
ស្នងការដ្ឋាននគរបាលខេត្តកំពតបើកកិច្ចប្រជុំនាពេលកន្លងមក។ រូបថត ប៉ូលីស
កំពត/កណ្ដាលៈ សមត្ថកិច្ចខេត្ដមួយចំនួនបានប្រកាសពីវិធានការនានាដើម្បីទប់ស្កាត់ចលាចលបណ្តាលមកពីក្រុមក្មេងទំនើងដែលបង្កការកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យក្នុងមួយរយៈក្រោយនេះ ខណៈអ្នកឃ្លាំមើលបញ្ហាសង្គម ចង់ឃើញការដាក់ចេញវិធានការត្រឹមត្រូវដើម្បីបង្ការទប់ស្កាត់កុំឱ្យមានភាពអសន្តិសុខក្នុងសង្គម។
មួយរយៈចុងក្រោយនេះ មានករណីក្មេងទំនើងបានបង្កអំពើហិង្សា និងការកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យដែលបណ្តាលឱ្យមានអ្នករងគ្រោះ និងរហូតដល់ស្លាប់ជាបន្តបន្ទាប់ដែលហេតុការណ៍ទាំងនេះបានបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឋានផងដែរ។
ឆ្លើយតបនឹងបញ្ហានេះ ស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការពីថ្ងៃទី ៧ កញ្ញាថា ចាប់ពីពេលនេះតទៅ កម្លាំងសមត្ថកិច្ចទាំង ៩ ក្រុងស្រុកនឹងប្រមូលក្រុមក្មេងៗទំនើង ដែលដើរបង្កចលាចលក្នុងភូមិឋានចាប់ពីម៉ោង ២ ទៀបភ្លឺ យកមកអធិការដ្ឋាន ដើម្បីអប់រំណែនាំ។
ស្នងការដ្ឋាននគរបាលខេត្តកំពតប្រកាសដូច្នេះថា៖«ចាប់ពីយប់នេះតទៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ២ ទៀបភ្លឺ ក្រុមប្អូនៗដែលមិនចេះសម្រាន្តយប់ (ក្មេងទំនើង) នឹងត្រូវប្រមូលយកមកទុកឱ្យសម្រាកនៅអធិការដ្ឋាន។ ពេលព្រឹកឡើងបានឱ្យឪពុកម្តាយធានាយកទៅលំនៅឋានវិញ។ វិធានការនេះនឹងអនុវត្តទាំង ៩ ក្រុង-ស្រុក»។
ជាមួយគ្នានេះ លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានបកស្រាយថា ការដាក់ចេញវិធានការនេះមិនមានចេតនាបំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋណាម្នាក់ទេ។
លោកបានបញ្ជាក់ថា៖«អ្វីដែលយើងខ្ញុំកំពុងធ្វើគឺសំដៅទៅលើក្រុមបងតូចបងធំដែលប្រមូលផ្តុំនៅតាមទីសាធារណៈដែលអាចបង្កជាបញ្ហាផ្សេងៗតែប៉ុណ្ណោះហើយការងារនេះក៏យើងខ្ញុំធ្លាប់បានអនុវត្តកន្លងរួចមកហើយ»។
បន្ថែមពីនេះ លោក ម៉ៅ ច័ន្ទមធុរិទ្ធ ក៏បង្ហាញក្តីសង្ឃឹម និងអំពាវនាវដល់ពលរដ្ឋឱ្យចូលរួមសហការ និងអធ្យាស្រ័យចំពោះវិធានការនេះព្រោះវាគឺជាកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចខេត្តកំពតដើម្បីធានាបានសណ្តាប់ធ្នាប់ល្អ និងសុខសុវត្ថិភាពរបស់ពលរដ្ឋក្នុងខេត្ត។
