សៀមរាបៈ ក្នុង​រយៈពេល​ ៦ ​ខែ ដើមឆ្នាំ​នេះ មន្ទីរពេទ្យ​កុមារ​អង្គរ ប្រមូល​ជំនួយ​មូលនិធិ​សប្បុរសធម៌​បាន​ប្រមាណ​ ៤​ លាន​ដុល្លារ​ពី​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស​ខណៈ​មន្ទីរ​ពេទ្យ​ត្រូវការ​ថវិកា​ ១​ លាន​ ៥​ សែន​ដុល្លារ​បន្ថែមទៀត ដើម្បី​ដំណើរការ​បេសកកម្ម​ជួ​យ​សង្គ្រោះ​ជីវិត​កុមារ​រហូតដល់​ដំណាច់ឆ្នាំ​ ២០២៣​។​

​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប បាន​ដំណើរការ​ជិត ​២៥ ​ឆ្នាំ​មកហើយ ចាប់តាំងពី​ឆ្នាំ​ ១៩៩៩ ​មក ហើយ​ក្នុង​រយៈពេល​ជិត​ ២៥ ឆ្នាំ​មកនេះ មន្ទីរពេទ្យ​កុមារ​អង្គរ អាច​ប្រតិបត្តិ​ការ​ទៅបាន គឺ​ដោយសារតែ​ជំនួយ​ទាំងស្រុង​ពី​មូលនិធិ​ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក​។

​ជា​រៀងរាល់ឆ្នាំ មន្ទីរពេទ្យ​កុមារ​អង្គរ ត្រូវការ​ថវិកា​ប្រមាណ ៥,៥​ លាន​ដុល្លារ​អាមេរិក ដើម្បី​ដំណើរការ​មន្ទីរពេទ្យ​ទាំងមូល ហើយ​តាម​ការប៉ាន់ ប្រមាណ​មាន​ថវិកា​ប្រមាណ​ជា​ ២៥​ ភាគរយ ជា​ជំនួយ​មកពី​សប្បុរសជន​ក្នុងប្រទេស ក្នុងនោះ​ក៏មាន​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ និង ​៧៥ ​ភាគរយ​ទៀត ជា​ជំនួយ​សប្បុរសធម៌​មកពី​បរទេស​។ នេះ​បើតាម​លោកស្រី ស៊ិន​កេ​ត អរុណ ប្រធាន​កា​រិ​យា​ល័យ​រៃអង្គាស​មូលនិធិ​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៩ ​សីហា​។​

​លោកស្រី​ឱ្យដឹងទៀតថា ក្នុង​ឆ្នាំ​ ២០២៣​ នេះ មន្ទីរពេទ្យ​កុមារ​អង្គរ នៅតែ​ត្រូវការ​ថវិកា​ប្រមាណ​ជា​ ៥ ​លាន​ ៥ ​សែន​ដុល្លារ​ សម្រាប់​ដំណើរ​ប្រតិបត្តិការ​ដដែល ហើយ​ក្នុង​រយៈ​​ពេល​ ៦​ ខែ ដើមឆ្នាំ​នេះ មន្ទីរពេទ្យ​កុមារ​អង្គរ បាន​ប្រមូល​ជំនួយ​មូលនិធិ​សប្បុរសធម៌​បាន​ចំនួន​ ៤ ​លាន​ដុល្លារ​ពី​ក្នុង និង​ក្រៅប្រទេស​។ ដូច្នេះ​មន្ទីរពេទ្យ​កុមារ​អង្គរ នៅ​ត្រូវការ​ថវិកា​ប្រមាណ​ ១ ​លាន ៥​ សែន​ដុល្លារ​ទៀត សម្រាប់​ដំណើរការ​របស់​មន្ទីរ​ពេទ្យ​រហូតដល់​ដំណាច់​ឆ្នាំ​ ២០២៣​។

