​ភ្នំពេញៈ នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា អាណត្តិ​ទី​៣ លើក​ទី​៣ ស្តីពី​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ​និង​ផលិត​ផលិតផល​ធ្វើដំណើរ​និង​កាបូប សម្រាប់​ឆ្នាំ​ ២០២៤ តំណាង​ភាគី​កម្មករនិយោជិត បានលើកឡើង​នូវ​តួលេខ​ចំនួន ២១៥ ដុល្លារ ខណៈដែល​តំណាង​ភាគី​និយោជក​បានលើកឡើង​ចំនួន ​២០១​ ដុល្លារ​។​

​តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​ ៤ ខែកញ្ញា ឆ្នាំ ​២០២៣ បានឱ្យដឹងថា ក្រុម​ប្រឹក្សាជាតិ​​ប្រាក់​ឈ្នួល​អប្បបរមា បាន​បន្ត​ពិភាក្សា​កំណត់ ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់​ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប សម្រាប់​ឆ្នាំ​ ២០២៤​។​ ភាគី​ទាំង ​២ ​បាន​បន្ត​លើក​ហេតុផល និង​បង្ហាញ​គោលជំហរ​ផ្ទៃក្នុង​របស់ខ្លួន​ទៅវិញទៅមក ប្រកបដោយ​វិជ្ជាជីវៈ និង​ភាពចាស់ទុំ​អំពី​សំណើ​របស់ខ្លួន​។

​នៅក្នុង​កិច្ចប្រជុំ​ទាំង ៣ ​លើក​នេះ តំណាង​ភាគី​រាជរដ្ឋាភិបាល​ក៏បាន​សម្របសម្រួល និង​ផ្តល់នូវ​ការពន្យល់​បន្ថែម​លើ​ចំណុច​នានា ដែល​តំណាង​ភាគី​កម្មករនិយោជិត និង​តំណាង​ភាគី និយោជក​មាន​ចម្ងល់​ផងដែរ​។ ជា​លទ្ធផល តំណាង​ភាគី​កម្មករនិយោជិត​បានលើកឡើង​នូវ​តួលេខ​ចំនួន​ ២១៥ ដុល្លារ និង​តំណាង​ភាគី​និយោជក បានលើកឡើង​នូវ​តួលេខ​ចំនួន ​២០១​ ដុល្លារ​។ ​

ក្រោយ​ចប់​កិច្ចប្រជុំ​លោក​ ហេង សួរ រដ្ឋ​មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​​ជីវៈ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា តួលេខ​ដំបូង ២១៥​ ដុល្លារ បានលើកឡើង​ដោយ​តំណាង​កម្មករនិយោជិត និង​ ២០១​ ដុល្លារ ផ្តល់​ដោយ​តំណាង​និយោជក អាច​នឹងមាន​ការប្រែប្រួល​បន្តទៀត​សម្រាប់​កិច្ចពិភាក្សា​លើក​ទី​៤​។

​លោក​បញ្ជាក់ថា​៖ «​ភាគី​ក្រសួង ក៏ដូចជា​រដ្ឋាភិបាល នឹង​ខិតខំ​សម្របសម្រួល ដើម្បីឱ្យ​ភាគី កាន់តែ​មានការ​យោគយល់ ដែល​អាច​ឈានដល់​ការកែសម្រួល​តួលេខ​ខាងលើនេះ​ឱ្យ​កាន់តែ​កៀក​គ្នា​ប្រហាក់​​ប្រហែល មុននឹង​យើង​ឈានដល់​ការសម្រេច​បោះឆ្នោត​ឬក៏​ឯកភាពគ្នា ជា​ឯកច្ឆន្ទ​នៅ​មុនពេល​ភ្ជុំបិណ្ឌ​ខាងមុខនេះ​»​។

​បើតាម​លោក​រដ្ឋមន្ត្រី ក្រោយ​ទទួលបាន​តួលេខ​នេះហើយ ភាគី​ទាំង​ ២ នឹង​បន្ត​ពិភាក្សា​ផ្ទៃក្នុង​រៀងៗ​ខ្លួន​បន្ថែមទៀត មុននឹង​ដល់​កិច្ចប្រជុំ​បន្ទាប់ នា​ថ្ងៃទី​ ១១ ខែកញ្ញា ឆ្នាំ ​២០២៣​។​

