ភ្នំពេញៈ ​សហព័ន្ធ​សហគ្រិន​ចិន ​ក្រៅប្រទេស​ប្រចាំខេត្ត​ហឺ​ណាន ប្រទេស​ចិន ដែលមាន​ក្រុមហ៊ុន​ចិន ​ជា​សមាជិក​យ៉ាងតិច ៥០​ ក្រុមហ៊ុន កំពុង​សម្លឹងមើល​ឱកាស​វិនិយោគ​នៅ​ខេត្តកំពង់ស្ពឺ លើ​វិស័យ​ចិញ្ចឹមសត្វ​ជាពិសេស​ការចិញ្ចឹម​គោ​ជ្រូក​ក៏ដូចជា បើក​ឧស្សាហកម្ម​កែច្នៃ​សាច់សត្វ​ទាំង​២​ ប្រភេទ​នេះ ដើម្បី​ជំរុញ​ការនាំ​ចេញទៅ​ចិន​វិញ​។​

​អភិបាលខេត្ត​កំពង់ស្ពឺ​លោក វ៉ី សំណាង បាន​ថ្លែងប្រាប់​ដូចនេះ​នៅ​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា តាមរយៈ​ប្រព័ន្ធ​វាត់​អាប់ (WhatUp)​ ពី​ប្រទេស​ចិន ក្នុង​ឱកាសលោក​ដឹកនាំ​ប្រតិភូ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ខេត្ត​ហឺ​ណាន​។​

​លោក​បាន​ប្រាប់​ឱ្យដឹងថា ខេត្ត​ហឺ​ណាន គឺជា​ខេត្ត​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​ទី​៥ នៅ​ប្រទេស​ចិន និង​ជា​ខេត្ត​ដែលមាន​វិស័យ​កសិកម្ម​ឈាន​មុនគេ​មួយ នៅ​ប្រទេស​ចិន​ផងដែរ​។​

​លោក​បាន​និយាយទៀតថា លោក វ័ង ហ្គ័​ង​ហ្គួ (Wang Guangguo) នាយក​ប្រតិបត្តិ​សហព័ន្ធ​សហគ្រិន​ជន​ជាតិចិន​ក្រៅប្រទេស ខេត្ត​ហឺ​ណាន បាន​ប្តេជ្ញា​ជំរុញ​សហគ្រាស​ជាង ​៥០ ទៅ​វិនិយោគ​នៅ​ខេត្តកំពង់ស្ពឺ ដោយ​ផ្តោតលើ​វិស័យ​កសិកម្ម ជាពិសេស​ការចិញ្ចឹម​គោ​ ជ្រូក​និង​ការបង្កើត​ឧស្សាហកម្ម​កែច្នៃ​សាច់គោ​ និង​សាច់ជ្រូក ផងដែរ​។​

​លោក វ៉ី សំណាង ថ្លែងថា គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ខេត្ត​ហឺ​ណាន ប្រទេស​ចិន ​នាពេលនេះ គឺ​ផ្អែកលើ​តម្រូវការ​ក្នុងការ​បង្កើត​ឱកាស​វិនិយោគ នៅក្នុង​វិស័យ​ផ្សេងៗ​ទៀត ដើម្បី​បម្រើ​ផលប្រយោជន៍ និង​អត្ថប្រយោជន៍​ទៅវិញទៅមក ក៏ដូចជា​ការទទួលស្គាល់​អំពី​សារៈសំខាន់​ក្នុងការ​អនុវត្ត កម្មវិធី​សហការ​ដ៏​រឹងមាំ នៅក្នុង​វិស័យ​សំខាន់ៗ​មួយចំនួន​។​

​លោក​បាន​បញ្ជាក់ថា​៖«​សហព័ន្ធ​សហគ្រិន​ចិន ​ក្រៅប្រទេស​ប្រចាំខេត្ត​ហឺ​ណាន ពិតជា​មានបំណង​លើកកម្ពស់ និង​សម្របសម្រួល​កិច្ចសហប្រតិបត្តិការ រវាង​វិនិយោគិន​ចិន នៅ​ខេត្តកំពង់ស្ពឺ លើ​វិស័យ​កសិកម្ម​,ពាណិជ្ជកម្ម​, ថាមពល​ស្អាត​ យានយន្ត​អគ្គិសនី និង វិស័យ​ផ្សេងៗ​ទៀត​»​។​

​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ទីក្រុង​ចឹ​ង​ចូ​វ ប្រទេស​ចិន ជាទី​ផ្សារ​មួយ​ដែលមាន​សក្តានុពល​ខ្លាំង​សម្រាប់​កម្ពុជា ក្នុងការ​នាំចេញ​ផលិតផល​នានា​ក្នុង​វិស័យ​កសិកម្ម និង​ការភ្ជាប់​ទំនាក់ទំនង​ផ្នែក​ទេសចរណ៍​ផងដែរ​។​

​លោក​ថ្លែងថា​៖«​ខេត្ត​នេះ ដែល​ស្ថិតនៅ​ភាគ​កណ្តាល​នៃ​ប្រទេស​ចិន មាន​អំណោយផល​សម្រាប់​កម្ពុជា ក្នុងការ​នាំចេញ​ផលិតផល​កសិកម្ម​រប​ស់​ខ្លួន​មកកាន់​ទីផ្សារ​មួយ​នេះ​។​ ការភ្ជាប់​ទំនង​ទំនង​ល្អ​រវាង​ខេត្ត​ហឺ​ណាន ជាមួយ​កម្ពុជា​យើង វា​ជាការ​ជំរុញ​កំណើន​ទេសចរណ៍​បន្ថែម ដើម្បី​ជា​មធ្យោបាយ​ស្តារ​វិស័យ​ទេសចរណ៍​យើង​ឡើងវិញ​»​។​

​លោក សុខ ទូច ថ្លែងថា​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ និង​ក្រុមការងារ​ទៅកាន់​ខេត្ត​ហឺ​ណាន​ កន្លងមក​មិនទាន់​ទទួលលទ្ធផល​ជា​ផ្លែផ្កា​អ្វី​នៅឡើយ​ទេ ដោយ​ស្ថិតនៅក្នុង​កម្រិត​ពិភាក្សាគ្នា​ជាមុនសិន មុននឹង​ឈានដល់​ការចុះ​កិច្ចព្រមព្រៀង​។​

​លោក​ថ្លែង​ដោយ រំពឹងថា កិច្ចពិភាក្សា​លើក​ក្រោយ នឹង​ទទួលបាន​លទ្ធផល​ល្អ រវាង​កិច្ចសហប្រតិបត្តិការ​រ​វាង​ខេត្ត​ហឺ​ណាន និង​ប្រទេស​កម្ពុជា ជាពិសេស​ការជំរុញ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ទេសចរណ៍​៕