ភ្នំពេញៈ លោ​ក ស សុខា ឧ​ប​នាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​ជំ​រុញឱ្យ​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ស្រាក់​ដៃ​គ្នា​ធ្វើការ ដើម្បី​សម្រេច​ឱ្យបាន​ទិសដៅ​ចម្បងៗ​របស់​ក្រសួង ក្នុងការ​បម្រើ​ការពារ​ប្រជាពលរដ្ឋ​ឱ្យអស់​ពី​កម្លាំងកាយ​ចិត្ត​។​

​លោក​បាន​ថ្លែង​បែបនេះ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ជា​រដ្ឋលេខាធិការ អនុ​​រដ្ឋលេខាធិការ អគ្គនាយក អគ្គ​​នាយករង និង​ប្រធាន​នាយកដ្ឋាន​ចំណុះ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​ ៤ ខែកញ្ញា នា​ក្រសួងមហាផ្ទៃ​។

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​មហាផ្ទៃ លោក ស សុខា បានលើកឡើង​ដោយ​ដាក់​ទិសដៅ​ចម្បងៗ​ ៦ ​ចំណុច ដែល​ទាមទារ​ឱ្យ​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ត្រូវតែ​ធ្វើឱ្យ​សម្រេចបាន ដែល​ក្នុងនោះ​រួមមាន​៖ បញ្ហា​គ្រឿងញៀន​, បញ្ហា​ចរាចរណ៍​, បញ្ហា​ចោរកម្ម និង​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងៗ​,​ បញ្ហា​ក្រុម​ក្មេង​ទំនើង​,​ បញ្ហា​ជួញដូរ​មនុស្ស​គ្រប់​ប្រភេទ និង​បញ្ហា​តាម​បណ្ដោយ​ព្រំដែន​ទាំង​គោក និង​ទឹក​។

លោក​ថ្លែងថា​៖ «​ដើម្បី​បន្ដ​បម្រើ​ការពារ​ប្រជាពលរដ្ឋ​ឱ្យអស់​ពី​កម្លាំងកាយ​ចិត្ត ដោយ​ត្រូវផ្ដោត​សំខាន់​លើ​ការងារ​បម្រើ​ប្រជា​​ពលរដ្ឋ រួមគ្នា​បន្ដ​ខិតខំ​ប្រឹងប្រែង​ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យបាន​ម៉ឺង​ម៉ាត់ និង​ប្រកាន់ខ្ជាប់​នូវ​វិន័យ ឥរិយាបថ​ទន់ភ្លន់ ធ្វើយ៉ាងណា​ទប់ស្កាត់ បង្ការ និង​បង្ក្រាប​បទ​​ល្មើស​នានា​ដែល​កើតឡើង​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត​»​។

​លោក ស សុខា លើកឡើងថា​៖ «​ខ្ញុំ​សូម​បញ្ជាក់ជូន​ដោយស្មោះ​ថា ខ្ញុំ​មក​ទីនេះ ពុំមែន​មក​ដើម្បី​ដាក់​សម្ពាធ​ណាមួយ​លើ​មន្ត្រី​ទាំង​ផ្នែក​ស៊ីវិល នគរបាល និង​ពន្ធនាគារ​នោះទេ​។ វត្តមាន​របស់ខ្ញុំ ដើម្បី​រួមគ្នា​ជាមួយ​មន្ត្រី​ទាំងអស់ ក្នុងទិសដៅ​ជិះទូក​តែមួយ ធ្វើឱ្យ​ក្រសួងមហាផ្ទៃ កាន់​តែមាន​កិត្យានុភាព រីកចម្រើន រឹងមាំ បានជា​ឧត្ដមប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​»​។​

​ទាក់ទង​នឹង​ការណែនាំ​របស់​រដ្ឋមន្ត្រី​មហាផ្ទៃ លោក សាំង គឹម​ស៊ន មេឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង បាន​ថ្លែង​នៅ​ថ្ងៃទី​ ៤ ខែកញ្ញា​ថា កន្លងមក​រដ្ឋបាល​​ឃុំ​ឆ្នុកទ្រូ តែងតែ​អនុវត្ត​យ៉ាង​ខ្ជាប់​​ខ្ជួន តាម​ទិសដៅ​របស់​រាជ​រដ្ឋា​​ភិ​បាល​នានា​ដែល​បានដាក់​ចេញ​។​ជាក់ស្តែង កន្លងមក​រដ្ឋបាល​ឃុំ តែងតែ​សហការ​ទប់ស្កាត់​រាល់​ប​ទ​ល្មើស​នានា ពិសេស​បទល្មើស​គ្រឿងញៀន​សំដៅ​ការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់​សាធារណៈ​។​

​ជុំវិញ​រឿងនេះ​ដែរ លោក អំ ​សំអាត ​នាយក​ទទួលបន្ទុក​កិច្ច​​ការ​ទូទៅ​នៃ​អង្គការ​លីកាដូ​បាន​ថ្លែងថា ការប្រកាស​ដាក់ចេញ​ទិសដៅ​ណែនាំ​ទាំងនោះ គឺជា​រឿង​មួយ​ល្អ ប៉ុន្តែ​លោក​ចង់ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​លើ​ការពង្រឹង និង​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​នានា ការពង្រឹង​ភូមិ ឃុំ មាន​សុវត្ថិភាព​ឱ្យមាន​ប្រសិទ្ធភាព​បន្ថែមទៀត​។

លោក​ថា​៖ «​អ្វី​ដែលជា​កិច្ចការ​សំខាន់​នោះ គឺ​ផ្តើមចេញពី​ឆន្ទៈ​របស់​មន្ត្រី​ដែល​អនុវត្ត​ផ្ទាល់ ថា​គាត់​ចង់​អនុវត្ត​ច្បាប់​ឱ្យមាន​ប្រសិទ្ធភាព​ឬ​អត់ ហើយ​ខ្ញុំ​ក៏​សូម​ឱ្យមាន​កិច្ចសហការ​ផ្ទៃក្នុង​ឱ្យបាន​ល្អ​...​ពិសេស​ខ្ញុំ​សូមឱ្យ​លុបបំបាត់​អំពើពុករលួយ​ឱ្យបាន ទើប​អាចធ្វើឱ្យ​ទិសដៅ​ទាំងនេះ មាន​ប្រសិទ្ធ​​ភាព​ទៅបាន​»៕