ភ្នំពេញៈ ​លោក​ឧបនាយក​រដ្ឋ​មន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ណែនាំ​ដល់​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អត្ត​សញ្ញា​ណ​កម្ម​ថ្មី​ដែល​ទើប​បានទទួល​ភារកិច្ច​ត្រូវ​ជំរុញ​ការផ្តល់សេវា​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជា​ពលរដ្ឋ​ឱ្យបាន​ឆាប់រហ័ស និង​ពិនិត្យ​លទ្ធភាព​ពង្រឹង​សេវា​ផ្តល់​លិខិតឆ្លងដែន​ដល់​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ឱ្យបាន​លឿន​។

​តាម​ឃ្លី​ប​វីដេអូ​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្រសួងមហាផ្ទៃ​នា​ថ្ងៃទី ​២ ខែកញ្ញា ឆ្នាំ​ ២០២៣ លោក ស សុខា បាន​ជំរុញ​ដល់​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អត្ត​សញ្ញា​ណ​កម្ម​ថ្មី​ដែល​ទើប​បានទទួល​ភារកិច្ច ត្រូវធ្វើ​ការសិក្សា​តាម​បណ្តា​ច្រកចេញចូល​តែ​ ១ សំដៅ​ជំរុញ​ការផ្តល់សេវា​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ ជូន​ប្រជា​ពល​រដ្ឋ​ឱ្យបាន​ឆាប់រហ័ស​ជាពិសេស ពិនិត្យ​លទ្ធភាព​ធ្វើ​អ្វី​បន្ថែមទៀត​លើសពី​អ្វីដែល​កំពុង​ធ្វើ​ដើម្បី​ពង្រឹងគុណភាព​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​។

​លោក​ឧបនាយករដ្ឋមន្ត្រី​ថ្លែងថា​៖ «​តើ​យើង​អាចធ្វើ​អី​លើសពី​ហ្នឹង​បន្ថែម ដើម្បី​ពង្រឹង​គុណ​ភាព​ផ្តល់​សេវាកម្ម​ ១​ ដែលមាន​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ​។ ក្នុង​នីតិកាល​ទី​៧ ​នេះ ខ្ញុំ​ចង់​ដាក់​គោលការណ៍​ ១​ គឺ​ផ្តល់​ភាព​កក់​​ក្តៅ​ដល់​ប្រជាពលរដ្ឋ ពាក្យ​នេះ​អាច​ពិបាក​នឹងធ្វើ តែបើ​យើង​មាន​ឆន្ទៈ​ដូចគ្នា យើង​អាច​នឹង​ធ្វើបាន​»​។

លោក​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានស្នើ​ដល់​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អត្ត​សញ្ញា​ណ​កម្ម​ថ្មី បន្ត​សិក្សា​សង្កេត​ពិនិត្យមើល​តាម​បណ្តា​ប្រទេស ជិតខាង និង​ប្រទេស​ដែលមាន​ភាព​រីក​ចម្រើន​ផ្សេងៗ​ទៀត​ដើម្បី​ដឹងថា តើ​ប្រទេស​ទាំងនោះ​បានធ្វើ​អ្វីខ្លះ​? ហើយ​មាន​លទ្ធផល​សម្រេច​យ៉ាងណា ដើម្បី​ជា​ទុន​ក្នុងការ​ពិនិត្យមើល​ការកែសម្រួល​របៀបរបប​នៃ​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​កាត់បន្ថយ​ភាព​​ស្មុគស្មាញ​មួយចំនួន​ដែល​មិនចាំបាច់ ហើយ​រក្សា​គុណភាព​បានល្អ​ត្រឹមត្រូវ​ស្របទៅតាម​សម័យកាល​។

​លោក តុ​ប នេ​ត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អត្ត​សញ្ញា​ណ​កម្ម ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣ ខែកញ្ញា​ថា ក្រោយ​មានការ​ណែនាំ​ពី​លោក​ឧ​ប​នា​យក​រដ្ឋមន្ត្រី ស សុខា មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​បានធ្វើការ​ប្រជុំ​ម្តង​រួចមកហើយ​ដើម្បី​ជជែក​ពិភាក្សា​ធ្វើយ៉ាងណា​ឱ្យ​ការផ្តល់សេវា​កាន់តែ​ងាយស្រួល និង​ឆាប់រហ័ស​ហើយ​មានការ​ទុក​ចិត្ត​ពី​ប្រជាពលរដ្ឋ​។

