ភ្នំពេញៈ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​កម្ពុជា និង​អគ្គស្នងការ​នគរបាល​ភូមិន្ទ​ថៃ ប្តេជ្ញា​រួមគ្នា​ថា នឹង​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បង្កា​រ​ទប់ស្កាត់ និង​ប្រឆាំង​បទល្មើស​ឧក្រិដ្ឋ​ឆ្លងដែន​គ្រប់​ប្រភេទ​ដើម្បី​ធានា​សន្តិ​​សុខ​សណ្តាប់ធ្នាប់​ប្រទេស ពិសេស​ពង្រីក​ទំនាក់ទំនង​រវាង​នគរបាល នៃ​ប្រទេស​ទាំង ២ ​ឱ្យមាន​ភាពរឹងមាំ​ជិតស្និទ្ធ​បន្ថែមទៀត​។​

​ការបង្ហាញ​ការប្តេជ្ញាចិត្ត​នេះ ត្រូវបាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​លោ​ក ស ថេត អគ្គស្នងការ​នគរបាល​ជាតិ និង​លោក Surachate Hakparn អគ្គ​ស្នង​ការរង​នគរបាល​ភូមិន្ទ​ថៃ នា​រសៀល​ទី​ ៤ ខែកញ្ញា ឆ្នាំ ២០២៣​។​

​បន្ទាប់ពី​ជំនួប​នេះ ក្រសួងមហាផ្ទៃបានប្រកាស​ឱ្យដឹងថា ជំនួប​ពិភាក្សា​ការងារ​នេះ ក្នុង​គោលបំណង​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​រវាង​នគរ​បាល​ជាតិ​កម្ពុជា និង​នគរបាល​ភូមិន្ទ​ថៃ ឱ្យមាន​ភាពរឹងមាំ​ជិតស្និទ្ធ​បន្ថែមទៀត​។​

​បើ​យោងតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក Surachate Hakparn បានលើកឡើង​នាឱកាស​នោះ​ថា​៖ «​ជំនួប​នេះ ភាគី​ថៃ​ក៏​ចង់​ពង្រឹង​ការប្តេជ្ញាចិត្ត​រួមគ្នា ដើម្បី​ឈាន​សំដៅ​សម្រេច​ឱ្យបាន​លទ្ធផល​ធំៗ​ក្នុង​កិច្ចសហប្រតិបត្តិការ​បង្កា​រ​ទប់ស្កាត់ និង​ប្រឆាំង​បទល្មើស​ឧក្រិដ្ឋ​ឆ្លងដែន​គ្រប់​ប្រភេទ​រវាង​ប្រទេស​ទាំង​ ២ ​ផងដែរ​»​។​

​ចំណែក លោក ស ថេត បាន​ថ្លែង​អំណរ​​គុណ​ចំពោះ អគ្គ​ស្នងការរង​នគរបាល​ភូមិន្ទ​ថៃ និង​គណៈប្រតិភូ​ដែល​បានមក​បំពេញ​ទស្សន​កិច្ចការងារ​នៅ​កម្ពុជា ដែល​នេះ​បង្ហាញឱ្យឃើញ​ពី​ស្មារតី​គោរព​ស្រឡាញ់​រាប់អាន​គ្នា​យ៉ាង​ជិតស្និទ្ធ​ក្នុងនាម​កងកម្លាំង​នគរបាល​អាស៊ាន​។

លោក​ថ្លែងថា​៖ «​កម្ពុជា​ឯកភាពគ្នា​ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​នគរបាលជាតិ​កម្ពុជា និង​នគរបាល​ភូមិន្ទ​ថៃ ដើម្បី​បង្ការ​ទប់ស្កាត់ និង​ប្រឆាំង​បទល្មើស​ឧក្រិដ្ឋ​ឆ្លង​ដែន​គ្រប់​ប្រភេទ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​»​។​

​ពាក់ព័ន្ធ​នឹង​ករណី​បទល្មើស​នេះដែរ នៅ​ថ្ងៃទី ​៥ ខែកញ្ញា លោក អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ បាន​សម្តែង​ក្តីបារម្ភ​ជុំវិញ​បញ្ហា​បទល្មើស ពិ​​សេស​បទល្មើស​គ្រឿងញៀន បទល្មើស​ការជួញដូរ​មនុស្ស​គ្រប់​ទម្រង់ និង​បទល្មើស​លាងលុយកខ្វក់ ហើយ​លោក​យល់ថា ការ​ពង្រឹង​កិច្ចសហការ​គ្នា​រវាង​បណ្តា​ប្រទេស​នានា ពិសេស​ប្រទេស​ជាប់​ព្រំដែន​កម្ពុជា គឺជា​រឿង​សំខាន់​។

លោក​និយាយថា​៖ «​បទ​​ល្មើស​ជួញដូរ​មនុស្ស កន្លងមក​កម្ពុជា​ត្រូវបាន​គេ​ចោទប្រកាន់​ជារឿយៗ​អំពី​ករណី​ជួញដូរ​មនុស្ស​នេះ បើទោះជា​បទល្មើស​នេះ​ភាគច្រើន​កើតឡើង​រវាង​ជនបរទេស និង​ជនបរទេស​ក្តី​»​។​

​លោក អំ សំអាត បាន​បន្តថា៖ «​ដូច្នេះ​បញ្ហា​នេះ គឺ​ទាមទារ​ឱ្យ​ពង្រឹង​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច ជាពិសេស​ការអនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព ឱ្យ​កាន់តែ​ល្អ និង​មាន​ប្រសិទ្ធ​ភាព​ថែមទៀត និង​ត្រូវ​បង្កើន​កិច្ចសហការ​ល្អជា​មួយ​ភាគី​ពាក់ព័ន្ធ​ឱ្យបាន​កាន់តែ​រឹងមាំ​ថែមទៀត​»​។

​ទាក់ទិន​ករណី​បទល្មើស​ឆ្លងដែន​នេះដែរ នៅ​ថ្ងៃទី ​៤ ខែកញ្ញា ឆ្នាំ​ ២០២៣ លោក ហ៊ុន ​ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បាន​លើកឡើង​ពី​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​រវាង​កម្ពុជា និង​ប្រទេស​ឥណ្ឌូនេស៊ី ជាពិសេស​បណ្តា​ប្រទេស​អាស៊ាន ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ក្នុងការ​ប្រយុទ្ធប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នានា​ឱ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​ផងដែរ​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​បែបនេះ នៅក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​លោក ចូ​កូ វី​ដូ​ដូ ប្រធានាធិបតីនៃ​សាធារណរដ្ឋ​ឥណ្ឌូ​​នេ​ស៊ី ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤៣ នៅ​ប្រទេស​ឥណ្ឌូនេស៊ី​៕