​លោកស្រី​បញ្ជាក់ថា​៖ «​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ពិតជា​ត្រូវការ​ជំនួយ​ពី​សប្បុរសជន​គ្រប់ទិសទី ដូចជា​បុគ្គល​ឯក​ជន​ក្រុមហ៊ុន និង​ស្ថាប័ន​នានា​ជាប្រចាំ ដើម្បី​បន្តដំណើរ​ប្រតិបត្តិការ និង​រក្សា​និរន្តរភាព​នៃ​សេវា​ពិនិត្យ ព្យាបាល និង​ថែទាំ​ជំងឺ​កុមារ​នានា ការបណ្តុះបណ្តាល​មន្ត្រី​សុខាភិបាល ការអប់រំ​សុខភាព ដើម្បី​បង្ការ និង​ការពារ​ជំងឺ​នៅក្នុង​សហគមន៍​។ ហេតុនេះ​មន្ទីរពេទ្យ​កុមារ​អង្គរ សូម​អំពាវនាវ​ដល់​ស​ប្បុរ​សជន​នានា​ឬ​ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម​ផ្សេងៗ​សូម​បន្ត​បរិច្ចាគ​ដោយផ្ទាល់ ឬ​តាមរយៈ​ការបង្កើត​កម្មវិធី​រៃអង្គាស​មូលនិធិ​ផ្សេងៗ ដើម្បី​ជួយ​បំពេញ​បង្គ្រប់​ថវិកា​ដែល​កំពុងតែ​ត្រូវការ​»​។​

​យោងតាម​តួលេខ​ពី​ការិយាល័យ​រៃអង្គាស​មូលនិធិ​ឱ្យដឹងថា នៅក្នុង​ឆ្នាំ​ ២០២២ ​មន្ទីរ​​ពេទ្យ​កុមារ​អង្គរ បានទទួល​ថវិកា​ពី​សប្បុរស​ជន​ចំនួន​ ៣៤ ​ភាគរយ​បានមកពី​មូលនិធិ​អន្តរ​ជាតិ និង​ស្ថាប័ន​អន្តរជាតិ​នានា និង​ ២៧ ​ភាគ​រយ​បានមកពី​សប្បុរសជន និង​ព្រឹត្តិការណ៍​រៃអង្គាស​នៅក្រៅ​ប្រទេស ខណៈ​ ២៦​ ភាគរយ​បានមកពី​ការ​រៃអង្គាស​ក្នុងប្រទេស ហើយ​ចំណែក​ដែល​នៅសល់ គឺ​បានមកពី​សកម្ម​ភាព​ផ្សេងៗ​ទៀត​របស់​មន្ទីរពេទ្យ​។

លោកស្រី ស៊ិន​កេ​ត អរុណ ថ្លែងថា មូលនិធិ​រៃអង្គាស​ពី​សប្បុរសជន​គឺមាន​ការឡើង​ចុះ ពី​ ១​ ខែ​ទៅ​ ១ ​ខែ​ហើយ​និយាយ​រួម គឺ​មិនអាច​កំណត់​បានទេ​។ ប៉ុន្តែ​លោកស្រី​បញ្ជាក់ថា បើ​គិត​ជា​មធ្យម មន្ទីរពេទ្យ​កុមារ​អង្គរ​ត្រូវការ​មូលនិធិ​ប្រមាណ​ ៤៥០ ០០០ ​ដុល្លារ​ជា​រៀងរាល់ខែ ដើម្បី​ដំណើរការ​លើ​ការពិនិត្យ ព្យាបាល និង​ថែទាំ និង​ប្រតិបត្តិការ​នានា របស់​មន្ទីរពេទ្យ​។​

​លោកស្រី​ថា​៖ «​ថវិកា​ដែល​ទទួលបាន​ក្នុងឆ្នាំនេះ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន យើង​ឃើញថា មាន​ភាពប្រសើរឡើង​ខ្លះ​។ ទោះជា​យ៉ាងនេះ​ក្តី មន្ទីរពេទ្យ សូម​លើកទឹកចិត្ត​សា​ធារ​ណ​ជន​ទាំងអស់​ឱ្យ​បន្ត​គាំទ្រ ដើម្បី​ជួយ​យើង​សម្រេចបាន​គោលដៅ​របស់​យើង​»​។​

​តាម​ទិន្នន័យ​របស់​មន្ទីរពេទ្យ​កាលពី​ឆ្នាំ​ ២០២២ ​ឱ្យដឹងថា ក្រុមគ្រូពេទ្យ​បាន​ពិនិត្យ​ព្យាបាល និង​ពិគ្រោះ​លើ​កុមារ​សរុប ​៩៧ ៩៧៨​ ករណី ក្នុងនោះ​ការពិនិត្យ​ព្យាបាល​ផ្នែក​ជំងឺ​ធ្ងន់​កុមារ​មាន ​១ ៤៤៧ ​ករណី និង​ករណី​វះកាត់​ ១២ ៣៣០ ​ករណី​៕