ពិធី​សមយុទ្ធ​សុខាភិបាល​យោធា​រួមគ្នា «ទេវតា​សន្តិភាព-ឆ្នាំ២០២៣» ក្រោម​ប្រធាន​បទ«ប្រតិបត្តិការ​សង្គ្រោះ​សុខាភិបាល មនុស្សធម៌​អន្តរជាតិ​រួមគ្នា នៅ​តំបន់​គ្រោះ​មហន្តរាយ ខ្យល់ព្យុះ និង​ទឹកជំនន់ ធ្ងន់ធ្ងរ» រវាង​កងទ័ព កម្ពុជា-ចិន នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ចាប់​ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃ​ទី២៦ ខែ​កញ្ញា ឆ្នាំ​២០២៣ ដោយ​ផ្តោត​សំខាន់​លើ​ការ​ពង្រាយ​កម្លាំង​សុខាភិបាល​រួមគ្នា​ជួយ​ដល់​តំបន់​រងគ្រោះ​មហន្តរាយ។

ដើម្បី​ឱ្យ​ពិធី​ខាងលើ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​រលូន និង​មាន​សុវត្ថិភាព លោក ស សំបូរធន នាយសេនាធិការ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នៅ​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ ២០២៣ បាន​បើក​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ ការពារ​សន្តិសុខ រក្សា​សណ្ដាប់ធ្នាប់ និង​សង្គ្រោះ​បន្ទាន់​នេះ តាម​រយៈ​វីដេអូ​ពី​ចម្ងាយ ដោយ​មាន​ភាគី​ពាក់ព័ន្ធ​ចូលរួម​ជាង ១០០នាក់ មកពី​ស្នងការដ្ឋាន​ទាំង ៧ ការិយាល័យ​ជំនាញ នាយ​ទាហាន​នៃ​កងរាជអាវុធហត្ថ​នៅ​តាម​បណ្ដា​បញ្ជា​ការដ្ឋាន​កងរាជ​អាវុធហត្ថ​រាជធានី ខេត្ត​ដែល​មាន​ការ​ពាក់ព័ន្ធ។

ខេត្ត​ពាក់ព័ន្ធ​រួម​មាន បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពង់ធំ និង​អង្គភាព​ចំណុះ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស។

យោង​តាម​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សមយុទ្ធ​សុខាភិបាល​យោធា​រួមគ្នា រវាង​កងយោធពល​ខេមភូមិន្ទ និង កងទ័ព​រំដោះ​ប្រជាជន​ចិន៖​«ផ្តោត​លើ​ការ​បញ្ជា​កម្លាំង​សុខាភិបាល​រួមគ្នា ការ​ដឹក​ជញ្ជូន​កម្លាំងទ័ព ការ​ពង្រាយ​កម្លាំង​ប្រតិបត្តិការ ការ​ជួយ​សង្គ្រោះ​នៅ​ទីតាំង​រងគ្រោះ ការ​ផ្ទេរ​បញ្ជូន​អ្នក​រងគ្រោះ​ព្យាបាល​បន្ត ការ​បញ្ជូន​អ្នក​រងគ្រោះ​តាម​ផ្លូវអាកាស និង ការ​ការពារ​បង្ការ​ជំងឺ​ឆ្លង»។

ការ​ធ្វើសមយុទ្ធ​នេះ នឹង​ធ្វើ​នៅទី​តាំង ៤ កន្លែង រួមមាន១ បញ្ជា​ការដ្ឋាន​ទ័ព​ពិសេស កងទ័ព​ជើងគោក (អតីត​កងពល​តូច 911) ២ មន្ទីរពេទ្យ​ព្រះកេតុមាលា ៣ ព្រលាន​យន្តហោះ​យោធា និង៤ មន្ទីរពេទ្យ​យោធភូមិភាគ​ទី៤ ខេត្តសៀមរាប។

មុន​ពិធី​ធ្វើ​សមយុទ្ធ​មកដល់ លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការ​រង នាយសេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ បាន​អនុញ្ញាត​ឱ្យប្រតិភូ​ក្រុម​ការងារ​បច្ចេកទេស​លំហាត់​សុខាភិបាល​យោធា​រួមគ្នា​ទេវតា​សន្តិភាព ឆ្នាំ ២០២៣ កងទ័ព​រំដោះ​ប្រជាជន​ចិន ដឹក​នាំ​ដោយលោក ប៊ី គ័ងយៀន (Bi Guangyuen) ប្រធាន​មជ្ឈមណ្ឌល​កិច្ច​សហប្រតិបត្តិការ​វេជ្ជសាស្ត្រ​យោធា អគ្គនាយកដ្ឋាន​ផ្គត់ផ្គង់ ភ័ស្តុភារ នៃគណៈកម្មាធិការ​យោធា​មជ្ឈិម​កងទ័ព​រំដោះ​ប្រជាជន​ចិន ចូល​ជួប​កាល​ពីថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ ២០២៣ នេះ ។

