ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​លោក អ៊ាង សុផល្លែត បានប្រកាស​ដាក់ចេញ​យុទ្ធនា​ការកាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​នៅតាម​សាលារៀន​ដោយ​ក្រសួង​បានស្នើ​ឱ្យ​សិ​ស្សា​នុ​សិស្ស​ទាំងអស់​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ទាំងអស់គ្នា​ដើម្បី​ភាពល្អ​បរិសុទ្ធ​បរិស្ថាន​។​

​យុទ្ធនាការ​នេះ ចាប់ផ្តើម​អនុវត្ត​ពីថ្ងៃ​ទី ​១ ខែកញ្ញា​តទៅ ដែល​ផ្តើមដំបូង​នៅតាម​សាលា​រៀន​ទាំង​ ៤៤​ក ន្លែង ដែលមាន​សិស្ស​សរុប​ជាង​ ១៨ ០០០​ នាក់ នៅ​ទូទាំង​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ​។

​លោក អ៊ាង សុផល្លែត បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កលោក​កាលពី​ថ្ងៃទី​ ២ ខែកញ្ញា ថា​៖«​សូម​បងប្អូន ក្មួយៗ​ទាំងអស់គ្នា​ចូលរួម​ដើម្បី​ភាពល្អ​បរិសុទ្ធ​បរិស្ថាន​យើង ហើយ​ខ្ញុំ​សូម​អនុវិទ្យាល័យ​ ហ៊ុន សែន ទួល​សុ​ភី ក្នុងស្រុក​អូររាំងឪ ដែល​បានប្រកាស​ប្តេជ្ញាចិត្ត​ចូលរួម ក្នុង​យុទ្ធនា​ការ​នេះ និង​បាន​សន្យា​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ជាដាច់ខាត​»​។​

​ជាមួយគ្នានេះ លោក​បានបង្ហាញ​នូវ​វីដេអូ​ខ្លី​ដែលមាន​សិស្សានុសិស្ស​ដែល​កំពុង​រៀន​នៅ​អនុវិទ្យាល័យ ហ៊ុន សែន​-ទួល​សុ​ភី បាន​ប្តេជ្ញាចិត្ត​តាម​​រយៈ​ឃ្លី​ប​វីដេអូ​ថា​៖«​យើងខ្ញុំ​ជា​សិស្ស​មិន​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ជាដាច់ខាត​»​។​

​លោក ហួ ឆៃ​ង​ន់ ស្ថាបនិក​ក្រុមយុវជន​ស្ម័គ្រចិត្ត​បរិស្ថាន​ក្រៀល​កម្ពុជា​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ​២០២៣ ​ថា ការដាក់ចេញ​យុទ្ធនាការ​កាត់បន្ថយ​ប្លា​ស្ទិ​ក​តាម​សាលា​រៀន​ពិតជា​ល្អ ខណៈ​លោក​ក៏​សង្ឃឹមថា តាមរយៈ​យុទ្ធសាស្ត្រ​នេះ​នឹង​ទទួលបាន​ផល​លឿន​។​

​លោក​ក៏បាន​បញ្ជាក់ដែរថា ដើម្បីឱ្យ​យុទ្ធនាការ​នេះ​កាន់តែ​ល្អប្រសើរ ស្ថាប័ន​ពាក់ព័ន្ធ​គួរ​បណ្តុះបណ្តាល​បន្ថែម ឬ​ផលិត​វីដេអូ​ពន្យល់ ឬ​ការអនុវត្ត​ជាក់​ស្តែង​ណាមួយ ដើម្បីឱ្យ​កូន​សិស្ស​បាន​យល់​ពី​ផលប៉ះពាល់​ជាក់ស្តែង​ពី​សំណល់​ប្លា​ស្ទិ​ក​។

​លោក​ ហួ ឆៃ​ង​ន់ ថា​៖«​បើសិន​ជា​កូនសិស្ស​គ្រាន់តែ​ទទួល​បានការ​ណែនាំ​កុំឱ្យ​ប្រើប្រាស់​ប្លា​ស្ទិ​ក គាត់​នឹង​ធ្វើតាម ប៉ុន្តែ​ហេតុផល​ដែលមាន​ន័យ​ជាង​នេះ​គួរតែ​ពន្យល់​ណែនាំ​ពី​ផល​អវិជ្ជមាន​នៃ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​តាមរយៈ​វីដេអូ ឬ​ធ្វើជា​មាតិកា​ផ្សេងៗ​។ ជារួម​សម្រាប់​ខ្ញុំ ខ្ញុំ​គាំ​​ទ្រ​ ១០០ ​ភាគរយ​លើ​គម្រោង​នេះ​ព្រោះ​ជា​រឿង​ល្អ​»​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​លោក ហុង វណ្ណៈ ថ្លែងថា សំណល់​ប្លា​ស្ទិ​ក និង​សំរាម​កំពុង​បង្ក​ផល​ប៉ះ​ពាល់​ដល់​សុខភាព​សាធារណៈ និង​មកពី​ប្រភពទឹក​នានា​។​

