​ភ្នំពេញៈ មន្ត្រី​ជំនាញ​នៃ​អគ្គនាយក​ដ្ឋា​ន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ប្រចាំខេត្ត​ពោធិ៍សាត់ បាន​ស្រង់​យក​គំរូ​សំណាក​ស្រាថ្នាំ​ដែល​ពាក់ព័ន្ធ​បណ្ដាលឱ្យ​បុរស​ម្នាក់​ស្លាប់ បញ្ជូនទៅ​មន្ទីរពិសោធន៍​នៅ​រាជធានី​​ភ្នំពេញ​ដើម្បី​ពិនិត្យ​រក​សារធាតុពុល បើទោះបី​សមត្ថកិច្ច​សន្និដ្ឋាន​បឋម​ថា ជា​ករណី​ស្លាប់​ព្រោះ​ខ្យល់គ​។​

​លោក ផាន អូន ប្រតិភូ​រាជ​រដ្ឋា​ភិ​​បាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គ​នាយក​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១០ កញ្ញា​ថា សំណាក​គំរូ​ស្រា​នោះ ត្រូវបាន​បញ្ជូនមក​ម​ន្ទីរ​ពិសោធន៍​ធំ​នៃ​អគ្គ​នាយកដ្ឋាន ក​.​ប​.​ប ហើយ ហើយ​ដោយសារតែ​ការពិសោធ​ត្រូវការ​ពេល​គឺ​មិនទាន់មាន​លទ្ធផល​នៅឡើយ​ទេ​។

លោក បាន​បញ្ជាក់ថា​៖ «​យើង​មិនទាន់​ចេញ​លទ្ធផល​ទេ ចាំមើល​ថ្ងៃ​ចន្ទ​។ ហើយ​ដើម្បី​ឆ្លើយតប​នឹង​ករណី​ពុល​ស្រា​នេះ ក​.​ប​.​ប យើង​កំពុង​ធ្វើ​យុទ្ធនា​ការ​ដើម្បី​ចុះ​អប់រំ​ផ្សព្វផ្សាយ​ទៅដល់​ពលរដ្ឋ​ដែល​រស់នៅ​ ១៨​ ខេត្ត​។ យើង​ឃើញថា ប្រជាពលរដ្ឋ​យើង នៅតែ​ខ្វះ​ការយកចិត្តទុកដាក់​អ៊ីចឹង ជាពិសេស​គឺ​ករណី​ស្រាស ស្រាថ្នាំ​នេះ​»​។​

​កាលពី​ថ្ងៃទី ​៧ ខែកញ្ញា សមត្ថកិច្ច​ជំនាញ​ខេត្តពោធិ៍សាត់ បាន​ចុះ​ទៅដល់ កន្លែងកើតហេតុ និង​ធ្វើ​កោសល្យវិច័យ បន្ទាប់​ទទួលបាន​ការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​មនុស្ស​ម្នាក់ ស្លាប់ ក្រោយ​ជុំគ្នា​ផឹកស្រា​ថ្នាំ​។ អ្នក​ស្លាប់​ឈ្មោះ ព័ន្ធ រិ​ទ្ធ ភេទ​ប្រុស អាយុ ៤០ ​ឆ្នាំ ជនជាតិខ្មែរ មានមុខរ​បរជាកសិក​រ រស់នៅក្នុង​ភូមិ​ព្នៅ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។​

​តាម​របាយការណ៍​រប​ស់​អធិការ​នគរ​​បាល​ស្រុក​បាកាន ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃទី​ ១០ ខែកញ្ញា បានឱ្យដឹងថា ជនរងគ្រោះ​ស្លាប់​នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ កឹ​ក តុញ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ស្ថិតនៅ​ក្នុងភូមិ​ព្នៅ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្ត​ពោធិ៍​សាត់ ដែល​ជាទី​ជួបជុំគ្នា​ផឹកស្រា​។​

​លោក នាង វុ​ធ អធិការនគរបាល​ស្រុក​បាកាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ថែមថា ក្រោយ​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​ជំនាញ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បានធ្វើ​កោសល្យ​វិច័យ ដោយ​ក្នុងនោះ ការពិនិត្យ​ស្លាក​ស្នាម​លើ​សាកសព គឺ​គ្មាន​ស្លាកស្នាម​អ្វី​នោះទេ ហើយ​ប្រដាប់ភេទ និង​ទ្វារ​​លាមក ក៏​គ្មាន​សញ្ញា​អ្វីដែល​សង្ស័យ ពាក់ព័ន្ធ​នឹង​ការពុល​ដែរ​។

