ភ្នំពេញៈលោក​ឧប​នាយក​រដ្ឋ​មន្ដ្រី ហង់​ជួន ណា​រ៉ុ​ន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ​ បាន​លើក​ឡើង​ថានៅពេល​ខាង​មុខ​កម្ពុជា​ នឹង​បង្កើត​កិច្ច​សហ​ប្រតិ​បត្តិការ​គ្នា​រវាង​សា​លារៀន​នៅ​ប្រទេស​ម៉ាលី​ជាមួយ​នឹង​សា​លា​ជំនាន់​ថ្មី ខណៈ​វិស័យ​អប់រំ​ឯក​ជន​នៅ​កម្ពុជា​ក៏បង្ហាញ​ការ​គាំទ្រ​ផងដែរ​។​

​លោក​ ហង់​ជួន ណា​រ៉ុ​ន បាន​លើក​ឡើង​ពី​គម្រោង​ក្នុងការ​បង្កើត​កិច្ច​ស​ហ​ប្រតិបត្តិ​ការ​ជា​មួយ​នឹង​ប្រទេស​ម៉ាលី​ លើ​ផ្នែក​អប់រំ​នេះ​ ក្នុង​ពេល​លោក​ជួប​សំណេះ​សំណាល​ជា​មួយ​នឹង​អតីត​ស្ថាប​និក​អង្គការ CDRI លោក​ស្រី ​EvaMy​sliwiec​ និង​នាយក​សាលា Samdech Hun Sen School Complex នៃ​ប្រទេស​ម៉ាលី​កាល​ពី​ថ្ងៃទី​២ ខែកញ្ញា ​កន្លង​មក​។​

​ជុំវិញ​រឿង​នេះ លោក ​គង់ សំនៀង ប្រធាន​សហ​ព័ន្ធ​សេវា​អប់រំ​កម្ពុជា​បាន​ថ្លែង​នៅ​ថ្ងៃទី​៤ ​ខែកញ្ញា​ថា ​ថ្វីដ្បិត​តែ​ប្រទេស​ម៉ាលី​មាន​កម្រិត​នៃ​ការ​អប់រំ​នៅ​ទាប​ជាង​កម្ពុជា​ដោយ​សារ​ប្រទេស​នេះ​ទើប​តែ​ងើប​ពី​សង្គ្រាម​និង​ត្រូវ​ការ​កិច្ច​សហការ​នានា​លើ​ការ​ពង្រឹង​ធនធាន​មនុស្ស​លើ​វិស័យ​អប់រំ​បន្ថែម​ក្ដី ប៉ុ​ន្តែ​លោក​គាំទ្រ​ឱ្យ​ក្រសួង​លើក​កម្ពស់​កិច្ចសហ​ការ​ជា​មួយ​ផង​ដែរ​។​

​លោក​បាន​បញ្ជាក់​ថា​៖«​តាមរយៈ​សាលា​ដែល​សម្តេច​បាន​ជួយ​ដល់​ប្រទេស​ម៉ាលី​កន្លង​មកគឺជា​ការ​ជួយ​ជា​ហេដ្ឋា​រចនា​សម្ព័ន្ធ​​រឹង មិន​ទាន់​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទន់​នៅ​ឡើយ​ទេ ហេតុនេះ​ក្រសួង​គាត់​កំពុង​ខំ​ឱ្យមាន​កិច្ច​សហការ​បន្ថែម​លើ​ជំនាញ​ទន់​»​។​

​លោក គង់ សំនៀង ​បាន​បន្ត​ថា ជំនាញ​ទន់​មាន​ដូច​ជា កម្មវិធី​សិក្សា កម្មវិធី​បណ្តុះ​បណ្តាល​គ្រូ វិធី​សាស្ត្រ​អប់រំ​ថ្មីៗ​ជា​ដើម​ ដោយលោក​លើកឡើង​ថា ​តាម​រយៈ​ការ​ជួយ​នេះគឺជា​ជម្រើស​ដ៏​ល្អ​មួយ​របស់​រដ្ឋាភិបា​ល​ក​ម្ពុ​ជាដែល​បង្ហាញ​ពី​ការចែ​ករំលែក​ពី​ការ​ធ្វើ​កំណែ​ទម្រង់​អប់រំ​ល្អៗ​ទៅ​កាន់​ប្រទេស​ដែល​កំពុង​ត្រូវ​ការ​ជំនួយ​។​

​បន្ថែម​ពីនេះ​ លោក​បាន​ថ្លែងថាការ​បង្កើត​កិច្ចស​ហប្រតិ​បត្តិការ​លើ​វិស័យ​អប់រំ​នេះក៏​នឹង​ជួយ​លើក​កម្ពស់​មុខ​មាត់​កម្ពុ​ជា​លើ​ផ្នែក​អន្តរជាតិ​ដោយ​លោក​ក៏បាន​ជំរុញ​ឱ្យ​កម្ពុជា​បង្កើន​កញ្ចប់​ជំនួយ​ណា​មួយ​ជួយ​ដល់​ប្រទេស​ទន់​ខ្សោយ​ថែម​ទៀត​ប្រើ​សិន​បើ​មាន​លទ្ធ​ភាព​​។​

