កណ្ដា​លៈ​អភិ​បាល​ខេត្ត​កណ្ដាល​ លោក ​គង់ សោ​ភ័​ណ្ឌ ​បាន​ជំរុញ​​ឱ្យ​កង​កម្លាំង​ អាជ្ញា​ធរ​ក្រុង​-​ស្រុក​ទាំង​ ១៣ ​មន្ទីរ​អង្គ​ភាព​ជុំវិញ​ខេត្ត ​និង​អ្នក​ពាក់​ព័ន្ធ​ក្នុង​មូល​ដ្ឋាន​ខេត្ត​កណ្តា​ទាំង​អស់ឱ្យ​​ខិតខំ​ពង្រឹង​ការអ​នុវត្ត​ច្បាប់ និង​ត្រូវចា​ត់វិធានកា​រ​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​គ្រប់​ប្រភេទ​ឱ្យមាន​ប្រសិទ្ធ​ភាព​ថែម​ទៀត​។

ការ​ជំរុញ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែសីហា ​និង​លើក​ទិសដៅ​អនុវត្ត​បន្ត​សម្រាប់​ខែ​កញ្ញា ​ឆ្នាំ​២០២៣ ​របស់​រដ្ឋ​បាល​ខេត្ត​កណ្ដាល ​កាល​ថ្ងៃទី​៦ ​ខែកញ្ញា ឆ្នាំ​២០២៣​ដើម្បី​ពិនិត្យ​លើ​សមិទ្ធ​ផល​ការងារ​ជា​ច្រើន​ រួមជា​មួយ​សំណូម​ពរ​ បញ្ហា​ប្រឈម និង​ទិសដៅ​ការងារ​អនុវត្ត​បន្ត​។

​ក្នុង​ឱកាស​នោះ​​ លោក គង់ សោ​ភ័​ណ្ឌ ​បាន​ណែនាំ​ដល់​អភិបាល​ក្រុង​-​ស្រុក​ទាំង​១៣ ពិសេស​អាជ្ញា​ធរ​ពាក់​ព័ន្ធ​នៅ​ក្នុង​ខេត្ត ​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​ត្រូវ​ចាត់​វិធានការ​បង្ក្រាប​ប​ទ​ល្មើ​សគ្រប់​ប្រភេទ​។​

​លោក​ថ្លែង​ថា​៖«​សូម​ឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​ពង្រឹង​ច្បាប់និង​ត្រូវ​ចាត់​វិធា​នការ​បង្ក្រាប​បទ​ល្មើស​គ្រប់​ប្រភេទ​ដូច​ជា ​ល្បែង​ស៊ីសង​ខុស​ច្បាប់​គ្រប់​ប្រភេទ​ បញ្ហា​គ្រឿង​ញៀន ការ​ជួញដូរ​មនុស្ស ​និង​ការ​បង្ខិត​បង្ខំ​ពល​កម្ម ឱ្យ​មាន​ប្រសិទ្ធ​ភាពនិង​ឱ្យ​បាន​តឹង​រ៉ឹង​ជាប់​ជា​ប្រចាំ​ថែម​ទៀត​»​។​

​ជា​មួយ​គ្នានេះ​លោក​ក៏​ណែ​នាំឱ្យ​អាជ្ញា​ធរ​បន្ត​ចុះ​មូល​ដ្ឋាន​ឱ្យបាន​​ជា​ប្រចាំនិង​ត្រូវ​បន្ត​រួមគ្នា​ខិតខំ​ដោះ​ស្រាយ​សំណូម​ពរ ​និងបញ្ហា​ប្រឈម​នានា ​នៅ​តាម​មូល​ដ្ឋាន​ ប្រកប​ដោយ​តម្លា​ភាព ​ជាពិសេស​ដោះ​ស្រាយ​រាល់​សំណូម​ពរ ​និង​បញ្ហា​ប្រឈម​ដែល​ត្រូវ​បាន​លើក​ឡើង​ក្នុង​វេទិកា​សា​ធារណៈ នាពេ​ល​កន្លង​មក​ផង​ដែរ​។