​លោក​បាន​ថ្លែងថា​៖ «​នេះ​គឺ​កិច្ចការ​សំខាន់​ណាស់ ដែល​ទាមទារ​ឱ្យមាន​កិច្ច​អន្តរាគមន៍​រួមគ្នា​ទាំង​កម្ពុជា និង​សហ​គម​ន៍​អន្តរជាតិ​មួយ​បន្ទាន់ ព្រោះថា បើសិនជា​សំណល់​ប្លា​ស្ទិ​ក និង​សំរាម​ដែល​បង្ក​គ្រោះ​ថ្នាក់​ទាំងនោះ ទុកដាក់​មិនបាន​ត្រឹមត្រូវ អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ប្រជាពលរដ្ឋ បរិស្ថាន ជីវចម្រុះ​នៅក្នុង​ទឹក សេដ្ឋកិច្ច​គ្រួសារ និង​ជាតិ​ថែម​ទៀត​»​។​

​បើតាម​ក្រសួងបរិស្ថាន ក្នុង​ ១​ ឆ្នាំ កម្ពុជា​បង្កើត​សំរាម​រហូតដល់​ជិត​ ៤ ​លាន​តោន ពោលគឺ​បង្កើត​សំរាម​ជាង​ ៣ ​ម៉ឺន​តោន​ក្នុង ​១ ​ថ្ងៃ​នៅ​ទូទាំងប្រទេស ក្នុងនោះ​តែ​រាជធានី​ភ្នំពេញ មាន​សំណល់​សំរាម​ជាង ៣ ៥០០ តោន​ ១ ​ថ្ងៃ​ដែល ២០% ជា​ប្លា​ស្ទិ​ក​។​

​ក្រសួង​បាន​បន្តថា សំរាម​​ម្ហូបអាហារ មាន​ចំនួន​ ៧,៤ ភាគរយ សំរាម​ប្លា​ស្ទិ​កមាន​ចំនួន ១៨ ​ភាគរយ​, ក្រដាស​មាន​ចំនួន ៦ ​ភាគរយ​, កៅស៊ូ​និង​ស្បែ​កជាង​ ២ ​ភាគរយ និង​សំណល់​ផ្សេងៗ​ទៀត​មាន​ចំនួន​ជិត​ ១៩​ ភាគរយ​។ គន្លឹះ​សំខាន់ៗ​ក្នុងការ​កាត់បន្ថយ សំណល់​ប្លា​ស្ទិ​ក ដែល​ត្រូវ​អនុ​វត្តមាន​ដូចជា កុំ​ផ្តល់ជូន​បំពង់​បឺត​ប្លា​ស្ទិ​ក​ដែល​ប្រើប្រាស់​តែម្តង ដោយ​ប្តូរ​មក​ប្រើ​បំពង់​បឺត​មិនមែនជា​ប្លា​ស្ទិ​ក​ជំនួស​វិញ​ដូចជា ក្រដាស ឈើ លោហ​:, បញ្ឈប់​ការផ្ដល់​ដប​ទឹក​ប្លា​ស្ទិ​ក ដែល​ប្រើប្រាស់​តែម្តង ហើយ​ដាក់​កន្លែង​សម្រាប់​ការ​ច្រក​ទឹក​និង​/​ឬ​ផ្ដល់​កែវ ឬ​ដប​ទឹក​ដែល​ប្រើប្រាស់​បាន​ច្រើនដង​។

​ផ្លាស់ប្តូរ​ពី​សម្ភារ​បន្ទប់ទឹក​ដែល​ប្រើប្រាស់​បានតែ​ម្ដង ទៅជា​ដប​សម្រាប់​ប្រើ​ឡើងវិញ​, ផ្តល់​សម្ភារ​បន្ទប់ទឹក នៅពេល​មានការ​ស្នើសុំ​ប៉ុណ្ណោះ​, បម្រើ​ភេសជ្ជៈ​ដោយ​នៅក្នុង​កែវ​ដែល​អាច​ប្រើប្រាស់ ឡើងវិញ​បាន​, ផ្តល់​គ្រឿងទេស នៅក្នុង​ក្រឡ ឬ​ចាន​ដែល​អាច​ប្រើប្រាស់​ឡើងវិញ​បាន ជាជាង​នៅក្នុង​កញ្ចប់​ប្រើប្រាស់​បានតែ​ម្តង​អាហារ​ខ្ចប់​ចេញ​ក្រៅ សូម​ផ្ដល់​សម្ភារ​វេច​ខ្ចប់ ដែល​ងាយ​រលាយ និង​ងាយ​ពុកផុយ​,​សម្រាប់​ភេសជ្ជ​: ខ្ចប់​ចេញ​ក្រៅ​ត្រូវ​គិតថ្លៃ​ពី​អតិថិ​ជន ចំពោះ​កញ្ចប់ ប្លា​ស្ទិ​ក ឬ​ផ្តល់​ការបញ្ចុះ​តម្លៃ​ចំពោះ​អតិថិជន ដែលមាន​កែវ ឬ​ដប ដែល​ប្រើ​​ប្រាស់​ឡើងវិញ​បាន និង​ប្រើប្រាស់​ធុងសំរាម​ដែលមាន​ដាក់​ស្លាក​សញ្ញា​ញែក​សំណល់​សម្រាប់​ការកែច្នៃ​ឡើងវិញ​៕