
សកម្មភាពស្វែងរកជនរងគ្រោះពីការលិចទូកដកាលពីឆ្នាំមុន។ រូបថត ប៉ូលិស
កណ្ដាលៈ ឧបទ្ទវហេតុលិចទូកដដែលបានកើតឡើងកាលពីខែតុលា ឆ្នាំ ២០២២ នៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ទំនងជាពុំទាន់អាចលុបបំបាត់ភាពអាឡោះអាល័យពីឪពុកម្តាយរបស់សិស្សសាលាចំនួន ១១ នាក់ ដែលបានស្លាប់នាពេលនោះឡើយ ខណៈបច្ចុប្បន្នអាជ្ញាធរស្រុកបានបង្កើតទូកដថ្មីមួយ និងមានបំពាក់អាវពោងសុវត្ថិភាពដល់អ្នកជិះ និងមិនតម្រូវឱ្យយកប្រាក់ពីអ្នកដំណើរ។
ភូមិកោះចំរើន គឺជាដីកោះមួយនៃស្រុកលើកដែក ខេត្តកណ្តាល។ នៅក្នុងភូមិនេះ បើទោះជាសោកនាដកម្មលិចទូកដដែលបណ្ដាលឱ្យស្លាប់សិស្សសាលារហូតដល់ទៅ ១១ នាក់បានកន្លងផុតជាង ១ ឆ្នាំហើយក្តី ក៏អ្នកភូមិនៅតែដក់ជាប់ក្នុងអារម្មណ៍ចំពោះគ្រោះថ្នាក់នោះនៅឡើយ។ ប៉ុន្តែពួកគេហាក់បានធូរស្បើយនៅក្នុងចិត្តឡើងវិញ បន្ទាប់ពីអាជ្ញាធរស្រុកបង្កើតទូកដថ្មីដែលមានបំពាក់អាវពោងសុវត្ថិភាពដល់អ្នកជិះម្នាក់ ១ និងមិនតម្រូវឱ្យ
យកលុយថ្លៃចម្លងពីអ្នកដំណើរ។
លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែកប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ដើម្បីជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការធ្វើដំណើរឆ្លងទូកដនៅតំបន់ភូមិកោះចំរើន គឺរដ្ឋបាលស្រុកលើកដែកបានបង្កើតទូកដថ្មី ១ នៅក្នុងឆ្នាំនេះ សម្រាប់ចម្លងប្រជាពលរដ្ឋក៏ដូចជា សិស្សសាលា ជាពិសេសនៅក្នុងរដូវវស្សានេះ។
ចំពោះទូកដថ្មីនេះ លោក ចាប ច័ន្ទវិទ្យា បានប្រាប់ថា អាជ្ញាធរបានបម្រុងជាស្រេចឱ្យអ្នកជិះទាំងអស់ត្រូវពាក់អាវពោងសុវត្ថិភាពម្នាក់ ១ ក្នុងពេលឆ្លងទៅមក។ទន្ទឹមនឹងនោះក៏មានប្រជាការពារ ២ នាក់ប្រចាំការនៅលើទូកដដើម្បីចាំជួយសម្រួលចរាចរណ៍និងធានាឱ្យបានសុវត្ថិភាពដល់អ្នកឆ្លងទូកដផងដែរ ហើយបើក្នុងករណីមានឧបទ្ទវហេតុណាមួយកើតឡើងគឺនឹងមានមធ្យោបាយគ្រប់គ្រាន់ដើម្បីជួយសង្គ្រោះបានទាន់ពេលវេលា។
លោកបានឱ្យដឹងថា ទូកដរបស់រដ្ឋបាលស្រុកលើកដែកនេះ អាចផ្ទុកមនុស្សបាន ៣០ នាក់ តែក៏មិនអាចអនុញ្ញាតឱ្យដាក់មនុស្សគ្រប់ទាំង ៣០ នាក់ដែរ ពោលគឺកំណត់ឱ្យដាក់តែ ២០ នាក់ប៉ុណ្ណោះ ពីព្រោះដោយសារមានម៉ូតូនៅលើហ្នឹងផងដែរ។ ចំពោះទីតាំងទូកដថ្មីនេះ នៅឃ្លាតឆ្ងាយពីទីតាំងទូកដចាស់[ទូកដឯកជន]ស្ថិតនៅក្នុងភូមិកោះចំរើនដូចគ្នា តែមានចម្ងាយប្រហែល ៥០០ ម៉ែត្រពីកំពង់ដចាស់។
