គិត​ត្រឹម​ថ្ងៃទី​៥ ​ខែកញ្ញា ឆ្នាំ​២០២៣​នេះ រាជ​រដ្ឋាភិ​បាលបាន​ឧបត្ថម្ភ​សាច់​ប្រាក់​ជិត ​១,៥​ លាន​ដុល្លារ​ ដល់​កម្មក​រនិ​យោជិត​ជិត ​៣​៥ ០០០​ ពាន់​នាក់ ដែ​ល​បាន​ព្យួរ​កិច្ច​សន្យាការ​ងារ​ចាប់​តាំង​ពី​ខែមេសា​​មក ខណៈ​លោក​ ហេង ​សួរ រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​និង​បណ្តុះប​ណ្តាល​វិជ្ជា​ជីវៈបា​ន​អះ​អាង​ថា ស្ថាន​ភាព​ព្យួរ​កិច្ច​សន្យាកា​រងារ​​បច្ចុប្បន្ន​មិន​ធ្ងន់​ធ្ងរ​ដូច​ក្នុង​អំឡុ​ងពេល​វិបត្តិ​កូ​វីដ​ទេ​។​

​លោក​ ហេង សួរ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៦ កញ្ញា​ថា ​អំឡុង​ពេល​នៃ​ផល​ប៉ះ​ពាល់​បណ្តាល​មកពី​វិបត្តិ​សេដ្ឋ​កិច្ច​សកល​ក្នុង​ឆ្នាំ ​២០២៣​ នេះ ​មាន​រោង​ចក្រ​សហ​គ្រាស​ក្នុង​វិស័យ​កាត់​ដេរ និង​កម្ម​ករនិយោ​ជិត​មួយ​ចំនួន​ បាន​រង​ផល​ប៉ះ​ពាល់ ដែល​នាំឱ្យ​មាន​ការ​ព្យួរ​កិច្ច​សន្យា​ការងារ​។​

​លោក​បាន​បន្ត​ថា គិត​ក្នុង​ថ្ងៃទី ​៥ ​ខែកញ្ញា ឆ្នាំ ​២០២៣​ រោច​ក្រ សហ​គ្រាស​មួយ​ចំនួន​ធំបាន​បើក​ដំណើ​រការ​ផលិត​កម្មរ​បស់​ខ្លួន​ជា​ប្រក្រតី​ឡើង​វិញ​ហើយ​។​ដោយ​ឡែក​មាន​រោង​ចក្រ​សហ​គ្រាស​ត្រឹម​តែ​ជាង​ ៤០ ​ក្នុង​ចំណោម​រោង​ចក្រ​សហ​គ្រាស​សរុប​ជាង​១ ៣​០០​ ប៉ុណ្ណោះ​ដែល​កំពុង​ព្យួរ​កិច្ច​សន្យាការងារ​ដោយ​ផ្នែកនិង​រយៈ​ពេល​ខ្លី ក្នុង​នោះ​មាន​កម្ម​ករ​និយោ​ជិត​ប្រមាណ ​១​៩​ ០០០ ​​នាក់​។​

​លោកបា​ន​បញ្ជាក់​ថា​៖«​ស្ថាន​ភាព​ព្យួរ​កិច្ចស​ន្យាកា​រងារ​នាពេល​បច្ចុប្ប​ន្ននេះ មិន​ធ្ងន់ធ្ងរ​ដូច​ក្នុង​អំឡុ​ងពេល​វិបត្តិ​កូ​វីដ​១៩​ទេ​។ជាក់​ស្តែង​បើ​គិត​ក្នុង​ឆ្នាំ​២០២០​ជា​មធ្យម​មាន​រោង​ចក្រ​សហ​គ្រាស​ព្យួរ​កិច្ច​សន្យាកា​រងារ​ក្នុង​ថ្ងៃ​ប្រមាណ​ជាង​១០០​ឬ​ស្មើ​កម្មករ​និយោ​ជិត​ប្រមាណ​៦​ម៉ឺន​នាក់​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ​ចំនួន​រោងចក្រ​សហ​គ្រាស​ដែល​កំពុង​ព្យួរ​ក្នុង​ថ្ងៃជា​មធ្យម​មាន​ប្រមាណ​ជាង​៣០ដែល​ស្មើ​កម្មក​រនិយោ​ជិត​ជា​មធ្យម​ប្រមាណ​ជាង​១​ម៉ឺន​នាក់​ប៉ុណ្ណោះ ក្នុ​ង​១​ថ្ងៃ​»​។​

