ភ្នំពេញៈ ការ​ប្រកួតដណ្តើម​ខ្សែ​ក្រវាត់ ​៦​ ខ្សែ ក្នុងពេល​តែមួយ​នៃ​​ព្រឹត្តិការណ៍​ Krud Kun Khmer របស់​សង្វៀន​ប្រដាល់​ទទក បានបំបែក​កំណត់ត្រា ដោយមាន​អ្នក​តាមដាន​ការ​ប្រកួត​សរុប​ចូល ​៦​ លាននាក់​ ខណៈការ​ប្រកួត​ប្រជែងពិតជា​មាន​ភាព​ទាក់ទាញ​ និងជក់​ចិត្ត​ខ្លាំងដោយក្នុង​នោះ​ជើង​​ខ្លាំង ព្រំ សំណាង និង ឡុង បេនលឿន សុទ្ធតែ​​ការពារ​ខ្សែ​ក្រវាត់​​​បាន​សម្រេច ចំណែក​​ ធន់ រិទ្ធី និង លន បញ្ញា បាន​បង្កើត​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង ដោយ​បាន​ផ្តួល​កីឡាករបរទេសឱ្យ​សន្លប់​ដូចគ្នា ប៉ុន្តែ ឃីម បូរ៉ា បានចាញ់ ពេជ្រ សម្បត្តិ ក្នុង​ការ​ប្រកួតដាក់​ខ្សែ​ក្រវាត់។

ប្រធាន​ផ្គូផ្គងរបស់​សង្វៀន​ប្រដាល់ទទក លោក ម៉ុល នី បាន​ទទួល​ស្គាល់​ថា ការ​ផ្សាយ​ផ្ទាល់ សម្រាប់​ការ​ប្រកួត​ដ៏​ធំ​មិន​ធ្លាប់​មានកាលពី​យប់​ថ្ងៃទី​៣ ខែកញ្ញា​ កន្លង​មកនេះ ពិតជា​មាន​ភាពរអាក់រអួល​ផ្នែក​បច្ចេក​ទេស​បន្តិច​បន្តួចដែល​ធ្វើ​ឱ្យ​ចំនួនអ្នក​មើលពេល​​ផ្សាយ​ផ្ទាល់បាន​កើន​ឡើង​ត្រឹម​ជិត​៣០ម៉ឺន​នាក់ (ជិត​300K) ប៉ុន្តែ​សម្រាប់ចំនួន​អ្នក​ចូល​មើល​សរុប ក្រោយការ​ប្រកួត​បានបញ្ចប់ គឺ​មាន​រហូត​ដល់​៦លាននាក់។​

លោក ម៉ុល នី បាន​ប្រាប់​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែកញ្ញា​ថា៖​ «បន្ថែម​ទៅ​លើ​ការ​បំបែក​កំណត់ត្រាពិភព​លោក សម្រាប់​ការ​រៀបចំ​ឱ្យមានការ​ប្រកួតដណ្តើម​ខ្សែ​ក្រវាត់​​ចំនួន​​៦​ខ្សែ​ក្នុង​ពេល​​តែ​១នេះគឺ​ព្រឹត្តិការណ៍ Krud Kun Khmer របស់​យើងបាន​បំបែក​កំណត់ត្រា​ថ្មី​មួយទៀតដោយមាន​អ្នក​ចូល​មើល​សរុប​ក្រោយ​ការ​ប្រកួត​ចូល​៦លាន​នាក់ (6M) ហើយ​នេះជា​ចំនួន​ដ៏​ច្រើន ដែលសង្វៀន​នៅ​ស្រុក​ខ្មែរ​យើងមិន​ធ្លាប់​មានក្នុង​​ប្រវត្តិ​សាស្រ្តប្រដាល់»។

