មន្ត្រី​ជំនាញ​ដែល​ធ្វើការ​ពាក់ព័ន្ធ​ការជួញដូរ​មនុស្ស បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចៀសវាង​ធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់ ឬ​ប្រថុយប្រថាន ដែល​អាច​ធ្លាក់ចូល​ក្នុងស្ថានភាព​នៃ​ការជួញដូរ​មនុស្ស និង​ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ខណៈ​ណែនាំ​ពលរដ្ឋ​ត្រូវ​តាមដាន​ព័ត៌មាន​ឱ្យបាន​ច្បាស់លាស់​មុន​ធ្វើការ​សម្រេច​ចំណាកស្រុក​ខុសច្បាប់​។

​លោកស្រី ឈឹម វណ្ណ​នី ស្នងការរង​នគរបាល​ខេត្តកណ្តាល និង​ជា​អនុប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ខ​.​ប​.​ជ​) បាន​អំពាវនាវ​បែបនេះ​នៅក្នុង​វេទិកា​ផ្សព្វផ្សាយ​ច្បាប់ ស្តីពី​ការបង្ក្រាប​អំពើ​ជូ​ញ​ដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ច្បាប់​ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ និង​កិច្ចការពារ​ជនរងគ្រោះ ជូន​ដល់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ជាង ៣០០​នាក់ រស់នៅ​ឃុំ​ប្រាសាទ ស្រុក​ស្អាង កាលពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ ២០២៣​។

​លោកស្រី​បាន​ថ្លែងថា គោលបំណង នៃ​ការបើក​វេទិកា​នេះ​ឡើង គឺ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បាន​យល់​កាន់តែច្បាស់​អំពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ​ច្បាប់​ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ និង​កិច្ចការពារ​ជនរងគ្រោះ និង​ផលប៉ះពាល់​នៃ​ការធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន តាម​ការឃោសនា​របស់​មេខ្យល់​អូសទាញ​និង​ដើម្បី​បង្ការ​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​តាម​គ្រប់​រូបភាព​។ នេះ​បើតាម​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​។

​ក្នុង​វេទិកា​នេះ លោកស្រី​បានធ្វើការ​ផ្សព្វផ្សាយ​ខ្លឹមសារ និង​មាត្រា​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការប្រព្រឹត្ត​របស់​ជនល្មើស ទោសទណ្ឌ​ដែល​ត្រូវ​ទទួល តាមច្បាប់​បានកំណត់ និង​ធាតុ​ផ្សំ​ដែល​នាំឱ្យមាន​កើត​បទល្មើស​។ ជាមួយគ្នានេះ​លោកស្រី​បាន​អំពាវនាវ​ថា​៖«​សូមអ្នក​ចូលរួម​ទាំង​អស់ ត្រូវខិតខំ​ត្រងត្រាប់​ស្តាប់ ដើម្បី​ផ្សព្វផ្សាយ​បន្ត​ទុកជា​មេរៀន បទពិសោធន៍ សម្រាប់​អប់រំ​កូនចៅ កុំឱ្យ​ធ្លាក់​ក្នុងការ​លួងលោម បោក​បញ្ឆោត ឬ​ជឿ​តាម​ការសន្យា​របស់​ជន​ខិលខូច​មួយចំនួន ដែលជា​ដើមហេតុ​ធ្វើឱ្យ​ងាយ​ធ្លាក់​ទៅក្នុង​ស្ថានភាព​នៃ​ការជួញដូរ​មនុស្ស និង​ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​»​។

​លោកស្រី ក៏បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​យល់​ពី​ផលប៉ះពាល់ ការធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​មេខ្យល់​តាម​គ្រប់​រូបភាព ត្រូវ​រាយការណ៍​បន្ទាន់​ទៅ​ក្រុមការងារ​ថ្នាក់ស្រុក ឃុំ ភូមិ ប៉ុស្តិ៍ ដែល​នៅ​ជិត ចំពោះ​ករណី​សង្ស័យ មាន​ជន​ណា​មក​ឃោសនា និង​ត្រូវ​ចូលរួម​សាមគ្គី​សហការគ្នា​ជួយ​គ្នា​ទៅវិញទៅមក​ដោយ​មិនមាន​ការរើសអើង​។

​យោងតាម​របាយការណ៍​ស្តីពី​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​អាជីវកម្ម​ផ្លូវភេទ និង​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២៣ មិន​ត្រឹមតែ​ប្រជាជន​កម្ពុជា​ទេ តែ​ប្រជាជន​ដទៃទៀត​ក្នុង​តំបន់​រហូតដល់​បណ្តា​ប្រទេស​ធំៗ​ក្នុង​ពិភពលោក ក៏​ធ្លាក់​ក្នុង​ភាព​រងគ្រោះ​ដោយ​កលល្បិច​ឧក្រិដ្ឋជន​។

​ក្នុង​របាយការណ៍​ដដែល​បញ្ជាក់ថា បញ្ហា​ជួញដូរ​មនុស្ស បាន​ក្លាយជា​វិបត្តិ​សកល ដែល​ស្ទើរតែ​គ្រប់​ប្រទេស​ក្នុង​សកលលោក​កំពុង​ប្រឈម ដោះស្រាយ និង​កាន់តែ​ស្មុគស្មាញ​ខ្លាំង​ឡើង​៕