ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រកាស​ដាក់ឱ្យអនុវត្ត​សាកល្បង​នូវ​ការផ្តល់សេវា​រដ្ឋបាល​តា​ម​ប្រព័ន្ធ​អន​​ឡាញ (Online)​ លើ​វិស័យ​ធំៗ​ចំនួន​ ៤ ​នៅ​អង្គភាព​ច្រកចេញចូល​តែ​ ១​ រាជ​​ធានី​ភ្នំពេញ ដើម្បី​ផ្តល់​សេវាសាធារណៈ​ឱ្យបាន​ឆាប់រហ័ស​ដល់​ប្រជាពលរដ្ឋ​។ យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​ ៦ ខែកញ្ញា ឆ្នាំ​ ២០២៣​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​នៅក្នុង​សេចក្តី​ជូន​ដំណឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ដាក់ឱ្យអនុវត្ត​សាកល្បង​ការទទួល​ពាក្យស្នើសុំ និង​ផ្តល់​សេវា​រដ្ឋបាល​តាម​ប្រព័ន្ធ​អន​ឡាញ លើ​វិស័យ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​, វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ​វិស័យ​វប្បធម៌ និង​វិចិត្រសិល្បៈ និង​វិស័យ​ទេសចរណ៍​។​

​លោកថ្លែងថា​៖ «​ការសម្រេច​ដាក់ឱ្យអនុវត្ត​សាកល្បង​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ គឺ​ដើម្បី​វិ​វ​ឌ្ឍ​ទៅតាម​យុគសម័យ​ឌីជីថល និង​សម្រេចបាន​នូវ​ការផ្តល់​សេវាសាធារណៈ​ឱ្យបាន​ឆាប់រហ័ស សន្សំសំចៃ​កម្រៃ និង​ពេលវេលា​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុងការ​មក​ដាក់ពាក្យ​ស្នើសុំ​ផ្ទាល់​នៅ​សាលា​រាជ​ធានី​ភ្នំពេញ​»​។​

​លោក សន ជ័យ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា នៅ​ថ្ងៃទី​ ៦ ខែកញ្ញា បាន​ថ្លែងថា ការ​ដាក់ឱ្យ​ដំណើរ​ផ្តល់​សេវា​រដ្ឋបាល​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​អង្គភាព​ច្រកចេញចូល​តែ​ ១ ​រាជធានី​ភ្នំពេញ នឹង​ជួយ​សម្រួល​ពេលវេលា​ដល់​ប្រជាពលរដ្ឋ​ដែល​រវល់​ការងារ ពិសេស​ស្របតាម​បច្ចេកវិទ្យា​ទំនើប ប៉ុន្តែ​ការផ្ដល់សេវា​រដ្ឋបាល​តា​ម​ប្រព័ន្ធ​អន​ឡាញ​នេះ នៅពេលណា​មាន​បញ្ហា​រអាក់រអួល​ប​ច្ចេក​ទេស​ណាមួយ តើន​រណា​ជា​អ្នក​បំភ្លឺ​ជូន​ប្រជាពលរដ្ឋ តើ​ជាការ​ឆ្លើយតបបាន​លឿន​ឬ​អត់​?​។​

​លោក សន ជ័យ បាន​បញ្ជាក់ថា​៖ «​ហេតុនេះ​ខ្ញុំ​យល់ថា រដ្ឋបាល​រាជធានី​​ភ្នំពេញ គួរតែបង្កើត​ឱ្យមាន​ក្រុម​តេ​ឡេ​​ក្រាម (Telegram)​ មួយ​ដែល​អាចឱ្យ​ប្រជាពលរដ្ឋ​ធ្វើការ​ស្វែងយល់​បន្ថែម អាច​សួរ​សំណួរ និង​ពិគ្រោះ​យោបល់​ពី​ការដាក់​ពាក្យសុំ ឬ​ការទទួលបាន​សេវាសាធារណៈ​ណាមួយ​បន្ថែម ទើប​ដំណើរ​ការ​នេះ​មាន​ប្រសិទ្ធភាព​បាន​»​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ដែរថា ការផ្តល់សេវា​រដ្ឋបាល​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ ប្រជាពលរដ្ឋ​ទាំងអស់​នៅតែ​អាចមក​ទំនាក់ទំនង​ស្នើសុំ​សេវា​ដោយផ្ទាល់​បាន​នៅ​អង្គភាព​ច្រកចេញចូល​តែ​ ១​ សាលា​រាជធានី​ភ្នំពេញ ដែលមាន​ទីតាំង នៅក្នុង​បរិវេណ​សាលា​រាជ​ធានី​ភ្នំពេញ​។ ប្រជាពលរដ្ឋ​ដែលមាន​បំណង​ចង់​ដាក់ពាក្យ​ស្នើសុំ​សេវា​រដ្ឋ​បាល​តាម​ប្រព័ន្ធ​អន​ឡាញ​អាច​ចូលទៅ​កាន់​គេហទំព័រ http://online.owso.gov.kh/. ដើម្បី​បង្កើត​គណនី​សម្រាប់​ស្នើសុំ​សេវា​រដ្ឋបាល ទាំង​ ៤ ​វិស័យនេះ ដោយ​ភ្ជាប់​ឯកសារ​ពាក់ព័ន្ធ​នានា​ទៅតាម​ការណែនាំ​ក្នុង​ជំហាន​នីមួយៗ​៕