​បន្ថែម​ពីនេះ ​លោក​រដ្ឋម​ន្ត្រី ក៏​បាន​អះអាង​ដែរ​ថា ​គិត​ត្រឹម​ថ្ងៃទី​ ៥​ ខែកញ្ញា​ មាន​កម្មក​រនិយោជិត​ប្រមាណ​ជិត​ ៣៥ ០០០​នាក់ ​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​នេះ​ដែល​ស្មើ​ថវិកា​សរុប​ចំនួន​ជិត​៦ពាន់​លាន​រៀលឬ​ប្រមាណ​ជិត ​១,៥​ លាន​ដុល្លារ​ បន្ទាប់​ពី​រាជរដ្ឋាភិ​បាលបា​នស​ម្រេច​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មក​រនិយោ​ជិត​ដែល​បាន​ព្យួរ​កិច្ចស​ន្យា​ចាប់​ពី​ថ្ងៃទី​១​ ខែ​មេសា​ ឆ្នាំ​២០២៣​មក​។​

​ជា​មួយ​គ្នានេះ​ លោក​ក៏បាន​ណែនាំ​ដល់​កម្មករ​និយោជិ​តដែល​បាត់​បង់​ការងារ​ ឬ​មាន​បំណង​ផ្លាស់​ប្តូរ​ការងារ​ ឱ្យ​ស្វែង​រក​ឱកាស​ការងារ​តាម​រយៈ​ទីភ្នាក់ងា​រ​ជាតិ​មុខ​របរ​និង​ការងារ(NEA)ដែល​អាច​ជួយ​ស្វែង​រក​ការងារ​ជូន​ប​ងប្អូន​ ដោយ​ឥត​គិត​ថ្លៃ​។​

​លោក​បាន​បញ្ជាក់​ថា​៖«​រាជរដ្ឋា​ភិ​បាល ​មាន​ទីភ្នាក់​ងារ​ជាតិ​មុខ​របរ​និង​ការងារ (NEA) ដែល​ជួយ​ស្វែងរក​ការ​ងារ ជូន​បង​ប្អូន​ដោយ​ឥត​គិត​ថ្លៃ ហើយ​ជា​មួយ​គ្នានេះ​បង​ប្អូន​កម្មករ​និយោជិត​ក៏​អាច​មក​ចុះឈ្មោះ​​រៀនជំ​នាញ​បច្ចេក​ទេស ​នៅ​តាម​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល ​បច្ចេ​កទេស និង​វិជ្ជា​ជីវៈ​របស់ក្រ​សួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ​»​។​

​លោក​អាត់ ធន់ ប្រធាន​សហ​ភាព​ការងារ​កម្ពុជា​សាទរ​ចំពោះ​គោលន​យោបា​យ​ដែល​បាន​ដាក់​ចេញ​ក្នុង​ន័យ​គាំទ្រ​ដល់​ជីវភាព​កម្មករ​និយោ​ជិត ដែល​កំពុង​ប្រឈម​នឹង​ការ​ព្យូ​រកា​រងារ​ក្នុង​ពេល​បច្ចុប្បន្ន​។ ប៉ុន្តែ​លោក​ថា ចំពោះ​ក្រុម​ហ៊ុន​ ដែល​បន្ត​ព្យួរកា​រងា​រលើ​សពី​ច្បាប់​កំណត់​ គួរតែ​ផ្តល់​ប្រាក់​បៀវ​ត្ស​រ៍ និង​អត្ថ​ប្រយោជន៍​ពេញ​ដល់​ក​ម្មករ ហើយ​ក្រសួង​ក៏​គួរតែ​ពិនិត្យ​មើល​ក្រុម​ហ៊ុន​ណា​ដែល​ប្រកាស​ព្យួរ​ការងារ​កម្មករ​ញឹក​ញាប់​ដែល​បង្ក​ការ​ខាត​បង់​ដល់​កម្មករ​ផង​ដែរ​។​