លោកអភិបាលស្រុកបានបញ្ជាក់ថា៖ «ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរស្រុក ពីលោក គង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាលគឺក្រោយពីរដូវទឹកស្រកនឹងមានរៀបចំបើកការដ្ឋានសាងសង់ស្ពានថ្ម ១ ក្រោមវត្តមានលោកអភិបាលខេត្តកណ្តាលជាកញ្ចប់ថវិការបស់សម្តេចហ៊ុន សែន ផ្ទាល់តែម្តង»។
ទាក់ទងនឹងរឿងនេះដែរ លោក នៅ ទូច មេឃុំកំពង់ភ្នំ បានឱ្យដឹងបន្ថែមថា ករណីនេះ ក្រោយពីកើតមានឧបទ្ទវហេតុលិចទូកដស្លាប់សិស្សសាលាប្រុសស្រីចំនួន ១១ នាក់មកគឺខាងអាជ្ញាធរមូលដ្ឋានបានណែនាំឱ្យម្ចាស់ទូកដឯកជនត្រូវបង្កើនសុវត្ថិភាពជាងមុន។ អ្វីដែលពិសេសនោះគឺនៅពេលខាងមុខប្រជាពលរដ្ឋរស់នៅភូមិកោះចំរើនក៏ដូចជាសិស្សានុសិស្ស និងប្រជាពលរដ្ឋដែលរស់នៅក្បែរៗតំបន់នោះនឹងទទួលបានស្ពានថ្មថ្មី ១។
លោកបានប្រាប់ថា៖ «ឥឡូវមានកំពង់ដ ២ ដោយអាជ្ញាធរស្រុកលើកដែកគិតគូពីសោហ៊ុយសោដាមិនឱ្យយកលុយពីអ្នកឆ្លងទូកទេ។ ដោយសារជាទូកដរបស់រដ្ឋបាលស្រុកដូច្នេះសេវាឆ្លងទូកដគឺរដ្ឋបាលស្រុកជាអ្នកចេញមិនឱ្យបងប្អូនប្រជាពលរដ្ឋចំណាយទេ»។
គួររំឭកដែរថា កាលពីម៉ោងប្រមាណ ៧ យប់ ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ មានករណីលិចទូកដមួយស្ថិតនៅចំណុចកំពង់ចម្លងទូកដទទឹងស្ថិតក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក បណ្ដាលឱ្យសិស្សសាលាដែលមានអាយុចន្លោះពី ១២ ដល់ ១៤ ឆ្នាំចំនួន ១១ នាក់ (ស្រី ៣ នាក់) បានស្លាប់ ខណៈមនុស្សពេញវ័យ ២ នាក់ និងសិស្សសាលា ២ នាក់ត្រូវបានជួយសង្គ្រោះ។
បើតាមលោកមេឃុំ នៅ ទូច ករណីនេះ កើតឡើងពីការធ្វេសប្រហែសរបស់ម្ចាស់ទូកដ និងអ្នកបញ្ជាទូកដែលបានបើកជ្រុលទៅបុកច្រាំងទន្លេហើយក្បាលទូកជ្រមុជចូលក្នុងទឹកតែម្តង។បច្ចុប្បន្នទូកដនោះបានបន្តចម្លងមនុស្សជាធម្មតាឡើងវិញហើយ ហើយអាជ្ញាធរក៏បានណែនាំម្ចាស់ទូកដឱ្យបង្កើនការប្រុងប្រយ័ត្នជាងមុនដោយត្រូវគិតពីសុវត្ថិភាពរបស់អ្នកដំណើរជានិច្ច។
