ភ្នំពេញៈ ​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ទទួល​ជួប​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ លោក អ៊ូ​អិ​ណុ អាត់​ស៊ូ​ស៊ី (UENO Atsushi) នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២៣ នា​ទីស្ដីការក្រសួង​ព័ត៌មាន​ដើម្បី​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​នៃ​វិស័យ​ព័ត៌មាន​។

​ក្នុងជំនួប​នេះ​លោក​ នេត្រ ភក្ត្រា ថ្លែងថា ការប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ជា​បញ្ហា​រួម​ដែល​បណ្តា​ប្រទេស​ទាំងអស់​ត្រូវ​រួមគ្ នា​ក្នុងការ​ទប់ស្កាត់​ព្រោះ​ព័ត៌មាន​ក្លែងក្លាយ​ មាន​គ្រោះថ្នាក់​សម្រាប់​សង្គម​។ លោក នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើឱ្យ​ក្រសួង​ព័ត៌មាន​ក្លាយជា​ស្ថាប័ន​ទំនាក់ទំនង​សាធារណៈ ក្នុងការ​ផ្ដល់ព័ត៌មាន​ពិត​ទៅដល់​ប្រជាពលរដ្ឋ​កម្ពុជា និង​អន្ដរជាតិ និង​ស្នើ​ភាគី​ជប៉ុន​ជួយ​កម្ពុជា​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផងដែរ​។

លោក ថ្លែងថា​៖«​ក្រសួង​ព័ត៌មាន នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ ដើម្បី​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​នៃ​ព័ត៌មាន​ក្លែងក្លាយ និង​វិធានការ​ទប់ស្កាត់​។ ជាងនេះទៅទៀត ក្រសួង​នឹង​រៀបចំ​ឱ្យមាន​ស្តង់ដា​ប្រតិបត្តិ​ជាតិ​រួមមួយ​នៃ​ក្រមសីលធម៌​វិជ្ជាជីវៈ​សម្រាប់​អ្នកសារព័ត៌មាន​អនុវត្ត​»​។

​លោក នេត្រ ភក្ត្រា ក៏បាន​ថ្លែង​ដោយ​ស្នើសុំ​ភាគី​ជប៉ុន ជួយ​ក្រសួង​ព័ត៌មាន​កម្ពុជា​លើ​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផងដែរ​។

​លោក អ៊ូ​អិ​ណុ អាត់​ស៊ូ​ស៊ី ថ្លែងថា ជប៉ុន​និង​កម្ពុ​ជាមាន​ទំនាក់ទំនង​ល្អ និង​មាន​សមិទ្ធផល​ជាច្រើន​នៃ​ទំនាក់ទំនង​ការទូត ដែល​ជប៉ុន​បាន​ជួយ​ដល់​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា ​ក្នុង​ការកសាង​បន្ទប់​ផ្សាយ ព្រមទាំង​ផ្តល់នូវ​សម្ភារ​ផ្សព្វផ្សាយ​កាលពី​ឆ្នាំ​១៩៩៨ រួម​នឹង​ការផ្តល់​នូវ​កម្មវិធី​ទូរទស្សន៍​ផ្សេងៗ​ទៀត​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ជាមួយ​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា​។

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ថ្លែងថា​ក្រសួង​នឹងធ្វើ​ទំនើបកម្ម​ស្ថាប័ន​ដោយ​រៀបចំ​ទីកន្លែង​សម្រាប់​បំពេញការងារ​និង​ការអភិវឌ្ឍ​ធនធានមនុស្ស​ ដើម្បី​ឆ្លើយតប​នឹង​ការវិវត្ត​នៃ​បច្ចេកវិទ្យា និង​បរិបទ​សង្គម​បច្ចុប្បន្ន​៕