ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក្នុងឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៣ ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​អាស៊ាន ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​បន្ថែមទៀត រវាង​ប្រទេស​កម្ពុជា​និង​បណ្តា​ប្រទេស​អាស៊ាន​ទាំងនោះ​។​

​លោក ហ៊ុន ម៉ា​ណែ​ត នា​ថ្ងៃទី ​៤ ខែកញ្ញា នៅមុន​ការចាប់ផ្តើម​ដំណើរការ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​ធ្វើឡើង​ពីថ្ងៃ​ទី ​៥-៧ ខែកញ្ញា មាន​ជំនួប​ទ្វេភាគី ជាមួយ​លោក ​ចូ​កូ វី​ដូ​ដូ (Joko Widodo) ប្រធានាធិបតី​ឥណ្ឌូនេស៊ី​នៅ​វិមាន Istana Merdeka ក្នុង​ទីក្រុង​ហ្សា​ការ​តា​ប្រទេស​ឥណ្ឌូនេស៊ី​។​

​ក្នុងជំនួប​នេះ លោក ចូ​កូ វី​ដូ​ដូ​ បាន​ថ្លែងថា ឥណ្ឌូនេស៊ីបាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​គាំទ្រ​ប្រព័ន្ធ​សន្តិសុខ​ស្បៀង​របស់​កម្ពុជា តាមរយៈ​ការផ្គត់ផ្គង់​ជី និង​ផ្តល់​ការបណ្តុះបណ្តាល​ដល់​អ្នក​ធ្វើ​កសិកម្ម​។ នេះ​បើ​យោងតាមការចុះផ្សាយ​របស់​ទីភ្នាក់ងារ​​សារព័ត៌មាន​ឥណ្ឌូនេស៊ី ANTARA​។​

ANTARA បាន​ដកស្រង់​សម្ដី​លោក ចូ​កូ វី​ដូ​ដូ ថា​៖ «​ប្រទេស​ឥណ្ឌូនេស៊ី​ ក៏បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​គាំទ្រ​ដល់​ប្រព័ន្ធ​សន្តិសុខ​ស្បៀង​របស់​កម្ពុជា​តាមរយៈ​ការផ្គត់ផ្គង់​ជី និង​ការ​បណ្តុះបណ្តាល​»​។ ANTARA បាន​ចុះផ្សាយ​ថា លោក ​ចូ​កូ វី​ដូ​ដូ​ ក៏បាន​កោតសរសើរ​កម្ពុ​ជា​ដែល​បាន​ស្វាគមន៍​ផែនការ​សហ​ប្រតិ​ប​ត្តិ​ការ​លទ្ធកម្ម​អង្ករ ហើយ​បាន​ស្រង់​សម្ដី​លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ថា​៖ «​ខ្ញុំ​សូម​កោត​​សរសើរ​ចំពោះ​ការស្វាគមន៍​របស់​កម្ពុ​ជា​ចំពោះ​បំណង​របស់​ប្រទេស​ឥណ្ឌូនេស៊ី ​ក្នុងការ​នាំចូល​អង្ករ​ពី​កម្ពុជា​ក្នុង​រង្វង់ ២៥ ​ម៉ឺន​តោន​ ក្នុង​ ១​ ឆ្នាំ​»​។​

​នៅក្នុង​ជំនួប​ទ្វេភាគី​រវាង​លោក​ ហ៊ុន ម៉ា​ណែ​ត និង​លោក ចូ​កូ ​វី​ដូ​ដូ មេដឹកនាំ​ទាំង ​២​ ក៏បាន​ឯកភាពគ្នា​ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហ ប្រតិបត្តិការ​រ​វាង​ទាំង​ ២ ​ឱ្យ​កាន់តែ​ស្អិតល្មួត​បន្ថែមទៀត​។ នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត​។​

​បណ្តាញ​សង្គម​លោក ហ៊ុន​ ម៉ា​ណែ​ត បញ្ជាក់ថា នៅក្នុង​ជំនួប​នេះ​លោក ចូ​កូ វី​ដូ​ដូ បាន​សម្តែង​ការអបអរសាទរ​ចំពោះ លោក ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន​ជ្រើស​តាំង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដដែល​បញ្ជាក់ថា​៖ «​ថ្នាក់ដឹកនាំ​ទាំង ២ ក៏បាន​ពិភាក្សា​បន្ថែម​អំពី​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​កន្លងមក​រវាង​កម្ពុជា និង​ឥណ្ឌូ​នេ​ស៊ី ជាពិសេស ក្នុង​ទិដ្ឋភាព​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ការ​បណ្តុះ​បណ្តាល​ធនធានមនុស្ស និង​ការ​​ប្រយុទ្ធប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន ជាដើម​។ ក្នុងន័យនេះ​ថ្នាក់ដឹកនាំ​ទាំង​ ២​ បាន​ឯក​​ភាព​គ្នា​ក្នុង​ការបន្ត​ពង្រឹង និង ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង ឥណ្ឌូនេស៊ី​ឱ្យ​កាន់តែ​ស្អិតល្មួត​បន្ថែមទៀត​»​។