​លោក បាន​អះអាងថា មន្ត្រី​ជំនាញ បានធ្វើការ​សន្និដ្ឋាន​ជាបឋម​ក្រោយ​ធ្វើ​កោសល្យវិច័យ​នេះ​ថា ជនរងគ្រោះ អាច​ស្លាប់​ដោយសារ​គាំងបេះដូង ឬ​ខ្យល់គ ប៉ុន្តែ​ដោយហេតុ​ការណ៍ កើតឡើង​ភ្លាមៗ បន្ទាប់​ជនរងគ្រោះ​បាន​ពិសា​ស្រា ដូច្នេះ មន្ត្រី​ជំនាញ​នៃ​ក​.​ប​.​ប បាន​សហ​ការយក​គំរូ​ស្រាថ្នាំ​នោះ យកទៅ​ពិសោធ​ដើម្បី​ពិនិត្យ​រក​សារធាតុពុល ចៀសវាង​បង្ក​គ្រោះ​​ថ្នាក់​ដល់​ពលរដ្ឋ​ដទៃទៀត ខណៈ​សមត្ថកិច្ច ក៏បាន​ប្រមូល និង​ដកហូត​ស្រា​ទាំងនោះ ពី​កន្លែង​ចែកចាយ ដើម្បី​យកមក​រក្សាទុក​ផងដែរ​។​

​លោក បាន​បញ្ជាក់ថា​៖ «​យើង​ធ្វើ​កោសល្យវិច័យ ហើយ​ស្របពេលនោះ ក៏មាន​អ្នក​ផឹកស្រា​ជាមួយ​គាត់ ​២ ​នាក់ ទៀត​ដែរ ដែល​គាត់ មិនមាន​បញ្ហា​អ្វី​គួរឱ្យ​សង្ស័យ បន្ទាប់ពី​បាន​ផឹកស្រា​ជា​មួយ​គ្នា​មក​។ យ៉ាងណា យើង​បាន​សុំ​គោលការណ៍ និង​ស្រាវជ្រាវ​ពី​កន្លែង​ដែល​ពួកគាត់​បាន​ទិញ ដើម្បី​ដកហូត​ស្រា​ទាំងនោះ យកមក​រក្សាទុក​ភ្លាមៗ ដើម្បី​រង់ចាំ​លទ្ធផល​ពី​មន្ទីរពិសោធន៍​ប៉ុន្តែ​លទ្ធផល យើង​មិនទាន់​ទទួល​បាន​នៅឡើយ​ទេ​»​។​

​កាលពី​ថ្ងៃទី ​៨ ខែកញ្ញា ឆ្នាំ​២ ០២៣ មន្ត្រី​ជំនាញ ក​.​ប​.​ប​. សាខា​ខេត្ត​ពោធិ៍​សាត់ ដោយមាន​ការយល់ព្រម​ពី​ព្រះ​រាជអាជ្ញា​ខេត្ត បាន​ចុះទៅ​ដល់ទី​កន្លែងកើតហេតុ ហើយ​ក្រោយពី​មន្ត្រី​ជំនាញ​ពិនិត្យ​បឋម​រួចមក មន្ត្រី​ក៏បាន​ស្រង់​យក​សំណាក​គំរូ​បញ្ជូនទៅ​មន្ទីរ​ពិសោធន៍​ធំ​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប ដើម្បី​ពិនិត្យ​រក​សារធាតុពុល​។

​ខេត្តពោធិ៍សាត់​ជា​ខេត្ត​ដែលមាន​ករណី​ពុល​ស្រា​ដែល​បណ្តាលឱ្យមាន​ជនរងគ្រោះ​ស្លាប់​ច្រើន ហើយ​កាលពី​ខែមិថុនា ឆ្នាំ​ ២០២១ មាន​ជន​រង​គ្រោះ ១៣ ​នាក់​ស្លាប់ និង​ប្រមាណ​ជិត​ ១០០​ នាក់​បាន​សង្គ្រោះ​រួច​ពី​គ្រោះថ្នាក់​បន្ទាប់ពី​ជុំគ្នា​ពិសា​ស្រា​ក្នុង​ពិធី​​បុណ្យសព ​១ ​កន្លែង ស្ថិត​ស្រុក​ក្រគរ​។ ជំងឺ​បណ្តាលមកពី​ម្ហូបអាហារ​នៅតែ​ជា​បញ្ហា​ប្រឈម​សុខភាព​សាធារណៈ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​៕