តាម​រយៈការ​ប្រកួត​ការពារ​ខ្សែ​ក្រវាត់ និងដណ្តើម​ខ្សែក្រវាត់ ចំនួន​៦​ខ្សែ ក្នុង​ព្រឹត្តិការណ៍ Krud Kun Khmer កាលពី​យប់​ថ្ងៃទី៣ ខែកញ្ញា កន្លងមកនេះ ម្ចាស់មេដាយមាស​ស៊ីហ្គេម ឃីម បូរ៉ា បាន​សារភាព​ថា រូប​គេ​ពិតជា​ចាញ់​ក្របី​ព្រៃ ពេជ្រ សម្បត្តិ សម្រាប់ការ​ប្រកួតដាក់​ខ្សែ​ក្រវាត់។

ឃីម បូរ៉ា បាន​និយាយ​តាម​រយៈវីដេអូ​ខ្លី​របស់​ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​៤ ខែកញ្ញា​​ថា៖ «ការ​​​ប្រកួត​​​កាលពី​យប់​មិញ ខ្ញុំ​ធ្វើ​អត់បាន​ល្អ​ទេ ដោយបាន​ចាញ់​កីឡាករ ពេជ្រ សម្បត្តិ គឺ​ចាញ់​ដោយអស់​ចិត្ត ហើយ​ខ្ញុំ​មិន​មានការ​តូច​ចិត្ត​អ្វី​ឡើយ ព្រោះ​កីឡា​តែង​មាន​ឈ្នះ មាន​ចាញ់​បែប​នេះ។ ខ្ញុំ​​នឹង​ខិតខំ​ពង្រឹង​សមត្ថ​ភាពឱ្យ​បាន​ល្អជាង​នេះ ហើយ​​បើ​សិន​មានឱកាស ខ្ញុំ​ចង់​ប្រកួត​ជាមួយ​​គាត់​​ម្តង​ទៀត»។

យ៉ាង​ណា​ក៏​ដោយ ​តាម​រយៈការ​ប្រកួត​៥ទឹក​ពេញ​នោះ ពេជ្រ សម្បត្តិ ក៏​​បាន​ទទួល​ស្គាល់​ដែរថា ឃីម បូរ៉ា ពិតជា​មានសមត្ថភាពខ្លាំង ហើយការ​ឈ្នះ​បាន​ខ្សែ​ក្រវាត់​២​ខ្សែ​​របស់​គេ គឺ​ដោយសារ​តែ បូរ៉ា ភ្លាត់ស្នៀតចូល​កណ្តាប់ដៃ​ស្តាំ​របស់​ខ្លួន នាំ​ឱ្យ​អាជ្ញាកណ្តាល​រាប់នៅ​ក្នុង​ទឹក​ទី​២​តែ​ប៉ុណ្ណោះ។ សម្បត្តិ បាន​និយាយ​​ថា៖ «​ប្រកួត​ជាមួយគាត់ពិតជាមាន​ភាព​តានតឹង​ខ្លាំង ហើយ​បើ​សិនជា​គាត់​មិន​ភ្លាត់​ស្នៀត ខ្ញុំ​អាច​នឹងចាញ់​គាត់»។ ​

យ៉ាងណា​មិញ សម្រាប់ការ​ប្រកួតដណ្តើម​ខ្សែ​ក្រវាត់​ទម្ងន់​៧១គីឡូក្រាម​រវាង ធន់ រិទ្ធី និង​ជើង​​​ខ្លាំង​​ថៃ Sammy Bengchamek ពិតជា​ទទួល​បានការ​គាំ​ទ្រ​ខ្លាំង​បំផុត។ បើទោះបីជា Sammy ធ្លាប់ទាត់ រិទ្ធី ឱ្យ​សន្លប់ត្រឹមទឹក​ទី​១ ប៉ុន្តែ​ចំពោះការ​វ៉ៃ​បែបរុំអំបោះឆៅ​លើក​នេះ ធន់ រិទ្ធី បាន​​ប្រើកណ្តាប់​ដៃ​វាយ​ឱ្យ Sammy សន្លប់​ធំ នៅ​ក្នុងទឹក​ទី​២ បន្ទាប់ពី​​លោក​អាជ្ញា​កណ្តាលរាប់​ចំនួន​២​លើក ហើយ​ទម្ងន់​ដៃ​របស់ រិទ្ធី បាន​ធ្វើ​ឱ្យ Sammy មានស្នាមពកស្ទើរពេញ​ផ្ទៃ​មុខ តែ រិទ្ធី ក៏មានស្នាម​របួសនៅ​លើ​ផ្ទៃ​មុខ​ដូចគ្នា។

