ភ្នំពេញៈ ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ព្រមាន​ចាត់វិធានការ​តាមច្បាប់ ទៅលើ​អាជីវករ ឬ​អ្នកលក់​អន​ឡាញ​ណា​ដែល​ប្រើប្រាស់​រូបថត​វត្ថុ​បុរាណ​ខ្មែរ ផ្សព្វផ្សាយ​លក់​វត្ថុ​សិល្បៈតាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ ដែល​អាចធ្វើឱ្យ​សមត្ថកិច្ច​បរទេស និង​អ្នកកាន់កាប់​សមុច្ច័យ​ឯកជន​នានា យល់ច្រឡំ​ថា​រដ្ឋាភិបាល​កម្ពុជា​ខ្វះ​ការគ្រប់គ្រង និង​ការពារ​វត្ថុ​ទាំងនេះ​។​

​ការព្រមាន​នេះ ត្រូវបាន​ធ្វើឡើង​តាមរយៈ​សេចក្តីជូនដំណឹង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចុះ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២៣ ស្តីពី​ការហាម​ប្រាម​ការប្រើប្រាស់​រូបថត​វត្ថុ​បុរាណ​ខ្មែរ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ លក់​វត្ថុ​សិល្បៈ តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​។​

​សេចក្តីជូនដំណឹង​បាន​លើកឡើងថា មួយ​រយៈកាល​កន្លងមក​នេះ មន្ត្រី​ជំនាញ​បាន​សង្កេតឃើញថា មាន​អាជីវករ និង​អ្នកលក់​អន​ឡាញ​មួយចំនួន បានធ្វើការ​ផ្សព្វផ្សាយ​ល​ក់​ដូរ​វត្ថុ​សិល្បៈ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​តិកតុក ដោយ​ប្រើប្រាស់​រូបថត​វត្ថុ​បុរាណ​ខ្មែរ ដែល​ក្រសួង​បាន​បង្ហោះ​កន្លងមក ដើម្បី​យក​ធ្វើជា​រូបភាព​ទាក់ទាញ សម្រាប់​លក់ដូរ​វត្ថុ​សិល្បៈ​ឯកជន​របស់ខ្លួន​។

​សេចក្តីជូនដំណឹង​បញ្ជាក់ថា ៖ «​ការយក​រូបថត​វត្ថុ​បុរាណ​មកប្រើប្រាស់​បែបនេះ គឺជា​សកម្មភាព​ខុសឆ្គង និង​ជា​រូបភាព​បោកប្រាស់ ដែលនាំឱ្យ​សាធារណជន​មានការ​ភាន់ច្រឡំ​។ មិនតែប៉ុណ្ណោះ​ទង្វើ​នេះ​អាចធ្វើឱ្យ​សមត្ថកិច្ច​បរទេស និង​អ្នកកាន់កាប់​សមុច្ច័យ​ឯកជន​នានា យល់ច្រឡំ​ថាវ​ត្ថុ​បុរាណ​ខ្មែរ​ដែល​គេ​បានប្រគល់​មក​កម្ពុជា​វិញ ត្រូវបាន​ចរាចរ​លក់ដូរ​ក្នុង​ទីផ្សារ ដោយ​ខ្វះ​ការគ្រប់គ្រង ការពារ​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​»​។

​ប្រការនេះ នាំឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ដំណើរការ​នៃ​ការទាមទារ​វត្ថុ​បុរាណ​ខ្មែរ​មកវិញ និង​បាត់បង់​ទំនុកចិត្ត​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​កន្លងមក ក្នុងការ​ស្វែងរក និង​នាំយក​មកវិញ​នូវ​សម្បត្តិ​វប្បធម៌​ខ្មែរ ដែល​ត្រូវបាន​លួច​នាំចេញ​ដោយ​ខុសច្បាប់​ទៅ​ក្រៅប្រទេស​។​

​តាមរយៈ​សេចក្តីជូនដំណឹង ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​សង្កត់ធ្ងន់ថា ៖ «​ក្រសួង​សូម​អំពាវនាវ​ដល់​អាជីវករ និង​អ្នកលក់​អន​ឡាញ​នានា ដែល​ប្រកបមុខរបរ​នេះ ត្រូវ​បញ្ឈប់​ជាបន្ទាន់​ហើយ​ក្នុងករណី​នៅតែ​បន្ត​អនុវត្ត​ទង្វើ​មិន​ស្របច្បាប់​នេះ ក្រសួង​នឹង​ចាត់វិធានការ​ចាំបាច់​តាមច្បាប់​ជា​ធរមាន​»​។​

​លោក ឈ​ត ប៊ុន​ថង មន្ត្រី​ស្រាវជ្រាវ​ផ្នែក​ទំនាក់ទំនង​វប្បធម៌ អប់រំ និង​ទេសចរណ៍ នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ប្រាប់​ឱ្យដឹងថា ការហាមឃាត់​បែបនេះ​ជា​រឿង​ត្រឹមត្រូវ ព្រោះ​ធម្មតា​នៅក្នុង​ច្បាប់​ស្ដីពី​វប្បធម៌ គឺ​មរតក​វប្បធម៌​ត្រូវបាន​ស្ថិតក្នុង​ការថែរក្សា អភិរក្ស ហើយ​វត្ថុ​បុរាណ​របស់​ជាតិ ក៏​មិនមាន​នរណាម្នាក់​ហ៊ាន​លក់​បានឡើយ​។

​លោក​បាន​បន្តថា វត្ថុ​បុរាណ ជា​វត្ថុ​ដែល​កម្រ វត្ថុ​ដែលមាន​នៅក្នុង​អតីតកាល​រាប់រយឆ្នាំ ឬ​រាប់ពាន់​ឆ្នាំ ដូច្នេះហើយ​គឺ​មិនមាន​នរណា​ហ៊ាន​ប៉ះពាល់ និង​ធ្វើ​ចរាចរណ៍​លក់​វត្ថុ​បុរាណ​ទាំង​នោះទេ​។​

​លោក ឈ​ត ប៊ុន​ថង បាន​ថ្លែងថា​៖ «​ទាំង​អាជីវករ​ក្ដី វិចិត្រករ​ក្ដី ជាងគំនូរ ជាងចម្លាក់​អី ឬ​អ្នក​សូន​រូប​ក្ដី បើ​ចង់​លក់​សូម​លក់​តែ​ចម្លាក់ គំនូរ និង​រូបភាព​របស់គាត់​ហ្នឹង​ទៅ កុំ​ចាំបាច់​យក​ជា​រូប​ភាពជា​វត្ថុ​បុរាណ​ខ្មែរ​ទៅ​លាយឡំ​នាំឱ្យ​សាធារណជន​ទាំង​ជាតិ និង​អន្តរជាតិ​មានការ​ភាន់ច្រឡំ​ថាវ​ត្ថុ​បុរាណ​ក៏​អាច​ជួញដូរ និង​ទិញ​លក់​បានដែរ​។ អ៊ីចឹង​ខ្ញុំ​គាំទ្រ​ចំពោះ​ការហាមឃាត់ របស់​ក្រសួង​»៕