នៅ​ក្នុង​វេទិកា​ទឹក​អន្តរជាតិ មេគង្គ-កូរ៉េ លើក​ទី​២ ដែល​ធ្វើឡើង​នៅ​ប្រទេស កូរ៉េខាងត្បូង តំណាង​កម្ពុជា​បាន​ស្នើ​ឱ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុង​ការ​បង្កើន​ភាព​ជា​ដៃគូ​អន្តរជាតិ និង​កិច្ច​គាំទ្រ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​បាន​កើត​មាន​ឡើង​ក្នុង​អាង​ទន្លេមេគង្គ រួមមាន រំហូរ​ទឹក​ទន្លេ​មេគង្គ​ទាប និង​ការ​ធ្លាក់​ចុះ​ផល​ស្តុក​ត្រី ជាដើម។

រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក អាន ពេជ្រ ហត្ថដា កាល​ពីថ្ងៃទី ៨ ខែ​កញ្ញា តំណាង​រដ្ឋមន្រ្តី​លោក ថោ ជេដ្ឋា ប្រធាន​គណៈកម្មាធិការជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចូលរួម​ក្នុង​វេទិកា​ទឹក​អន្តរជាតិ មេគង្គ-កូរ៉េ លើក​ទី២ ក្រោម​ប្រធានបទ «ភាព​ធន់នឹង​អាកាសធាតុ តាម​រយៈការ​គ្រប់គ្រង​ធនធាន​ទឹក​បែប​ឌីជីថល​នៅ​ក្នុង​តំបន់​ទន្លេមេគង្គ» នៅ​ទីក្រុង Incheon ប្រទេសកូរ៉េ។

ក្រសួង​ធនធានទឹក​កម្ពុជា បាន​ឱ្យ​ដឹង​ថា គោល​បំណង​នៃ​វេទិកា គឺ​ពង្រឹងកិច្ច​សហការ​រវាង​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន តាម​រយៈកំណត់​ភាព​ស៊ី​សង្វាក់​គ្នា​រវាង​តម្រូវការ​របស់​រដ្ឋាភិបាល​ប្រទេស​មេគង្គ ជំនាញ​បច្ចេកវិទ្យា​នៃ​វិស័យ​ឯកជន និង​បទពិសោធន៍​ដែល​ផ្តល់​ដោយ​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​គម្រោង​ជាក់ស្តែង និង​ការ​អនុវត្ត​ដែល​លើក​កម្ពស់​ដល់​ការ​គ្រប់គ្រង​ធនធាន​ទឹក​នៅ​ក្នុង​តំបន់​មេគង្គ​ប្រកប​ដោយ​និរន្តរភាព។

ថ្លែង​ក្នុង​វេទិកា​នោះ លោក អាន ពេជ្រ ហត្ថដា បាន​សង្កត់ធ្ងន់​លើ​តម្រូវ​ការ​រក្សា​រំហូរ​ទឹក​ឱ្យ​មាន​សុខភាព​ល្អ និង​ការពារ​ទន្លេសាប ដែល​ជាបេះដូង​នៃ​ប្រទេស​កម្ពុជា និង​អាង​ទន្លេ​មេគង្គ​ក្រោម ដោយ​បញ្ជាក់​ជំហរ​ចង់​ឱ្យ​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​ការ​ទទួល​ខុសត្រូវ។ បន្ថែម​ពីនេះ លោក​បាន​ស្នើឱ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុង​ការ​បង្កើន​ភាព​ជា​ដៃគូ​អន្តរជាតិ និង​កិច្ច​គាំទ្រ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​បាន​កើតមាន​ឡើង​ក្នុង​អាង​ទន្លេមេគង្គ រួមមាន រំហូរទឹក​ទន្លេ​មេគង្គ​ទាប ការ​ធ្លាក់ចុះ​ផលស្តុក​ត្រី និង រំហូរ​ចូល​បឹង​ទន្លេសាប​ទាប។

លោក​ក៏​បាន​ជួប​ពិភាក្សា​ការងារ និង​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ដាច់​ដោយឡែក​ចំនួន​បួន រួមមាន ជាមួយ​នាយកប្រតិបត្តិ​នៃលេខាធិការដ្ឋាន MRC និង​ដៃគូ​អភិវឌ្ឍន៍​ជា​តំណាង​ក្រសួង​ការបរទេស និង​ពាណិជ្ជកម្ម អូស្ត្រាលី ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ និង K-water របស់កូរ៉េ។

នៅក្នុង​ជំនួប​នោះ រដ្ឋលេខាធិការ​កម្ពុជា បាន​លើកឡើង​ពី​អាទិភាព​នៃ​ការ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​ថ្មី​នៃ​កម្ពុជា និង​ក្រសួង ធនធានទឹក និង​ឧតុនិយម លើ​វិស័យ​អាទិភាព​មួយ​ចំនួន រួមមាន ប្រព័ន្ធធារាសាស្ត្រ ប្រកប​ដោយ​ចីរភាព ប្រព័ន្ធ​គាំទ្រ​ការ​ធ្វើ​សម្រេច​ចិត្ត​ទំនើប មជ្ឈមណ្ឌល​អាកាសធាតុជាតិ និង​ប្រព័ន្ធ​ព្យាករណ៍​ទឹកជំនន់ និង ភាព​រាំងស្ងួត។

ជាមួយគ្នានេះ ប្រទេស​តំណាង​ដៃគូ​អភិវឌ្ឍន៍​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ទស្សន​វិស័យ​ច្បាស់លាស់ និង​តម្រូវ​ការ​ជា​អាទិភាព និង បាន​បង្ហាញសុច្ឆន្ទៈ​ត្រៀម​គាំទ្រ​ដល់​របៀបវារៈ​សំខាន់ៗ​នៃ​កិច្ច​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​ថ្មី៕