​លោក​ប្រាប់ថា ក្រុមការងារ​ជំនាញ​បានគិត​គូរ​ទៅលើ​ ២​ ចំណុច ទី​១ គឺ​ជំរុញ​ទៅលើ​ការ​ងារ​ដែលមាន​ស្រាប់ ធ្វើ​យ៉ាង​ណា​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​លឿន​រហ័ស ដែល​ក្នុងនោះ​ក្រុមការងារ​ជំនាញ​កំពុង​ពិនិត្យ​លើ​ដំណើរ​ការផ្តល់សេវា​ជារួម​ដែល​បាន​អនុវត្ត​ក្នុងពេល​កន្លងមក តើ​មានការ​ឆ្លងកាត់​នីតិវិធី​អ្វីខ្លះ ដើម្បី​កាត់បន្ថយ​បញ្ហា​មួយចំនួន​ដែល​ស្មុគ​ស្មាញ និង​មិនចាំបាច់​ចេញ​។

​ចំណែក​ចំណុច​ទី​២ ក្រុម​ការ​ងារ​ជំនាញ​កំពុងធ្វើការ​សិក្សា លើ​ការផ្តល់សេវា​តាម​បច្ចេកវិទ្យា​អេឡិចត្រូនិក​ដែល​ពលរដ្ឋ​អាចធ្វើ​ការចុះបញ្ជី​ដោយ​ខ្លួន​ឯង​។ លោក​បន្តថា ការសិក្សា​លើ​ការផ្តល់សេវា ដែល​ពលរដ្ឋ​អាច​ចុះបញ្ជី​ដោយ​ខ្លួនឯង​នេះ អាច​ចំណាយពេល ៣​ ទៅ​ ៦ ​ខែ​ទៀត នឹង​អាចធ្វើ​ការ​សាក​ល្បង​នៅ​ចំណុច​ទីតាំង​មួយចំនួន បើសិន​អនុវត្ត​ជោគជ័យ​នឹង​បន្តធ្វើ​ការអនុវត្ត​នៅ​កន្លែង​ផ្សេងៗ​ទៀត​ឱ្យបាន​ច្រើន​ជូន​ប្រជាពលរដ្ឋ​។ លោក​ថ្លែងថា​៖«​យើង​មានការ​ប្តេជ្ញាចិត្ត​ទាំង​ថ្នាក់ដឹកនាំ​ក្រសួង​ទាំង​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​អត្ត​សញ្ញាណ​កម្ម​យើង​ប្តេជ្ញាចិត្ត​ថា យើង​នឹង​ប្រឹងប្រែង​ធ្វើ​យ៉ាងម៉េច​ឱ្យ​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ឆាប់រហ័ស​ជូន​គាត់​»​។​

​លោក តុ​ប នេ​ត បាន​លើកឡើងថា ចំពោះ​ចំណុច​ដែល​កំ​ពុង​សិក្សា​ថ្មី​អំពី​ការផ្តល់​លទ្ធ​ភាព​ឱ្យ​ពលរដ្ឋ​អាច​ចុះបញ្ជី​ដោយ​ខ្លួនឯង​ដើម្បី​ទទួល​សេវាសាធារណៈ​នេះ អ្នកជំនាញ អត្តសញ្ញាណ​កម្ម​នឹង​ប្រើ​កម្មវិធី​ ១​ ឈ្មោះថា Self registration​។ តាមរយៈ​កម្មវិធី​នេះ​ពលរដ្ឋ​អាចធ្វើ​ការបំពេញ​ព័​ត៌​មាន​ដោយ​ខ្លួនឯង តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក​នៅនឹងកន្លែង​ផ្តល់​សេវា ដោយមាន​ការ​ចាំ​ជួយ​ណែនាំ​ពី​មន្ត្រី​អត្ត​សញ្ញាណ​កម្ម ប៉ុន្តែ​បើ​ពលរដ្ឋ​មិនចេះ​ពី​ការប្រើប្រាស់​បច្ចេក​វិទ្យា​អេឡិចត្រូនិក​ទេនោះ​ប្រជា​ពលរដ្ឋ​នៅតែ​អាចបំពេញ​ព័​ត៌​​មាន​ដោយ​ដៃ​បាន​ដដែល​៕