​ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ដែល​ផុត​អាណត្តិ លោកស្រី​Carmen Moreno​បានស្នើ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើការ​ពិចារណា​ក្នុងការ​ពិនិត្យ​លទ្ធភាព​ឱ្យមាន​កិច្ច​សហការគ្នា ឬ​លម្ហ នៃ​ការចូលរួម​សកម្មភាព​ឡើងវិញ​របស់​សង្គម​ស៊ីវិល និង​សកម្មជន​សិទ្ធិមនុស្ស​ប្រកបដោយ​លក្ខណៈ​បរិ​យា​ប័ន្ន និង​គួរ​ជំរុញ​បញ្ចប់​សេចក្តីព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​។ នេះ​បើ​យោងតាម​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​។

​ការស្នើ​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ចុងក្រោយ រវាង​លោកស្រី​Carmen Moreno​ជាមួយនឹង​លោក​កែវ រ៉េមី ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេស​កក​ម្ម​ពិសេស និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា រួម​ជាមួយនឹង​មន្ត្រី​រដ្ឋាភិបាល​ជាច្រើនរូប​ផ្សេងទៀត​នា​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២៣​។

​ជាការ​ឆ្លើយតប​ទៅនឹង​សំណើ​នេះ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​បញ្ជាក់ថា​៖«​ឯកឧត្តម កែវ រ៉េមី បាន​សន្យា​ពាំនាំ​សំណូមពរ​ទាំង​២​ខាងលើ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​»​។ បន្ថែម​ពី​នោះ លោក​បាន​លើកឡើងថា ថ្នាក់ដឹកនាំ​បន្តវេន​របស់​កម្ពុជា គឺ​ប្រកបដោយ​សមត្ថភាព​ខ្ពស់ ឈ្លាសវៃ និង​គំនិត​អភិវឌ្ឍន៍​ថ្មីៗ​ជាច្រើន​។ គោលនយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧​នៃ​រដ្ឋសភា​មានការ​យកចិត្ត​ទុ​កដាក់​ខ្ពស់​លើ​ការងារ​អប់រំ និង​ផ្សព្វផ្សាយ​ក្នុង​ស្មារតី​ឱ្យ​អ្នកស្រាវជ្រាវ និង​យុវជន​ជំនាន់​ក្រោយ​ទទួលបាន​ព័ត៌មាន​ពេញលេញ​លើ​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ដើម្បី​រក្សា​ឱ្យបាន​នូវ​សុខសន្តិភាព ពង្រឹង​ដល់​ការចងចាំ និង​ការមិន​វិលត្រឡប់​ឡើងវិញ​នៃ​របប​ប៉ុលពត​នៅក្នុង​សង្គមជាតិ​។​

​លើសពីនោះ លោកស្រី​បានលើកឡើង​អំពី​សារៈសំខាន់​នៃ​ការងារ​អប់រំ និង​ផ្សព្វផ្សាយ​បណ្ណសារ​នៃ​សំណុំរឿង និង​ដំណើរការ​កាត់សេចក្ដីរ​បស់​សាលាក្ដី​ខ្មែរក្រហម​ឱ្យបាន​ទូលំទូលាយ និង​មាន​អត្ថន័យ​ដល់​សាធារណជន យុវជន​ជំនាន់​ក្រោយ ព្រមទាំង​នៅ​ថ្នាក់​តំបន់ និង​អន្តរជាតិ ព្រោះថា នេះ​ជា​សមិទ្ធផល​និង​កេរដំណែល​របស់​ជាតិ ហើយក៏​ជា​សមិទ្ធផល​រួម​របស់​មនុស្សជាតិ​ទាំងមូល​ផងដែរ​។​

​លោកស្រី ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ​របស់​សហភាព​អឺរ៉ុប​ក្នុង​រយៈពេល​៤​ឆ្នាំកន្លងមក ដែល​បានរួម​ចំណែក​ដល់​ដំណើរការ​កាត់សេចក្ដីរ​បស់ អ​.​វ​.​ត​.​ក​. ប្រកបដោយ​ជោគជ័យ និង​បន្ត​គាំទ្រ​ដល់​ការអនុវត្ត​មុខងារ​សេសសល់​របស់ អ​.​វ​.​ត​.​ក និង​លទ្ធផល​រំពឹងទុក​សម្រេចបាន​ក្នុង​រយៈពេល​៣​ឆ្នាំ​(២០២៣-២០២៥)​។

​លោក​កែវ រ៉េមី ដែលជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​ក្រុមការងារ​រាជរដ្ឋាភិបាល ទទួល​ដំណើរការ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​(​អ​.​វ​.​ត​.​ក​.)​ផង​នោះ បាន​ថ្លែងថា រដ្ឋបាល​សាលាក្ដី​ខ្មែរក្រហម​កំពុងតែ​មមាញឹក​ក្នុងការ​រៀបចំ និង​កសាង​បន្ទប់​តាម​ស្ដង់ដា​អន្តរជាតិ​សម្រាប់​គ្រប់គ្រង និង​រក្សា​បណ្ណសារ​សំណុំរឿង​ដែលមាន​ជិត​៤​លាន​ទំព័រ​។ ក្រៅពីនោះ​ក៏​កសាង​បណ្ណាល័យ និង​បន្ទប់​សវនាការ​ត្រាប់​( Library and Moot Court) សម្រាប់​បម្រើឱ្យ​ការងារ​ផ្សព្វផ្សាយ ស្រាវជ្រាវ និង​បណ្តុះបណ្តាល​ផងដែរ​។ នេះ​បើ​យោងតាម​ប្រភព​ដដែល​នេះ​៕