ចំពោះ​ការ​វ៉ៃ Sammy ឱ្យ​សន្លប់ ដើម្បី​ឈ្នះ​បាន​ខ្សែ​ក្រវាត់នេះ ធន់ រិទ្ធី បាននិយាយ​ថា៖ «​នេះ​​ជា​ជ័យជម្នះ​ដ៏​មាន​ន័យ​ក្នុងឆាកជីវិត​ដែល​ខ្ញុំ​ដណ្តើម​​​បាន​ខ្សែ​ក្រវាត់​គុនខ្មែរជាលើក​ដំបូងតាម​រយៈការ​ប្រកួត​អំបោះឆៅ ​ ហើយ​នៅពេល​លោក​គ្រូ​បានមក​ឱប និង​លើក​​ខ្ញុំឡើងគឺ​ព្រលឹង​របស់​ខ្ញុំបាន​ហោះអណ្តែត​អស់​ហើយដែល​​អារម្មណ៍រំភើប​បែបនេះខ្ញុំ​ខាន​បានជួប​ចូល​១០​ឆ្នាំ​មកហើយ»។

កូនសិស្ស​របស់​លោក ធន់ សុភា រូបនេះ ​ក៏​បានតាំង​ចិត្ត​ពង្រឹង​សមត្ថភាព​ឱ្យ​បាន​​ខ្លាំងថែម​ទៀត ដើម្បី​ត្រៀម​​ប្រកួតការពារ​ខ្សែ​ក្រវាត់​គ្រុឌគុនខ្មែរ​នេះ បើសិនជា​មាន​អ្នក​ចង់​ឡើង​ដណ្តើម។ រិទ្ធី បញ្ជាក់​ថា៖ «ចំពោះ​​អ្នក​ចង់​ឡើងដណ្តើម​យក​ខ្សែ​ក្រវាត់​នេះ ខ្ញុំ​ស្វាគមន៍​ជានិច្ច​ តែ​សុំជាការ​ប្រកួត​​អំបោះ​ឆៅព្រោះ​​​​ខ្សែ​ក្រវាត់​នេះ ខ្ញុំ​ដណ្តើម​បាន​ដោយ​វ៉ៃ​អំបោះ​ឆៅយ៉ាង​វេទនាគឺ​មើល​តែ​មុខ​​​ខ្ញុំ​ទៅ​មានស្នាមបែក និង​ពកពេញ​អស់​ហើយ អ៊ីចឹង​អ្នក​ដែល​ចង់​ដណ្តើម​ខ្សែ​ក្រវាត់នេះត្រូវតែ​ឆ្លង​កាត់​ឧបសគ្គ និង​ការ​លំបាកដូចគ្នា»។

ស្រដៀង​គ្នា​នេះ កីឡាករ​ លន បញ្ញា ដែល​អ្នក​គាំទ្រ​បាន​ផ្តល់​ឈ្មោះ​ថ្មី​ថា គ្រូម៉ៅ​ចាប់​ខ្មោច បាន​បង្កើត​រឿងដែល​គ្រប់​គ្នាស្ទើរ​តែមិនចង់​ជឿ ដោយ​រូបគេបានប្រើ​បច្ចេក​ទេស​វាយ​យ៉ាង​ល្អ​បំផុត ក្នុង​ការ​ប្រកួត​ជាមួយ​ម្ចាស់​ខ្សែ​ក្រវាត់​១២​ស្ថាប័នមក​ពីអាហ្វ្រិកខាងត្បូង Ncedo Gomba។ ​ការ​ប្រកួតនេះ Gomba បានព្យាយាម​វាយ​សម្រុក ក្នុងបំណង​ផ្តួល លន បញ្ញា ឱ្យ​សន្លប់​ត្រឹមទឹក​ទី​១ ឬទឹក​ទី​២ ប៉ុន្តែ​ បញ្ញា បានវាយបកសង​ និង​រំដោះ​ខ្លួន​​យ៉ាង​ល្អ ហើយ​នៅទឹក​ទី​៣ បញ្ញា បាន​ទាត់​ស្តាំ​ចូល​ឆ្អឹង​ជំនី​រ បណ្តាល​ឱ្យ Gomba ដួល​ចុក​រមួល មិនអាច​បន្ត​ការ​ប្រកួត​ទៀត​បាន។