ក្នុង​ជំនួប​នោះ លោក ឥត សារ៉ាត់ ថ្លែងថា៖ «ដូច​ដែល​យើង​ទាំងអស់​គ្នា​បាន​ដឹង​ហើយ​ថា កងទ័ព​ប្រទេស​យើង​ទាំងពីរ កម្ពុជា-ចិន បានធ្វើ​សមយុទ្ធ​រួមគ្នា​ចំនួន ៥ លើក​រួច​មក​ហើយ ដែល​ទំហំ​នៃ​សមយុទ្ធ​ទាំងនោះ​កាន់តែ​មាន​លក្ខណៈ​ទំនើប​ទៅៗ និង​ធំឡើងៗ ជា​លំដាប់ ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​ប្រឆាំង​ភេរវកម្ម ការងារ​សង្គ្រោះ​គ្រោះ​មហន្តរាយ ការងារ​មនុស្ស​ធម៌ ដើម្បី​សន្តិសុខ​ក្នុង​តំបន់»។

លោក​បញ្ជាក់​ទៀត​ថា៖ «ជាក់ស្ដែង ឆ្នាំនេះ យើង​ទើប​តែ​នឹង​បញ្ចប់​សមយុទ្ធ​រួមគ្នា​រវាង​កងទ័ព​ទាំងពីរ​ កម្ពុជា-ចិន គឺ​សមយុទ្ធ​នាគមាស ២០២៣ ក្រោម​ប្រធានបទ «ប្រតិបត្តិការ​ការពារ​សន្តិសុខ​ក្នុង​ព្រឹត្តិការណ៍​ធំៗ និង ការ​ជួយ​សង្គ្រោះ​មនុស្ស​ធម៌​នៃ​កងទ័ព​ប្រទេស​ទាំងពីរ​កម្ពុជា-ចិន» នៅ​ទីលាន​បាញ់​គ្រាប់​ពិត​នៃ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​តំបន់​ភ្នំ​ជុំសែន​រីករាយ ក្នុង​ភូមិសាស្ត្រ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង»។

បើតាម ឥត សារ៉ាត់ ឆ្លង​តាម​រយៈ​នៃ​ការ​ធ្វើ​សមយុទ្ធ​នាគមាស ២០២៣ កងទ័ព​ប្រទេស​ទាំងពីរ បាន​ឯកភាព​គ្នា​ថា នឹង​រៀបចំ​ធ្វើ​សមយុទ្ធ​ថ្មីមួយ​ទៀត​ដែល​បាន​ដាក់​ឈ្មោះ​ថា​ «លំហាត់​សមយុទ្ធ​ការងារ​មនុស្សធម៌ ផ្នែក​សុខាភិបាល​យោធា​រួមគ្នា ទេវតា​សន្តិភាព ឆ្នាំ ២០២៣ កម្ពុជា-ចិន»។

ជាមួយគ្នានោះ លោក ប៊ី គ័ងយៀន បញ្ជាក់ថា៖ «ការ​រៀបចំ​ធ្វើ​លំហាត់​សមយុទ្ធ​សុខាភិបាល​យោធា​រួមគ្នា ទេវតា​សន្តិភាព-ឆ្នាំ២០២៣ លើកនេះ នឹង​បង្ហាញ​ដល់​ពិភពលោក​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ថា មិត្ត​ដែកថែប​មិន​អាច​បំបែក​បំបាក់​ ចិន-កម្ពុជា បាន​ពូនជ្រុំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដោយ​ថ្នាក់​ដឹក​នាំ​ជំនាន់​មុន នៃ​ប្រទេស​ទាំងពីរ និង​បន្ត​រីកចម្រើន​កាន់តែ​ខ្លាំងក្លា​ក្នុង​រយៈពេល ៦៥ ឆ្នាំ ក្រោយ​ពី​ការ​បង្កើត​ការ​ទូត​ដែលបង្ហាញ​ពី​ទំនាក់ទំនង​អន្តរជាតិ​បែបថ្មី»៕