ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា បានប្រកាស​ដាក់​ដេញថ្លៃ​ប្រាក់​ ៥០​ លាន​ដុល្លារ​ ចំនួន​ ៤​ លើក​នៅក្នុង​ខែកញ្ញា ឆ្នាំ​២០២៣​នេះ ដែល​ការប្រកាស​នេះ​ត្រូវបាន អ្នកជំនាញ​ក្នុង​វិស័យ​ធនាគារ​លើកឡើងថា ជា​វិធានការ​ដ៏​សំខាន់ និង​ទាន់ពេលវេលា​ក្នុងការ​រក្សា​ស្ថិរភាព​ប្រាក់រៀល​។​

​ធនាគារជាតិ​នៃ​កម្ពុជា បានចេញ​សេចក្ដីជូនដំណឹង កាលពី​ថ្ងៃទី​៤ ខែកញ្ញា ដល់​គ្រឹះស្ថាន​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​អាជីវករ​ប្តូរប្រាក់​ដែលមាន​អាជ្ញា​ប័ណ្ណ​ទាំងអស់​ឱ្យ​ត្រៀមលក្ខណៈ​ចូលរួម​ដេញថ្លៃ​ប្រាក់​ដុល្លារ​អាមេរិក តាម​កាលបរិច្ឆេទ​ដែល​បានកំណត់​ដោយ​ធនាគារជាតិ​។​

​សេចក្តីជូនដំណឹង បាន​បញ្ជាក់ថា​៖ «​ធនាគារជាតិ​នែ​កម្ពុជា​បានកំណត់​ការដេញថ្លៃ​នោះ​ចំនួន​ ៤ ​លើក ​ក្នុង​ខែ​នេះ គឺ​លើក​ទី​១ នៅ​ថ្ងៃទី​៦ ចំនួន​ ១០​ លាន​ដុល្លារ ​អាមេរិក​។ លើក​ទី​២ នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​៨ ចំនួន​ ១៥​ លាន​ដុល្លារ​អាមេរិក​,​លើក​ទី​៣ នា​ថ្ងៃទី​១៣ ចំនួន​ ១០ លាន​ដុល្លារ ​អាមេរិក និង​លើក​ទី​៤​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​១៥ ចំនួន​ ១៥​ លាន​ដុល្លារ​ អាមេរិក​»​។​

​ធនាគារជាតិ​នៃ​កម្ពុជា មិនបាន​បញ្ជាក់​ច្បាស់​ពី​មូលហេតុ​ការដាក់ឱ្យ​ដេញថ្លៃ ប្រាក់​ដុល្លារ​អាមេរិក​នាពេល​នេះនោះ​ទេ ប៉ុន្តែ​សកម្មភាព​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ ប្រាក់រៀល​បាន​ធ្លាក់​ថ្លៃ បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក ដែល​ពេញនិយម​ចាយវាយ​ដោយ​សេរី​នៅ​ប្រទេស​កម្ពុជា​។

​ការសម្រេចចិត្ត​របស់​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​ការដាក់​ដេញថ្លៃ​ប្រាក់​ដុល្លារ​នាពេលនេះ ក៏​ទំនងជា​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ស្រូបយក​ប្រាក់រៀល និង​ដើម្បី​រក្សា​អត្រា​ប្តូរ​ប្រាក់រៀល ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​។​

​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេស៊ីលីដា លោក អ៊ិន ចាន់នី ថ្លែងថា វិធានការ​របស់​ធនា​គារ​ជាតិ​ដែល​បានប្រកាស​ដាក់​ដេញថ្លៃ​ប្រាក់​ដុល្លារ​អាមេរិក ដើម្បី​រក្សា​ស្ថិរភាព​ប្រាក់រៀល​នេះ មិនមែន​ធ្វើ​ឡើងជា​លើក​ទី​១​ទេ គឺ​បានធ្វើ​តាំងពី​អំឡុង​ទសវត្ស​រ៍៩០​មកម្ល៉េះ ដែល​នេះ​ជា​វិធានការ​ដ៏​ត្រឹមត្រូវ​។​

​លោក​ថ្លែងថា​៖«​ខ្ញុំ​នៅចាំ​បាន​ថា ក្នុង​ឆ្នាំ​២០២១​ធនាគារ​អេស៊ីលីដា​បាន​ចូលរួម​ដេញថ្លៃ​ជាង​១០​លើក តែ​ឆ្នាំ​២០២២ មិនបាន​ចូលរួម​ដោយសារ​ប្រាក់រៀល​យើង​មាន​ស្ថិរ​ភាពល្អ​ហើយ ហើយ​ឆ្នាំ​២០២៣​នេះ​ទើបតែ​ចាប់ផ្តើម​ធ្វើ​ក្នុង​ខែ​នេះ ដែល​នេះ​គឺ​វិធានការ​របស់​ធនាគារ​ជាតិ​ក្នុង​ការរក្សា​ថ្លៃ​និង​ស្ថិរភាព​ប្រាក់រៀល​ខ្មែរ​យើង​ហើយ​»​។​

​លោក ហួត អៀង​តុង ប្រធាន​អគ្គនាយក​ធនាគារ​ហត្ថា បាន​ប្រាប់​ដែរ​ថា ធនាគារ​លោក​មិនមាន​គម្រោង​ចូលរួម​ដេញ​ប្រាក់​ដុល្លារ​នោះទេ ដោយសារតែ​ខាង​ធនាគារ មាន​តម្រូវការ​ប្រាក់រៀល​ច្រើនជាង​ដុល្លារ ខណៈដែល​ស្ថាប័ន​ធនាគារ​ដទៃទៀត អាច​នឹងមាន​តម្រូវការ​ប្រាក់​ដុល្លារ​។​

