ភ្នំពេញៈ ក្នុងជំនួប​ពិភាក្សា​លើ​វិស័យ​ធនធានទឹក​ជាមួយ​មន្ត្រី​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា រដ្ឋ​មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក ​ថោ ជេដ្ឋា បានស្នើ​ជប៉ុន​ឱ្យជួយ​ដល់​គម្រោង​មួយចំនួន​ដើម្បី​ដោះស្រាយ​បញ្ហា​គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត​នៅ​កម្ពុជា​។​

​កិច្ចពិភាក្សា​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ៤ ខែកញ្ញា រវាង​លោក​ថោ ជេដ្ឋា ជាមួយ​លោក UENO Atsushi ឯកអគ្គ​រាជ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​លោក SANUI Kazumasa ប្រធាន​អង្គការ ​JICA ​ប្រចាំ​នៅ​កម្ពុជា​។​

​បើតាម​ការផ្សព្វផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​ធនធានទឹក និង​ឧតុនិយម ភាគី​កម្ពុជា​ដែល​តំណាង​ដោយ​រដ្ឋមន្ដ្រីក្រសួង​ធនធានទឹក និង​ឧតុនិយម លោក ថោ ជេដ្ឋា បានស្នើ​ដល់​ភាគី​ជប៉ុន​ឱ្យជួយ​សិក្សា និង​ផ្តល់​ហិរញ្ញ​ប្ប​ទាន សម្បទាន​សម្រាប់​គម្រោង​ការពារ​ទឹកជំនន់ កែលម្អ និង​ស្តារ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ដោះ​ទឹក​នៅ​កម្ពុជា​ឡើងវិញ​។​

​លោក​បាន​លើកឡើងថា​៖ «​កម្ពុជា​សូម​ស្នើ​ភាគី​ជប៉ុន​ផ្ដល់​គ្រឿងចក្រ​ធុន​ធ្ងន់​សម្រាប់​បម្រើ​ដល់​ការងារ​សាងសង់ និង​ជួសជុល​ប្រព័ន្ធធារាសាស្ត្រ និង​សម្រាប់​អន្តរាគមន៍​ពេល​មាន​គ្រោះ​មហន្ត​រាយ​បង្កឡើង​ដោយ​ធម្មជាតិ​នានា​ដូចជា គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត​ជាដើម​»​។

​ជាមួយគ្នា​នោះ លោក​ក៏បាន​ស្នើឱ្យ​ជប៉ុន​ជួយ​បណ្តុះបណ្តាល​មន្ត្រី​បច្ចេកទេស​បន្ថែម​លើ​ការ​ងារ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធន​ធាន​ទឹក​ផងដែរ​។​ចំណែក​ភាគី​ជប៉ុន​ក៏បាន​សំ​ណូ​ម​ពរ​ឱ្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម រៀបចំ​ប្រារព្ធ​ពិធីបើកការដ្ឋាន​សាងសង់​គម្រោង​ស្ដារឡើងវិញ​នូវ​ប្រព័ន្ធ​ស្រោច​ស្រព និង​ប្រព័ន្ធ​ដោះ​ទឹក​ប៉ែក​និរតី​រាជធានី ភ្នំពេញ ​(CP-P14) ដើម្បី​បង្ហាញ​ពី​សមិទ្ធផល​ថ្មី​នៃ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ក​ម្ពុ​ជា និង​ជប៉ុន​របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​ ៧ ​នៃ​រដ្ឋសភា​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

​សូម​បញ្ជាក់ដែរថា ក្រសួង​ធនធានទឹក និង​ឧតុនិយម​កំពុងដំណើរការ​គម្រោង​រៀបចំ​ស្ដង់​ដា​ជាតិ​ប្រព័ន្ធធារាសាស្ត្រ​ដែល​បានចាប់ផ្ដើម​សកម្មភាព​កាល​ពី​ឆ្នាំ​ ២០២២ និង​បញ្ចប់​នៅ​ឆ្នាំ​ ២០២៤ និង​គម្រោង​ស្ដារឡើងវិញ​នូវ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ដោះ​ទឹក​ប៉ែក​និរតី​រាជធានី​ភ្នំពេញ​ដែល​ចាប់ដំណើរការ​សាង​សង់​នៅ​ឆ្នាំនេះ និង​បញ្ចប់​ឆ្នាំ​ ២០២៦ ​ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ជប៉ុន​។​

​ឆ្នាំ​ ២០២៣ ​នេះ ជា​ខួប​អនុ​ស្សាវ​រី​យ៍​លើក​ទី​៧០​ នៃ​ទំនាក់​ទំនង​ការទូត​រវាង​កម្ពុជា និង​ប្រទេស​ជប៉ុន ដោយ​ភាគី​ទាំង​ ២ ​បាន​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ល្អប្រសើរ​លើ​វិស័យ​ធនធាន​ទឹក​ ដើម្បី​ធ្វើឱ្យ​វិស័យនេះ​កាន់​​តែមាន​ការវិវឌ្ឍ​រីកចម្រើន​សម្រាប់​បច្ចុប្បន្ន និង​ទៅ​អនាគត​។​

​ទាក់ទង​នឹង​ស្ថានភាព​ទឹក​នេះដែរ​កាលពី​ចុង​សប្តាហ៍​មុន​លោក ​ចាន់ យុ​ត្ថា រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​សម្រាប់​បង្កបង្កើនផល​ស្រូវវស្សា​នៅ​ទីតាំង​ទំនប់​អាង​ម្កាក់ នៅក្នុង​ភូមិ​ម្កាក់ ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង និង​ទំនប់​បង្ហៀរ​ទឹកស្ទឹង​ស្រែង​ ១ នៅ​ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។​

​នៅក្នុង​ឱកាស​នោះ លោក​ ចាន់ យុ​ត្ថា ក៏បាន​ណែនាំ និង​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ឱ្យ​យកចិត្តទុកដាក់​ចំពោះ​តួនាទី​និង​ភារកិច្ច​របស់ខ្លួន និង​ត្រៀមលក្ខណៈ​ឆ្លើយតប​ភ្លាមៗ​ចំពោះ​គ្រោះមហន្តរាយ​ណាមួយ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​ផងដែរ​៕