ពាក់ព័ន្ធនឹងបញ្ហាសិស្សសាលារងគ្រោះខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡាក៏បានចេញសេចក្តីណែនាំស្តីពីវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ក្នុងពេលធ្វើដំណើរទៅមកសាលារៀនផងដែរ។ សេចក្តីណែនាំចុះថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ របស់លោកហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានតាមរយៈលោក រស់ សុវាចា អ្នកនាំពាក្យរបស់ក្រសួងបានឱ្យដឹងថា ជារៀងរាល់ឆ្នាំ សិស្សានុសិស្ស និងបុគ្គលិកអប់រំមួយចំនួនតូចបានរងគ្រោះក្នុងអំឡុងពេលធ្វើដំណើរទៅសាលារៀន ឬមកបំពេញការងារទាំងតាមផ្លូវគោក និងផ្លូវទឹក ជាពិសេសនៅរដូវវស្សា និងអំឡុងពេលមានទឹកជំនន់។
សេចក្តីណែនាំនោះ បានលើកឡើងថា គ្រឹះស្ថានសិក្សាភាគច្រើននៅតាមដងទន្លេ ជុំវិញបឹងទន្លេសាប និងទីទំនាបផ្សេងទៀតតែងរងការជន់លិច និងខូចខាតបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធសម្ភារ និងឯកសារជាដើម។ ម្យ៉ាងទៀតបុគ្គលិកអប់រំ និងសិស្សានុសិស្ស តែងតែទទួលរងគ្រោះថ្នាក់ជាយថាហេតុ។
ជាមួយគ្នានេះ ក្រសួងបានតម្រូវឱ្យមន្ទីរអប់រំយុវជន និងកីឡារាជធានី (អ.យ.ក) ខេត្ត និងការិយាល័យ អ.យ.កនិងរដ្ឋបាលក្រុងស្រុក ខណ្ឌ តាមដានរាល់សេចក្តីជូនដំណឹងស្ដីពីការព្យាករអាកាសធាតុ និងជូនដំណឹងទៅគ្រប់សាលារៀនដើម្បីពិនិត្យមើលកម្រិតហានិភ័យ ដែលអាចកើតមាន ដូចជា ស្ថានភាពផ្លូវ,ខ្យល់ព្យុះ,ជំនន់ទឹកភ្លៀង ឬ ទឹកស្ទឹង បឹង ទន្លេ។ល។ ទន្ទឹមនឹងនោះ ត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសមធ្យោបាយដឹកជញ្ជូន (រួម) ដូចជា យានយន្ត ឬទូក កាណូត ដែលសិស្សានុសិស្ស និងបុគ្គលិកអប់រំប្រើប្រាស់រួមគ្នាហើយក្នុងករណីដែលមធ្យោបាយដឹកជញ្ជូនទាំងនោះអាចបង្កជាហានិភ័យណាមួយ ត្រូវណែនាំឱ្យកែលម្អ។
សេចក្តីណែនាំនោះបានបញ្ជាក់ថា៖ «អ្នកអាណាព្យាបាលណែនាំកូនចៅជាប់ជាប្រចាំឱ្យមានការប្រុងប្រយ័ត្ននិងជ្រើសរើសការប្រើប្រាស់មធ្យោបាយធ្វើដំណើរដែលមានសុវត្ថិភាព។ នៅតាមផ្លូវពីផ្ទះទៅមកសាលារៀនសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដូចជា ការផ្ដល់ព័ត៌មានអំពីម្ចាស់អាជីវកម្ម ឬមធ្យោបាយដឹកជញ្ជូនដែលប្រឈមនឹងហានិភ័យ ឬដែលមិនគោរពតាមលក្ខខណ្ឌ និងគោលការណ៍ច្បាប់បានកំណត់។ អ្នកអាណាព្យាបាលត្រូវដឹកជញ្ជូនកូនចៅទៅសាលារៀនដោយផ្ទាល់ក្នុងករណីចាំបាច់ដោយកុំបណ្ដោយឱ្យពួកគេធ្វើដំណើរដោយខ្លួនឯង»៕