​យោង​តាម​ការជូ​នដំ​ណឹ​ង​របស់​ក្រសួង​អប់រំ​ លោក ​ហង់​ជួន ណា​រ៉ុ​ន បានលើ​កឡើង​ថា ជំនួប​នាពេ​លនេះគឺ​ក្នុង​គោល​បំណង​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិការ​ជា​មួយ​នឹង​សាលា​នៅ​កម្ពុជា​បន្ថែម​ទៀត​។​

​លោក​រដ្ឋមន្ត្រី​បាន​អះអាង​ថា​៖«​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការងារ​នេះ ​ក្រសួង​អប់​រំ យុវជ​ន និង​កីឡា នឹង​បង្កើត​ឱ្យមាន​កិច្ច​សហ​ប្រតិ​បត្តិការ​រ​វាង​សាលា​រៀន​នៅ​ប្រទេស​ម៉ាលី ​ជា​មួយនឹង​សាលា​ជំនាន់​ថ្មី​ ព្រះ​ស៊ីសុវ​ត្ថិ ដើម្បី​លើក​កម្ពស់​ការ​បង្រៀន​ផ្នែក ​STEM »​។​

​ទោះ​ជា​មិន​បាន​បញ្ជាក់​លម្អិត​ពីកិច្ច​សហ​ប្រតិ​បត្តិការ​នេះ​ថានឹង​ចាប់​ផ្តើម​ពេល​ណា​ឱ្យ​ប្រាកដក៏ដោយ ប៉ុន្តែ​លោក​ហង់​ជួន ​ណា​រ៉ុ​ន លើក​ឡើង​ថា កិច្ច​សហ​ប្រតិ​​បត្តិការ​នេះនឹង​ផ្ដោត​សំខាន់​លើ​ការ​ចែក​រំលែក​បទ​ពិសោធន៍​របស់​កម្ពុជា​ក្នុង​ការ​ធ្វើកំ​ណែទ​ម្រង់​សាលា​រៀន​ ជា​ពិសេស​ការ​បង្រៀន​ខាង​ផ្នែក​វិធី​សាស្ត្រនៃ​ការប​ង្រៀន បច្ចេក​វិទ្យា ការប​ណ្ដុះប​ណ្ដា​ល​គ្រូ ​ការ​អនុវត្ត​វិធី​សាស្ត្រ​បង្រៀន​ថ្មី ការ​បណ្ដុះ​សិស្សនៅ​ក្នុង​ការ​លើកក​ម្ពស់​សមត្ថ​ភាព​សតវ​ត្ស​រ៍​ទី​២១​ដើម្បី​លើក​កម្ពស់​គុណ​ភាព​អប់រំ​ទ្វេ​ភាគី​ឱ្យ​កាន់​តែ​ប្រសើរ​។​

​សូម​រំឭក​ថា កាល​ពី​ឆ្នាំ​២០១៣ ​អតីត​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ លោក ហ៊ុន សែន​បាន​ផ្តល់ជំ​នួយ​ផ្នែក​ហិរញ្ញ​វត្ថុ​សម្រាប់​សាង​សង់​សាលា​១​កន្លែង ​នៅ​ទីក្រុង​បា​ម៉ា​កូ រដ្ឋ​ធានី​នៃ​ប្រទេស​ម៉ាលី ដែ​ល​សា​លា​នោះ​ត្រូវ​បាន​ឱ្យ​ឈ្មោះថា S​amde​ch Hun Sen School Complex​។​

​សូម​បញ្ជាក់ដែ​រថា​ មុខ​វិជ្ជា S​TEM គឺ​ផ្ដោត​លើ​ផ្នែក​ជំនាញ​វិទ្យា​សាស្ត្រ ​បច្ចេ​កវិទ្យា ​វិស្វករ និង​គណិត​វិទ្យា​។​

​ពាក់​ព័ន្ធ​នឹង​មុខ​វិជ្ជា​នេះលោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត ក៏បាន​លើក​ឡើ​ង​កាល​ពី​សប្តាហ៍​មុន​ផង​ដែរ​ពីការលើក​កម្ពស់​គុណ​ភាព​អប់រំ​ដោយ​ផ្តោត​លើ​​ការព​ង្រឹង​គុណ​ភា​ព​គ្រឹះ​ស្ថាន​សិក្សា​រដ្ឋចាប់ពី​ថ្នាក់​មត្តេ​យ្យ​សិក្សា​ដល់​មធ្យម​សិក្សា​។

​លោក​បាន​ថ្លែង​ថា ​រាជ​រដ្ឋាភិ​បាលនឹង​បន្តធ្វើ​កំណែទ​ម្រង់​លើ​គុណភា​ព​អប់រំលើ​មុខវិជ្ជា STEM បន្ថែម​ទៀត ​ដើម្បី​បណ្តុះ​បណ្តាល​ឱ្យ​សិស្សា​នុ​សិស្ស​មាន​ភាព​ក្លាហា​ន ចេះ​ស្រាវ​ជ្រាវ និង​ចេះ​ប្រើប្រាស់​បច្ចេ​កវិទ្យា​ឌីជីថល​ពិសេស​​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់​៕