ចំណែកសមត្ថកិច្ចស្រុកកៀនស្វាយ ខេត្តកណ្តាលក៏បានប្រកាសពីវិធានការស្រដៀងគ្នានេះដែរ ដោយបានអះអាងថា ចាប់ពីថ្ងៃទី ១០ ខែកញ្ញា តទៅ កម្លាំងអន្តរាគមន៍ស្រុក និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាមឃុំនីមួយៗនឹងចុះប្រតិបត្តិការធ្វើការល្បាតត្រួតពិនិត្យ និងចាប់ប្រមូលក្រុមក្មេងទំនើង ឬក្មេងៗដែលប្រមូលផ្តុំគ្នាជក់បារីអេឡិចត្រូនិក ឬជនដែលមានការសង្ស័យ។
អធិការដ្ឋានស្រុកកៀនស្វាយអះអាងថា៖ «ជម្រាបមកដល់បងប្អូនប្រជាពលរដ្ឋកំពុងរស់នៅក្នុងស្រុកកៀនស្វាយឱ្យបានជ្រាបថា កម្លាំងអន្តរាគមន៍ស្រុក និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាមឃុំនីមួយៗចុះប្រតិបត្តិការ ធ្វើការល្បាតត្រួតពិនិត្យ និងចាប់ប្រមូលក្រុមក្មេងទំនើង ឬក្មេងៗដែលប្រមូលផ្តុំគ្នាជក់បារីអេឡិចត្រូនិក ឬជនមានការសង្ស័យ»។
លោកប៉ា ច័ន្ទរឿន នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានថ្លែងថា តាមការសង្កត មួយរយៈចុងក្រោយនេះមានការផ្ទុះឡើងវិញនូវបាតុភាពសង្គមមួយដែលមានយុវជនបានប្រើអំពើហិង្សាដោយការវាយតប់គ្នានៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញក្នុងនោះនៅតាមសាលារៀនក៏កើតមានដែរ។
លោកថា៖ «នេះគឺជាបញ្ហាសង្គមមួយ ហើយជាអំពើហិង្សាក្នុងសង្គម ជាពិសេសក្នុងចំណោមយុវជនដែលបានឆ្លុះបញ្ចាំងអំពីវិបត្តិសង្គមមួយដែលមានការធ្លាក់ចុះសីលធម៌សង្គមក្នុងការរស់នៅ»។
លោកបានបន្តថា៖«បើហេតុការណ៍ទាំងនេះកើតឡើងនៅតាមសហគមន៍ គឺបង្ហាញឱ្យឃើញពីកម្សោយនៃការពង្រឹងគោលនយោបាយឃុំភូមិមានសុវត្ថិភាពដែលទិដ្ឋភាពនេះ គឺទាមទារឱ្យមានការយកចិត្តទុកដាក់ពីអ្នកពាក់ព័ន្ធមិនថា ឪពុកម្តាយខ្លួនឯង អាជ្ញាធរមានសមត្ថកិច្ច សាលារៀន...»។
លោកសន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានលើកឡើងដែរថា វិធានការរបស់សមត្ថកិច្ចគួរតែមានការប្រុងប្រយ័ត្ន និងត្រូវឈរលើមូលដ្ឋានយុត្តិធម៌ចៀសវាងការរើសអើង។ ទន្ទឹមនឹងនេះ លោកក៏ចង់ឃើញវិធានការរបស់អាជ្ញាធរក្លាយជាសកម្មភាពមួយប្រកបដោយប្រសិទ្ធភាព។
លោកសន ជ័យ ថា៖«សមត្ថកិច្ច គួរតែមើលជ្រុង ២ សំខាន់ គឺទី ១ ការជួបជុំណាមួយដែលមានលក្ខណៈឈានទៅរកហិង្សាដោយក្រុមក្មេងទំនើងហ្នឹង និងទី ២ វិធានការត្រួតពិនិត្យរកអាវុធជាតិផ្ទុះ ឬការយកឧបករណ៍គ្រោះថ្នាក់នានាក្នុងគោលបំណងហិង្សា គឺគួរតែមានចំណាត់ការទាន់ពេលវេលា ហើយពលរដ្ឋនៅកន្លែងកើតហេតុ គួរចូលរួមរាយការណ៍ទៅសមត្ថកិច្ចឱ្យបានទាន់ពេលវេលា»៕