូវ​ទំនាក់ទំនង​រវាង​ពលរដ្ឋ​ទៅនឹង​ថ្នាក់ដឹកនាំ​ហើយ​ជា​ផេ​ច​ ១ ​ផ្តល់នូវ​សំណើ សំណូមពរ និង​សុខទុក្ខ​ដោយផ្ទាល់​។ ដូច្នេះហើយ​ហ្វេ​ស​ប៊ុ​ក បាន​មើលឃើញ​ពី​ចំណុច​ល្អៗ​នៃ​ការប្រើប្រាស់​បណ្តាញ​សង្គម​នេះ ទើប​មិន​ធ្វើតាម​ការស្នើសុំ Meta Oversight Board»​។​

​កាលពី​ខែកក្កដា ឆ្នាំ​ ២០២៣ រដ្ឋាភិបាល​កម្ពុជា បានប្រកាស​បណ្តេញ​តំណាង​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ចេញពី​កម្ពុជា និង​បញ្ឈប់​រាល់​សកម្មភាពរ​បស់​រដ្ឋាភិបាល​កម្ពុជា​ជាមួយ​ក្រុមហ៊ុន​នេះ ព្រម​ទាំង​បានសម្រេច​មិនឱ្យ​សមា​​ជិ​ក​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​នៃ​ក្រុមហ៊ុន Meta ចំនួន ២២ ​នាក់ ចូល​ប្រទេស​កម្ពុជា​ផងដែរ​។​

​វិធានការ​នេះ ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​ត្រួតពិនិត្យ​នៃ​ក្រុមហ៊ុន Meta Platforms Inc.​ទាំង​ ២២​ នាក់​នោះ បានស្នើ​ឱ្យ​ក្រុម​ហ៊ុន​ព្យួរ​គណនី​ផេ​ច​របស់លោក ហ៊ុន សែន រយៈពេល​ ៦ ​ខែ​៕