​បន្ថែម​ពីនេះ​លោក ​អាត់ ធន់ ក៏​ចង់ឱ្យ​រដ្ឋា​ភិ​បាល ធា​នា​នូវ​ចំណែក​ទីផ្សារ ​និង​ការនាំ​ចេញ​ទៅ​សហ​គមន៍​អឺរ៉ុប ​និង​សហរ​ដ្ឋអា​មេរិក​ឱ្យ​បាន​ច្រើន ​ជា​ពិសេស​លទ្ធ​ភាព​រក្សា​ការ​អនុ​គ្រោះ​ពន្ធ ​និង​បង្កើន​ការងារ​ក្នុង​ស្រុក​ឱ្យ​បាន​ច្រើន​តាម​រយៈ​ការ​បង្កើន​ទំនាក់​ទំនង​ទៅ​ប្រទេស​ផ្សេង​ទៀត​ផង​ដែរ​។​

​លោក​បាន​បញ្ជាក់ថា​​៖«​ការ​បង្កើន​ការ​នាំចេ​ញ និង​បង្កើត​ការងារ​ដល់​កម្មករ​និយោ​ជិត គឺជា​រឿង​សំខាន់​ ព្រោះ​បើ​មិន​ដូច្នេះ​ទេ ​ចំនួន​ការ​ព្យួរអា​ច​នឹង​មាន​ច្រើន ​ហើយ​ផល​នៃ​ការបាត់​បង់​ការងារ​ក៏​ច្រើនដែ​ល​កម្មករ​ពិតជា​លំបាក ហើយ​គាត់​នឹង​មិន​មានល​ទ្ធភា​ព​អ្វី​ក្នុងការ​ទទួល​បាន​ប្រាក់​ឈ្នួល​ឬ​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ការចំ​ណាយ​ផ្សេ​ងៗ​នោះទេ​ ជាពិ​សេស​កម្មករ​ខ្លះ​ គាត់​ជំពាក់​លុយ​មីក្រូហិ​រញ្ញ​វត្ថុ​ទៀត ​អ៊ីចឹ​ង​ត្រូវតែ​បង្កើត​ការ​ងារ​ឱ្យ​បាន​ច្រើន​»​។

​ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោ​ក ប៉ែន បូ​ណា អ្នក​នាំពា​ក្យ​រាជ​រដ្ឋាភិ​បាល ​បាន​ថ្លែងថា​ រាជរដ្ឋាភិ​បាល​កម្ពុជា ​មាន​គោល​ជំហរ​ច្បាស់​លាស់ ​ហើយ​នៅតែ​មាន​ទីផ្សារ​ទៅ​កាន់​បណ្តា​ប្រទេស​នៅ​សហ​គមន៍​អឺរ៉ុប និង​សហ​រដ្ឋ​អាមេរិក​ដ​ដែល ​បើ​ទោះជា​​កម្ពុជា​គ្មាន​កត្តា​អនុ​គ្រោះ​ពន្ធ​ក៏​ដោយ។​

លោកបា​ន​អះអាង​ថា រដ្ឋាភិ​បាល​អាណត្តិ​ថ្មី ក៏​នៅតែ​រក្សា​គោលជំហ​រ​ដដែល​ក្នុង​ការមិន​យក​អធិ​បតេ​យ្យ​ជាតិ​ទៅ​ដោះ​ដូរ​នឹង​ជំនួយ​ជា​មួយ​ប្រទេស​ណា​ជា​ដាច់​ខាត ​ដោយ​លោក​ថ្លែង​ថា រដ្ឋាភិ​បាលនឹង​ប្រឹងប្រែង​ប្រកួត​ប្រជែង​បន្ថែម​ទៀត ដើម្បី​បង្កើន​ការ​នាំចេ​ញ​ទៅកា​ន់​ទីផ្សារ​ពិភព​លោក​​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​សូមកុំ​ច្រឡំ​ថា ការ​កាត់ EBA និង​GSP មាន​ន័យ​ថា ​កម្ពុជា​ បាត់​ការងារ​នោះ​។ កម្ពុជា នៅ​តែ​អាច​នាំ​ចេ​ញទៅ​អឺរ៉ុប និង​អាមេ​រិក​ដដែល ​គ្រាន់​តែ​ក្នុង​លក្ខណៈ​ប្រកួត​ប្រជែង​ដូច​គេ​ដូច​ឯង ​និង​បង់​ពន្ធ​។ យើង​អត់​មាន​បាត់​ទីផ្សារ​ទេ​»៕