​នៅមុន​ពិធី​បើក​កិច្ចប្រជុំ​កំពូល​នេះ​ជា​ផ្លូវការ នា​ថ្ងៃទី​ ៥ ខែកញ្ញា លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ជួប​ទទួលទាន​អាហារ​ពេលព្រឹក និង​មាន​កិច្ចពិភាក្សា​ត្រីភាគី​ជាមួយ​លោក ផាម មី​ញ​ជី​ញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី​​វៀតណាម និង​លោក សន​សៃ ស៊ីផា​ន់​ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី​ឡាវ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​លោក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា នៅក្នុង​ជំនួប​នេះ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ ៣ បាន​ឯកភាព ​«​ជាគោលការណ៍​» បន្ត​ដោះស្រាយ​ជាមួយគ្នា និង​ជំ​រុញ​សម្រេច​ឱ្យបាន​នូវ​លទ្ធផល ចំពោះ​បញ្ហា​ដែល​នៅ​សេសសល់ និង «​បន្ត​អនុវត្ត​យន្តការ​នៃ​ការកំណត់​ព្រំដែន​រវាង​ប្រទេស​ទាំង​៣​ដើម្បី​បញ្ចប់​ទាំងស្រុង​នាពេល​ឆាប់ៗ​ខាងមុខ​»​។

​ប្រភព​ដដែល​បន្តថា មេដឹកនាំ​នៃ​ប្រទេស​ទាំង​ ៣ បាន​ឯកភាព​បន្ត​កិច្ច​សហ​​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ៣​ ទាំង​ក្នុង​ទិដ្ឋភាព​សង្គម​សេដ្ឋកិច្ច សន្តិសុខ ការផ្សារភ្ជាប់​រវាង​ប្រជា​ជន និង​ប្រជាជន វប្បធម៌ និង ប្រពៃណី និង​ជំរុញ​បន្ថែម​នូវ​ទំនាក់​ទំនង និង​ការផ្សារភ្ជាប់​រវាង​ប្រទេស​ទាំង​ ៣ ​លើ​គ្រប់​មធ្យោបាយ​រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ស្ពាន ផ្លូវ ផ្លូវដែក និង​កំពង់ផែ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់ និង​ទេសចរណ៍​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដដែល លើកឡើងថា នៅក្នុង​ជំនួប​នេះ លោក ផាម មី​ញ​ជី​ញ បានបង្ហាញ​បំណង​ចង់​ជួប​ដោយផ្ទាល់​ជាមួយ​លោក ហ៊ុន សែន ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហា​​ក្សត្រ នៅក្នុងពេល​ណាមួយ​ខាង​មុខ ចំណែក​លោក សន​សៃ ស៊ី​ផាន់​ដន ក៏បាន​អញ្ជើញលោក ហ៊ុន ម៉ា​ណែ​ត ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​ឡាវ​នា​ឆ្នាំ​ ២០២៤ ខាងមុខ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដដែល​បញ្ជាក់ថា នៅក្នុង​ជំនួប​រវាង លោក ហ៊ុន ម៉ា​ណែ​ត និង​លោក អាន់​វ៉ា អ៊ីប្រា​ហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី នា​ថ្ងៃទី ​៥ ខែកញ្ញា​ មេ​ដឹក​​នាំ​ទាំង ​២ ​បាន​ពិភាក្សា​បន្ថែម​អំពី​ការបង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ម៉ាឡេស៊ី ក្នុង​ទិ​ដ្ឋ​ភាព​នយោបាយ ពាណិជ្ជកម្ម​ការវិនិយោគ ការអប់រំ​សន្តិសុខ​ថាមពល ការងារ និង​ការ​ទប់​ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។

​លោក ហ៊ុន​ ​ម៉ា​ណែ​ត បានស្នើ​សុំ​កិច្ច​គាំទ្រ​ពី​រដ្ឋាភិបាល​ម៉ាឡេស៊ី ដល់​គម្រោង​នៃ​ការសាងសង់​ខ្សែ​បញ្ជូន​ថា​ម​ពល​ក្រោម​សមុទ្រ ពី​ប្រទេស​ឡាវ កាត់​តាម​ប្រទេស​ថៃ និង ឆ្ពោះទៅ​ប្រទេស​សិង្ហ​បុរី ដែល​ត្រូវ​ឆ្លងកាត់​ព្រំដែន​សមុទ្រ​ម៉ា​ឡេ​​ស៊ី​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដដែល​បន្តថា​៖ «​ប្រមុខ​រដ្ឋាភិបាល​ទាំង​ ២ ក៏បាន​ប្តេជ្ញាចិត្ត​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​បទ​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​បទឧក្រិដ្ឋ​កម្ម​សាយ​ប័​រ (Cyber Crime [​ឧក្រិដ្ឋកម្ម​តាម​អ៊ីន​ធឺ​ណិ​ត​]) បង្កើន​បន្ថែមទៀត​នូវ​ការធ្វើ​ពាណិជ្ជកម្ម និង​លើកទឹកចិត្ត​ចំពោះ​ការវិនិយោគ​ពី​ប្រទេស​ម៉ា​​ឡេ​ស៊ី នៅ​កម្ពុជា​។​

​នា​ល្ងាច​ថ្ងៃទី ​៥ ខែកញ្ញា ឆ្នាំ ​២០២៣ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក៏បាន​ជួប​ជា​មួយ​លោក លី សៀន ឡុង (Lee Hsien Loong) នា​យក​រដ្ឋមន្ត្រី​សិង្ហ​បុរី​ផងដែរ​។ មេ​​ដឹកនាំ​ទាំង​ ២​ បាន​ពិភាក្សាគ្នា​អំពី​ការពង្រឹង​ទំនាក់ទំនង កិច្ច​សហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ ២ ​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​បន្ថែមទៀត​៕