អភិ​បាល​ខេត្ត​កណ្តាល​បាន​ប​ន្ត​ថា​៖« អាជ្ញាធរ​គ្រប់​លំដាប់​​ថ្នាក់ និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ត្រូវ​បន្ត​យក​ចិត្តទុក​ដាក់​ក្នុង​ការ​ផ្តល់​សេវា​សា​ធារណៈ​នានា ​ជូន​ប្រជា​ពលរដ្ឋ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ​ ដែល​កាន់​តែ​មាន​ការ​កើន​ឡើង ហើយ​ចំពោះ​ការផ្ដ​ល់សេវា​​រដ្ឋបាល​តា​ម​ការិយា​ល័យ​ច្រកចេញ​ចូល​​តែ១​​វិញ​ក៏ត្រូវ​បន្ត​លើក​កម្ពស់​ស្មា​រតី​ទទួល​ខុស​ត្រូវ​លើ​កិច្ចកា​រងា​រ ដើម្បី​ធានា​ថា ​ប្រជា​ពលរដ្ឋ​គ្រប់រូប​ទទួល​បាន​សេវា​រដ្ឋ​បាល កាន់​តែ​ងាយ​ស្រួល និង​កាន់​តែ​ឆាប់​ប្រកប​ដោយ​តម្លា​ភាព​»​។

ជុំវិញ​រឿង​នេះ ​នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​លីកាដូ ​លោក​ អំ សំអាត បានថ្លែង​ថា ​ការជំរុ​ញឱ្យ​មាន​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​ត្រូវ​ចាត់​វិធាន​ការ​បង្ក្រាប​ប​ទ​ល្មើស​គ្រប់​ប្រភេទ ​ពិសេស​បទ​ល្មើសល្បែង​ស៊ីស​ង​ខុស​ច្បាប់​ បញ្ហា​គ្រឿង​ញៀន និង​ការ​ជួញដូរ​មនុស្ស​គឺជា​កិច្ចការ​សំខាន់ ​ដែល​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ត្រូវ​ចាត់​វិធាន​ការ​បន្ទាន់​។​

លោក​បាន​​បញ្ជាក់​ថា​៖«​ដើម្បី​សម្រេច​កិច្ច​ការងារ​នេះ ​ បញ្ហា​នេះ គឺ​ទាម​ទារ​ឱ្យ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​របស់​សមត្ថ​កិច្ច ​ជាពិ​សេស​ការ​អនុវត្ត​គោល​នយោ​បាយ​ ភូមិ​-​ឃុំ​-​សង្កាត់ ​មាន​សុវត្ថិ​ភាព ឱ្យ​កាន់​តែ​ល្អ និង​មាន​ប្រសិទ្ធ​ភាព​ថែម​ទៀត​ និង​ត្រូវ​បង្កើន​កិច្ចស​ហកា​រ​ល្អជា​មួយ​ភាគី​ពាក់​ព័ន្ធ​ឱ្យបាន​កាន់តែ​រឹងមាំ​ថែមទៀ​ត​»​។​

​រដ្ឋបាល​ខេត្ត​កណ្តាលបានឱ្យដឹង​ដែរថា ពាក់​ព័ន្ធ​នឹង​ការអ​នុវត្ត​គោល​នយោ​បាយ​ភូមិ ឃុំ សង្កាត់​ មាន​សុវ​ត្ថិភាព ​ដោយ​សារមានការ​ខិតខំ​ប្រឹ​ងប្រែង​​ពីអាជ្ញាធរបានធ្វើឱ្យ​បទល្មើ​ស​នានាថយចុះ​គួរឱ្យកត់​សម្គាល់​។

ជាក់ស្ដែ​ង​ក្នុង​ឆ្នាំ​២០២២បទ​ល្មើស​មាន​ការ​ថយចុះ​៧៨​ភាគរយ​ គួបផ្សំ​ប្រតិ​បត្តិ​ការបង្ក្រាប​ទទួល​បានលទ្ធផល​ខ្ពស់​រហូត​ដល់​ ៩៦ភាគរយ​ លើក​លែង​តែ​គ្រោះថ្នាក់​ចរាច​រណ៍ ដែល​មាន​ការកើន​ឡើង១៩​លើក​ ស្មើ​នឹង​១០​ភាគ​រយ។​

នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ ក្រៅ​ពី​ស្នើឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ពង្រឹង​ការអ​នុវត្ត​ច្បាប់ និង​ត្រូវ​ចាត់​វិធានការ​បង្ក្រាប​ប​ទ​ល្មើស​គ្រប់​ប្រភេទ​ហើយនោះ ​លោក គង់ សោ​ភ័​ណ្ឌ ក៏បាន​ណែនាំ​ដល់​អភិបាល​ក្រុង​-​ស្រុក​ទាំង​១៣​ នៅក្នុង​ខេត្ត ​រួមជាមួ​យ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្តត្រូវ​បង្ក្រាប​ឱ្យបាន​​បទល្មើស​នេសាទ​ខុស​ច្បាប់​នៅតាម​ស្ទឹង ​បឹង ព្រែក ពិសេស​បទ​ល្មើស​ឆក់ត្រី​តាម​ដង​ទន្លេ​នៅ​ក្នុង​ភូមិសា​ស្ត្រ​ខេត្តក​ណ្ដាល​ផង​ដែរ​៕