​លោក​បាន​បន្ថែមថា ចំពោះ​អត្រា​ប្តូរប្រាក់​ជា​រៀល​ធៀប​នឹង​ដុល្លារ​អាមេរិក​នា​ខណៈ​នេះ មិនទាន់មាន​ហានិភ័យ ឬ​បញ្ហា​ប្រឈម​ខ្លាំង ដែល​គួរឱ្យ​ព្រួយបារម្ភ​នោះទេ ប៉ុន្តែ​បើសិនជា​ដុល្លារ​មានការ​កើនឡើង​បន្តទៀត អាច​នឹង​ហានិភ័យ ចំពោះ​ការវិនិយោគ​ពី​ក្រៅប្រទេស​។​

​លោក​បាន​បញ្ជាក់ថា​៖«​យើង​ពិតជា​អរគុណ​ដល់​ធនាគារជាតិ​នៃ​កម្ពុជា ដែល​បាន​ដាក់ចេញ​នូវ​វិធានការ​ទាន់ពេលវេលា ដើម្បី​រក្សា​ស្ថិរ​ភាពប្រាក់​ខ្មែរ​យើង ព្រោះ​ថាបើ​ដុល្លារ​អាមេរិក​បន្ត​ឡើងថ្លៃ​ជាង​នេះ វា​អាច​នឹងមាន​ហានិភ័យ​»​។​

​លោក ហួត អៀង​តុង និយាយ​បន្តថា ៖ «​ហានិភ័យ​នោះ​គឺថា អ្នកវិនិយោគ​នឹង​ជួប​បញ្ហា​ដោយសារតែ​នៅពេល​ប្រាក់​ចុះថោក នោះ​នៅពេល​ទៅ​ទិញ​ប្រាក់​ដុល្លារ នឹងមាន​ការចំណាយ​ច្រើន ធ្វើឱ្យ​គាត់​ជួប​ការលំបាក​»​។​

​សូម​រំឭកថា ធនាគារជាតិ​នៃ​កម្ពុជា កាលពី​ចុងខែ​សីហា ឆ្នាំ​២០២៣​កន្លងទៅ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការត្រៀម​ចាត់វិធានការ​រក្សា​ស្ថិរភាព​អត្រា​ប្ដូរប្រាក់ ដោយសារតែ​ស្ថាប័ន​នេះ​សង្កេតឃើញថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ អត្រា​ប្តូរប្រាក់​ជា​រៀល​ធៀប​នឹង​ដុល្លារ​អាមេរិក​បាន​កើនឡើង​គួរឱ្យកត់សម្គាល់ ដែល​មូលហេតុ​ចម្បង​គឺ​ដោយសារ​កត្តា​រដូវ​កាល និង​សម្ពាធ​នៃ​ការ​ឡើងថ្លៃ​នៃ​ប្រាក់​ដុល្លារ អាមេរិក​នៅលើ​ទីផ្សារ​អន្តរជាតិ​។

​ធនាគារជាតិ​បញ្ជាក់ថា ចំពោះ​កត្តា​រដូវ​កាល កំណើន​តម្រូវការ​ប្រាក់រៀល​បាន​ថយ​ល្បឿន នៅក្នុង​ដំណាក់កាល​នៃ​ការបង្កបង្កើន​ផល​កសិក​ម្ម និង​រដូវ​កាលដែល​សកម្មភាព​វិស័យ​ទេសចរណ៍​មិនមានភាព​មមាញឹក (low season)​។ ចំណែក​ប្រាក់​ដុល្លារ​អាមេរិក ​ជារួម​បាន​បន្ត​ឡើង​ថ្លៃធៀប​នឹង​រូបិយប័ណ្ណ​ផ្សេងៗ​ទៀត​លើ​ពិភពលោក ក្រោយពី​ធនាគារកណ្ដាល​អាមេរិក​បន្ត​ដំឡើង​អត្រា​ការប្រាក់​គោល ដែល​ទាក់ទាញ​មូលធន​ឱ្យ​ហូរ​ចូលទៅ​សហរដ្ឋអាមេរិក​និង​បង្កើន​តម្រូវ​ការប្រាក់​ដុល្លារ​អាមេរិក​លើ​ទីផ្សារ​អន្តរជាតិ​។

​ទោះជា​យ៉ាងណាក៏ដោយ ធនាគារជាតិ​នៃ​កម្ពុជា នៅតែ​បន្ត​ប្រកាន់យក​របប​អត្រា​ប្តូរប្រាក់​អណ្ដែត​មានការ​គ្រប់គ្រង ដែល​អនុញ្ញាត ឱ្យ​អត្រា​ប្ដូរ​ប្រាក់រៀល​ប្រែប្រួល​ក្នុង​កម្រិត​សមស្រប​។ ក្នុងទិសដៅ​នេះ ធនាគារជាតិ​នៃ​កម្ពុជា​ត្រៀមខ្លួន ចាត់វិធានការ​តាម​ការចាំបាច់ ដែល​រួមមាន​ការធ្វើអន្តរាគមន៍​លើ​ទីផ្សារ​ប្តូរប្រាក់​និង​ការប្រើប្រាស់​ឧបករណ៍​នយោបាយ​រូបិយវត្ថុ​ដទៃទៀត ដើម្បី​រក្សា​តម្លៃ​ប្រាក់រៀល សំដៅ​រក្សា​អំណាច​ទិញ​នៃ​ចំណូល​ប្រជាជន​កម្ពុជា ឱ្យមាន​ស្ថិរភាព​៕