
គណអធិបតី និងវាគ្មិនកិត្តិយសក្នុងសន្និសីទសារព័ត៌មានអំពី «កម្មវិធីពិព័រណ៍ជំនាញ និងការងារក្នុងវិស័យធនាគារ»។ ហុង មិនា
ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍដ៏ឆាប់រហ័ស និងតម្រូវការធនធានយ៉ាងច្រើនកក្នុងវិស័យធនាគារ វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ បានធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយអំពី «កម្មវិធីពិព័រណ៍ជំនាញ និងការងារក្នុងវិស័យធនាគារ» (JOBS & SKILLS SUMMIT 2023) ដែលនឹងត្រូវប្រពឹត្តិទៅនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងនាថ្ងៃទី ២៩ ដល់ ៣០ ខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខនេះ។
ក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង លោក ស៊ូ វិសាល នាយកគ្រប់គ្រងទូទៅ វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ បានកត់សម្គាល់ថា៖ «នាទសវត្សរ៍ចុងក្រោយនេះ វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយតម្រូវការធនធានមនុស្ស ដែលមានភាពឈ្លាសវៃ សកម្ម និងទេពកោសល្យ ប្រកបដោយគំនិតផ្តួចផ្តើម និងការច្នៃប្រឌិតខ្ពស់ពិតជាចាំបាច់»។
លោកបានបញ្ជាក់ទៀតថា៖ «នេះជាលើកដំបូងដែលវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុបានរៀបចំពិព័រណ៍ការងារ និងជំនាញដែលផ្តោតទៅលើវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ដោយមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួនជិត ២០ ស្ថាប័ន នឹងចូលរួមដាក់តាំងស្តង់បង្ហាញពីឱកាសការហាត់ហារ និង ការងារ ជាង ៤០០០ មុខតំណែង»។
កសាងសមត្ថភាព និងធនធានមនុស្ស និងផ្នែកអប់រំជារបៀបវារៈចម្បងមួយក្នុងចំណោមរបៀបវារៈចម្បងផ្សេងៗទៀតរបស់សមាគមធនាគារនៅកម្ពុជា។

លោកស្រី ផល-ឆាលម៍ ធានី អគ្គលេខាធិការនៃសមាគមធនាគារនៅកម្ពុជា បានឱ្យដឹងថា៖ «សមាគមបានបង្កើតគណៈកម្មាធិការអប់រំ និង បានផ្តួចផ្តើមបង្កើតវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុនេះ ដើម្បីធ្វើការលើកកម្ពស់ការអប់រំក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុ ដើម្បីកំណើន និងនិរន្តរភាពនៃវិស័យធនាគារនៅកម្ពុជា»។
ត្បិតតែវិស័យធនាគារ និងហិរញ្ញវត្ថុ នេះផ្តល់ជូននូវឱកាសការងារ និងតួនាទីជាច្រើន តែវិស័យនេះ ក៏ទាមទារនូវជំនាញ និងសមត្ថភាពផងដែរ។ នេះជាការលើកឡើងរបស់លោក សុខ លាភ ស្ថាបនិកក្រុមហ៊ុន SalaTech ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអប់រំមានកម្មវិធីទូរស័ព្ទ និងគេហទំព័រ ជួយគាំទ្រតម្រង់ទិសសិស្សានុសិស្ស ដើម្បីស្វែងយល់ពីចំណង់ចំណូលចិត្តរបស់ពួកគេ ក្នុងការជ្រើសរើស នូវមុខជំនាញ និងអាជីពការងារឱ្យបានត្រឹមត្រូវ។
លោក សុខ លាភ បានលើកទឹកចិត្តសិស្សានុសិស្សថា៖ « JOBS & SKILLS SUMMIT 2023 គឺជាឱកាសដ៏ល្អសម្រាប់និស្សិតដើម្បីស្វែងយល់បន្ថែម រៀបចំខ្លួន ទទួលបានចំណេះដឹង និងឱកាសដើម្បីទទួលបាន ការងារក្នុង វិស័យធនាគារ និងហិរញ្ញវត្ថុ ដែលជាវិស័យមួយក្នុងចំណោមវិស័យដែលមានភាពរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា»។
ក្រុមហ៊ុន SalaTech បានក្លាយជាដៃគូរបស់ IBF ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីគាំទ្រ និងសម្រេចបាននូវចក្ខុវិស័យរបស់ IBF ក្នុងការកសាងហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព តាមរយៈការកសាងសមត្ថភាព។

ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន វិទ្យាស្ថានបានរៀបចំវគ្គបណ្តុះបណ្តាលជំនាញ និង ផ្តល់វិញ្ញាបនបត្រដល់បុគ្កលិក-មន្រ្តី របស់វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ ចំនួនជិត ៤០០០០ នាក់ ដោយរាប់បញ្ចូលនូវ វគ្គកាតព្វកិច្ចតម្រូវដោយធនាគារជាតិ ដូចជា វគ្តប្រតិបត្តិតាមបទបញ្ញាតិ និងវគ្គការផ្តល់កម្ចីដោយទំនួលខុសត្រូវ ជាដើម។
កញ្ញា លី ម៉ីម៉ី អាយុ ២២ ឆ្នាំ ជានិស្សិតជំនាញផ្នែកហិរញ្ញវត្ថុ និងធនាគារ បានលើកឡើងថា៖ «សម្រាប់ខ្ញុំផ្ទាល់គឺការរៀបចំកម្មវិធីពិព័រណ៍ហ្នឹង សម្រាប់និស្សិតដែលកំពុងសិស្សា ឬគាត់បានសិក្សាចប់ហើយ ដើម្បីងាយស្រួលនៅក្នុងការរកការងារនៅតាមជំនាញដែលគាត់មានផ្ទាល់ខ្លួន ហើយគាត់ក៏អាចសាកសួរព័ត៌មានបន្ថែមទាក់ទងទៅនឹងការងារដែលគាត់ចាប់អារម្មណ៍ ដោយសារតែមានច្រើនស្ថាប័នមកចូលរួមតាំងពិព័រណ៍នៅចុងខែកញ្ញាខាងមុខហ្នឹង»។
និស្សិតកំពុងរៀនឆ្នាំទី៤ ជំនាញហិរញ្ញវត្ថុ និងធនាគារ មួយរូបទៀតបានសម្ដែងចំណាប់អារម្មណ៍ថា កញ្ញាគ្រោងនឹងបបួលមិត្តភ័ក្តិចូលរួមពិព័រណ៍ JOBS & SKILLS SUMMIT 2023 នេះផងដែរ។
កញ្ញា ជា ស្រីនុត អាយុ ១៩ឆ្នាំ បាននិយាយថា៖ «ខ្ញុំគិតថា ខ្ញុំច្បាស់ជាចូលរួមក្នុងកម្មវិធីហ្នឹងហើយ ពីព្រោះថាខ្ញុំក៏ដូចជានិស្សិតទាំងអស់កំពុងតែសិក្សាហ្នឹង គឺគាត់ត្រូវការឱកាសសម្រាប់ពួកគាត់ស្វែងរកការងារកំឡុងពេលដែលគេធ្វើពិព័រណ៍ការងារហ្នឹង។ ខ្ញុំគិតថា ខ្ញុំក៏ដូចជានិស្សិតទាំងអស់ដែរ គឺពិតជាចង់ចូលរួមពិព័រណ៍នៅសាកលវិទ្យាល័យនេះចុងខែដែរ»។

ដំណើរផ្សងព្រេងរៀងរាល់ថ្ងៃនៃតួអង្គទូរទស្សន៍កុមារដាណឺម៉ាក John Dillermand ដែលតួអង្គមានលិង្គវែងបំផុតក្នុងលោក។
រីឯនិស្សិត លី សុវណ្ណដានូ អាយុ ២០ កំពុងរៀនឆ្នាំទី៤ ផ្នែកហិរញ្ញវត្ថុ និងធនាគារ ដែលពុំធ្លាប់ចូលរួមពិព័រណ៍ការងារជំនាញបែបនេះពីមុនមក បាននិយាយ៖ «ពិព័រណ៍នេះមិនត្រឹមតែសម្រាប់និស្សិតថ្នាក់បញ្ចប់បរិញ្ញាបត្រនោះទេ ថែមទាំងល្អសម្រាប់សិស្សប្អូនជំនាន់ក្រោយ បានស្វែងយល់ទុកជាមុនពីការងារថ្មីៗ មកស្វែងយល់ពីអាជីពការងារពីបណ្ដាស្ថាប័នធនាគារជាច្រើន ដែលមករួមគ្នាតាំងពិព័រណ៍ក្នុងថ្ងៃតែមួយនេះ»។
លោកនាយកគ្រប់គ្រងទូទៅ វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ បានជំរុញឱ្យមានការផ្សព្វផ្សាយព័ត៌មានទៅដល់សិស្សនិស្សិត និងសាធារណជនឱ្យចូលរួមបានកុះករ តាមរយៈការចុះឈ្មោះលើកម្មវិធីទូរស័ព្ទដៃ IBF KH ដែលអាចទាញពី Appstore និង Playstore។ សម្រាប់ព័ត៌មានបន្ថែម សូមស្កេន QR Code ចូលទៅតេឡេក្រាមឆាណែលរបស់ JOBS & SKILLS SUMMIT. https://t.me/ibfjobs_skills_summit/50