ភ្នំពេញៈ ​លោក ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​៤ ខែ​ក​ញ្ញា ឆ្នាំ​២០២៣ ដោយបាន​ណែនាំ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ធ្វើការ​ពិនិត្យឡើងវិញ​នូវ​តម្លៃ​នៃ​ការធ្វើ​លិខិតឆ្លងដែន​ដោយ​ពិនិត្យ​តម្លៃ​នៃ​ប្រទេស​ខ្លះ​ក្នុង​អាស៊ាន​។​

​លោក សុខា ថ្លែងថា​៖ «​សូម​បន្ត​ពិនិត្យឡើងវិញ នូវ​តម្លៃ​នៃ​ការធ្វើ​លិខិតឆ្លងដែន ជាពិសេស​ពិនិត្យ​ទៅលើ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​របស់​យើង ដូចជា ភូមា វៀតណាម ដែលមាន​តម្លៃ​មួយ​ទាប ប្រទេស​ថៃ និង​សិង្ហ​បុរី​ជាដើម ដែលមាន​តម្លៃលើស​មធ្យ​ម​តិចតួច ប៉ុន្ដែ​កម្ពុជា​យើង​តម្លៃ​ហាក់​ខ្ពស់ សូមឱ្យ​អង្គភាព​ពាក់ព័ន្ធ​មេត្តា​ពិនិត្យ ពិចារណា​។ ការងារ​នេះ​យើង​ដឹង​ទាំងអស់គ្នា​ថា មិន​ក្រោម​១០០​ដុល្លារ​ទេ ដោយ​មិន​បូក​បញ្ចូល​សេវា​លឿន​នោះទេ​។ ជារួម សូមឱ្យ​ពិនិត្យ​លើ​បញ្ហា​នេះ ហើយ​សូមឱ្យ​លើក​ជា​យោបល់​ក្នុងការ​សម្រេច​ដោយ​ធ្វើ​យ៉ាងម៉េច​ផ្តល់​ភាពកក់ក្តៅ​ជូន​ប្រជាពលរដ្ឋ កុំឱ្យ​វិវឌ្ឍ​ពី​១​អាណត្តិ​ទៅ​១​អាណត្តិ លិខិតឆ្លងដែន​មានការ​ឡើងថ្លៃ​រហូត​នោះ​»​។​

​នៅ​កម្ពុជា​តម្លៃ​ធ្វើលិខិត​ឆ្លងដែន​១​ច្បាប់​ថ្លៃ​១១៥​ដុល្លារ រួចរាល់​ក្នុង​រយៈពេល​១​ខែ ប៉ុន្តែ​ក៏មាន​តម្លៃ​ផ្សេងទៀត ទៅតាម​ប្រភេទ​សេវាកម្ម​លឿន ទៅតាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ផងដែរ​។ លិខិតឆ្លងដែន​មាន​សុពលភាព​១០​ឆ្នាំ​។​

​លោក ប៉ា ច័ន្ទ​រឿន នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ថ្លែងថា ការបញ្ចុះ​តម្លៃ​ធ្វើលិខិត​ឆ្លងដែន នឹង​អាច​កាត់បន្ថយ​ចំណាយ​របស់​ប្រជាពលរដ្ឋ ហើយ​ជួយ​ដល់​ប្រជាពលរដ្ឋ​អាចមាន​លទ្ធភាព​ក្នុងការ​ធ្វើឯកសារ​ផ្លូវច្បាប់​សម្រាប់ធ្វើ​ដំណើរ​ចេញ​ក្រៅប្រទេស​។​

លោក​ថ្លែងថា​៖«​ខ្ញុំ​ជឿថា ការ​បញ្ចុះតម្លៃ​លិខិតឆ្លងដែន​នេះ មិនបាច់​ឱ្យ​ថោក​ជាង​ប្រទេសជិតខាង​ទេ ឱ្យតែ​មានតម្លៃ​ប្រហាក់ប្រហែល​ប្រទេស​ថៃ ឬ​វៀតណាម​ក៏បាន​ដែរ​»​។

​លោក​ថ្លែង ដោយ​គាំទ្រ​ឱ្យមាន​ការពង្រីក​ការិយាល័យ​ធ្វើលិខិត​ឆ្លងដែន​នៅតាម​ទីតាំង​មួយចំនួន ដើម្បី​បង្ក​ភាពងាយស្រួល​ជូន​ប្រជាពលរដ្ឋ​ក្នុងការ​កាត់បន្ថយ​ការធ្វើដំណើរ​ជាពិសេស​នៅតាម​បណ្តា​ខេត្ត​។​

​លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ការធ្វើ​លិខិតឆ្លងដែន​នៅ​កម្ពុជា បើ​ធៀប​ជាមួយ​បណ្តា​ប្រទេស​នៅ​ជិតខាង គឺមាន​តម្លៃ​ខ្ពស់​ដែល​ការងារ​នេះ គួរតែ​ត្រូវបាន​ពិនិត្យមើល​កែសម្រួល​តាំងពី​យូរ​មកហើយ​។​

លោក​ថ្លែងថា​៖«​ប្រជាពលរដ្ឋ​យើង​មាន​លិខិតឆ្លងដែន​១ វា​ជា​អ​ធិប​តេ​យ្យ​របស់​ពលរដ្ឋ​នីមួយៗ នៅក្នុង​រដ្ឋ ហើយ​មួយទៀត គាត់​អាច​ប្រើប្រាស់​លិខិតឆ្លងដែន​នេះ ធ្វើដំណើរ​ទៅ​ក្រៅ​ប្រ​ទេ​ដោយ​ស្របច្បាប់​ដែរ​។ ដូច​កន្លងមកនេះ ពលរដ្ឋ​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ព្រោះ​អត់​លិខិតឆ្លងដែន តែបើ​បញ្ចុះតម្លៃ គាត់​នឹងធ្វើ ហើយ​ទៅ​ថៃ​នឹង​ស្របច្បាប់​»​។

​លោក​ថ្លែងថា​៖ «​ជាគោលការណ៍​ខ្ញុំ​គាំទ្រ ឱ្យ​ពិនិត្យមើល ឱ្យ​ចុះ​តម្លៃ​ធូរ​ថ្លៃ​មែនទែន ធៀប​នឹង​កម្រិតជីវភាព សេដ្ឋកិច្ច​របស់​កម្ពុជា​យើង​តែម្តង យើង​មិនចាំបាច់ ធៀប​នឹង​ប្រទេស​វៀតណាម ឬ​ប្រទេស​ថៃ​ទេ គឺ​យើង​ធៀប​នឹង​ជីវភាព​របស់​ប្រជាពលរដ្ឋ​យើង អាច​ថា​ទាប​ជាង​ប្រទេស​គេ​ទៀត ព្រោះ​ជីវភាព​យើង​នៅ​ទាប​ជាងគេ ហើយ​បើ​ធ្វើបាន វា​ជាការ​សាទរ​របស់​ប្រជាពលរដ្ឋ​ហើយ​»៕