​លោក គឹម ចាន់​សំណាង តំណាង​ភាគី​និយោជិត​បានលើកឡើង​ថា ការស្នើសុំ​ដំឡើង​ចំនួន​ ១៥ ​ដុល្លារ បន្ថែម​ពីលើ​នេះ គឺធ្វើឡើង​ដោយ​ផ្អែកទៅលើ​លក្ខណវិនិច្ឆ័យ​ទាំង​ ៧ ដែល​ការស្នើសុំ​នេះ​ពុំមែន​ធ្វើឡើង​ដោយ​មិនមាន​ទឡ្ហីករណ៍​ច្បាស់លាស់​នោះទេ​។ លោក​ថា​៖ «​ការដាក់ចេញ​តួលេខ​នេះ គឺ​យើង​ឈរលើ​លក្ខណៈ​បច្ចេកទេស​សិន​ប៉ុន្តែ​នេះ​គ្រាន់តែ​ជាការ​ដាក់ចេញ​តួលេខ​ដំបូង​សិន បន្តបន្ទាប់​នឹងមាន​ការពិភាក្សាគ្នា​ថែមទៀត ដើម្បី​ឈានដល់​ការឯកភាព​គ្នា​ដោយ​រីករាយ​»​។​

​នៅក្នុង​កិច្ចប្រជុំ​នោះដែរ លោក អាត់ ធន ប្រធាន​សហភាព​ការងារ​កម្ពុជា ​(CLC) បាន​ប្រាប់​ឱ្យដឹងថា តួលេខ​ចំនួន ២០១​ ដុល្លារ ពី​ខាង​តំណាង​និយោជក មាន​កម្រិត​តិចតួច​ពេក​ប៉ុន្តែ​វា​អាច​ជាការ​ស្ទាបស្ទង់​ពី​និយោជក ខណៈ​កន្លង​ទៅខាង​តំណាង​និយោជក ថា​មិន​ចង់ឱ្យមាន​ការដំឡើង​លើ​ស ២០០​ ដុល្លារ​នោះទេ​។ លោក​ថា​៖ «​រាល់​ឆ្នាំមាន​ការដាក់​លេខ​ពី​ខាង​តំណាង​កម្មករនិយោជិត​, ខាង​តំណាង​និយោជក និង​ខាង​រដ្ឋាភិបាល ប៉ុន្តែ​ឆ្នាំនេះ ក្រសួង​ការងារ​មិនបាន​បញ្ចេញ​តួលេខ​ទេ ដោយ​លើក​ហេតុផល​ថា ទុក​លទ្ធភាព​ឱ្យ​ភាគី​ជា​អ្នកចរចា​»​។

​លោក ណា​ង សុធី តំណាង​ភាគី​និយោជក ឱ្យដឹងថា ដំបូង​ឡើយ ខាង​និយោជក​មិន​មាន​គោលការណ៍​ចង់​បន្ថែម​លើ​ប្រាក់​ឈ្នួល​ចាស់​ ២០០​ ដុល្លារ​នោះទេ ដោយ​ឆ្លងកាត់​តាម​លក្ខខណ្ឌ​វិនិច្ឆ័យ​ទាំង​ ៧ ​មក គឺ​មិនអាច​ដំឡើង​បាន​ទៀត តែ​ដោយហេតុ​មាន​គោលការណ៍​ណែនាំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល ទើប​តំណាង​និយោជក​សម្រេច​ថា បន្ថែម​ ១ ​ដុល្លារ​ទៀត​។​

​លោក​ថា​៖«​យើង​ធ្លាប់​បានបញ្ជាក់​ហើយ​ថា មិន​ចង់ឱ្យមាន​ការដំឡើង​ទេ ប្រាក់​ឈ្នួល​ឆ្នាំនេះ ព្រោះ​ការនាំចេញ​ក្នុង​វិស័យ​កាត់ដេរ មិនសូវ​ល្អ តែដោយសារ​មានការ​ណែនាំ​ពីស​ម្តេច​ធិបតី ប្រមុខ​រាជរដ្ឋាភិបាល ទើប​យើង​ដំឡើង​ ១ ​ដុល្លារ​»​។

ចំពោះ​ការស្នើ​របស់​ភាគី​តំណាង​កម្មករនិយោជិត ១៥​ ដុល្លារ លោក ណា​ង សុធី យល់ថា ជា​តួលេខ​មួយ​ដែល​ត្រូវមាន​ការពិភាក្សា​បន្តទៀត​។​

​សូមជម្រាបថា នៅក្នុង​ ២០២៣ ​នេះ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករនិយោជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​និង​កាបូប គឺមាន​ ២០០​ ដុល្លារ ក្នុង ១​ ខែ ប្រសិនបើ​បូក​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​បន្ថែម កម្មករនិយោជិត​ម្នាក់ អាច​ទទួលបាន​ប្រាក់​ឈ្នួល​ចន្លោះ​ពី​ ២១៧ ទៅ​ ២២៨​ ដុល្លារ ​ក្នុង ១​ ខែ​៕