ចំណែក ព្រំ សំណាង ដែល​​ប្រកួត​ការពារខ្សែ​ក្រវាត់​​គ្រុឌ​ទម្ងន់​៧៥​គីឡូក្រាមនោះ ​​​បាន​យក​ឈ្នះ​កីឡាករ​​ថៃ Dabmorn Phumpanmoung ដោយ​ពិន្ទុ។ រីឯ ឡុង បេនលឿន ក៏​ការពារខ្សែ​ក្រវាត់ ទម្ងន់​៦៣,៥គីឡូក្រាម​របស់​ខ្លួន​ពីការ​ឡើងដណ្តើម​របស់ ម៉ឺន មេឃា បាន​សម្រេច ដោយ បេនលឿន បាន​ឈ្នះ​ដោយពិន្ទុ ហើយ​ការ​វាយកែង​របស់​គេ ក៏​ធ្វើ​ឱ្យ មេឃា ស្រុត​ក្តោង​ច្រមុះ​​ផងដែរ។

ដោយឡែក សម្រាប់ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិចំនួន​​​៤គូ​ទៀត​កាលពីយប់​ថ្ងៃទី​៣ ខែកញ្ញា​ នោះ​​ដែរ ​ម្ចាស់មេដាយមាស ឃីម ឌីម៉ា ​បានវាយ​កែងបណ្តាល​ឱ្យ​កីឡាករ​ឡាវ ភេត ចំប៉ា បែក​យ៉ាង​ធំ និងត្រូវ​បានគ្រូ​ពេទ្យ​បញ្ឈប់ត្រឹមទឹក​ទី​២ រីឯ មឿន សុខហ៊ុច ​បាន​វាយកែង​​ផ្តួល​​​ថៃ Rodpuang ឱ្យ​សន្លប់ក្នុងទឹកទី​៣ ហើយ អេអាំរីន ភូថង ​បាន​វាយកែង និង​បុក​ជង្គង់ឱ្យ​កីឡាករ​ជប៉ុន Motoki សន្លប់​ធំ​ត្រឹមទឹក​ទី​១ ប៉ុន្តែ អ៊ុង វីរៈ ​បាន​ចាញ់​កីឡាករ​​អុីរ៉ង់ Arvin Mehboudi ដោយពិន្ទុ។

​និយាយ​ផ្តោតទៅលើ​ការ​ប្រកួត​ទាំង​៩​គូ​នេះ លោក ម៉ុល នី បានបញ្ជាក់​ថា៖ «​ការ​ប្រកួត​នេះ ​ពិតជា​មាន​ភាព​ស្វិតស្វាញ​ខ្លាំងដោយសារ​កីឡាករ​ម្នាក់ៗបានប្រឹង​ប្រែង​អស់ពី​លទ្ធភាពក្នុង​​​ការ​​​ស្វែង​រកជ័យជម្នះ ហើយ​តាម​រយៈភាពជោគ​ជ័យ​ទាំង​អស់នេះបាន​ធ្វើ​ឱ្យ​ម្ចាស់​ឧបត្ថម្ភ​របស់​យើង​សប្បាយ​ចិត្ត អ៊ីចឹង​ពិត​ណាស់ខាងគ្រុឌ និង​​ទូរទស្សន៍​ជាតិទទក នឹង​រៀបចំ​ឱ្យមាន​ព្រឹត្តិការណ៍ធំ​បែបនេះ ជាបន្ត​ទៀត»៕