​ភ្នំពេញៈ លោកនាយក​រដ្ឋ​មន្ត្រី​ហ៊ុន ម៉ា​ណែ​ត កាលពី​ថ្ងៃ​ចុង​សប្តាហ៍​បានធ្វើការ​ក្រើនរំឭក​ដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ឱ្យ​រួមគ្នា​បំពេញការងារ ដោយ​ត្រូវមាន​ការប្តេជ្ញាចិត្ត​ខ្ពស់ និង​ហ៊ាន​អារ​កាត់​ដើម្បី​អនុវត្ត​គោ​លន​យោ​​បាយ​ដែល​រដ្ឋាភិបាល​បានដាក់​ចេញ ក្នុងន័យ​សម្រេច​ឱ្យបាន​នូវ​ការកែទម្រង់ និង​ចក្ខុវិស័យ​របស់​ជាតិ​។​

​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយនឹង​កម្មករ កម្មការិនី​ជិត​ ២​ ម៉ឺន​នាក់ នៅ​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​ ៩ ខែកញ្ញា​ឆ្នាំ ​២០២៣ ​លោក​ហ៊ុន ម៉ា​ណែ​ត លើក​ឡើង​ថា មន្ត្រី​គ្រប់រូប​ត្រូវ​ប្តេជ្ញាចិត្ត​ចូលរួម​ធ្វើការ​គ្រប់ៗ​គ្នា ដោយ​មិនត្រូវ​ដាក់បន្ទុក​តែ​លើ​រូបលោក​ម្នាក់​នោះទេ ព្រោះ​លោក​បានប្រគល់​សិទ្ធិ និង​សេចក្តីទុកចិត្ត​រួចស្រេច​ហើយ​។ លោក​បន្តថា មន្ត្រី​ដែល​ទទួលបន្ទុក​ត្រូវ​ហ៊ាន​អារកាត់​និង​ធ្វើ​សេចក្តីសម្រេច​ចិត្ត​អនុវត្ត​លើ​គោលនយោបាយ​ដែល​រដ្ឋាភិបាល​បានដាក់​ចេញ បើសិនជា​ខ្លាច​ខុសត្រូវ​សួរនាំ​លោក​ជាមុនសិន ហើយ​បើ​មាន​បញ្ហា​ក្នុងពេល​អនុវត្ត លោក​នឹង​ទទួលខុសត្រូវ​។

​លោក​ហ៊ុន​ ម៉ា​ណែ​ត បញ្ជាក់​ដូច្នេះ​ថា​៖ «​ត្រូវ​ប្តេជ្ញា​ធ្វើ​ទាំងអស់គ្នា ខ្ញុំ​ប្រាប់​ហើយ ខ្ញុំ​អត់​ធ្វើ​តែម្នាក់ឯង​ទេ ត្រូវធ្វើ​ទាំង​អស់​គ្នា ខ្ញុំ​ប្រគល់​សិទ្ធិ​និង​ការ​ទុក​ចិត្ត និង​ប្រគល់​ដាវអាជ្ញា​សឹក​ឱ្យ​ហើយ​ត្រូវ​កាប់​តែបើ​ដល់ពេល​ខ្ញុំ​កាប់​ជំនួស​ហើយ​។ កន្លែង​កាប់​ហ្នឹង​អ្នក​ច្រើនណាស់​ចង់បាន​មួយជីវិត​មានតែ​ម្តង​ទេ រក្សា​វា​ឱ្យ​ល្អ​»​។​

​លោក​បាន​បន្តថា ដើម្បី​ធ្វើឱ្យ​កំណែទម្រង់​របស់​រដ្ឋាភិបាល​ឱ្យមាន​ប្រសិទ្ធភាព​ត្រូវ​ឈរលើ​មូល​ដ្ឋា​ន​ចំណុច​ ៤ ​សំខាន់ៗ ពោលគឺ ត្រូវមាន​ចក្ខុវិស័យ​ច្បាស់លាស់​, ត្រូវមាន​ការប្តេជ្ញា​ចូលរួម​ធ្វើទាំងអស់គ្នា​, ត្រូវការ​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​មិន​ថា ប្រជា​ពលរដ្ឋ និង​មន្ត្រី និង​ចុងក្រោយ​ត្រូវមាន​ការលះបង់​។​

​លោក ស៊ឺន សម អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​យ​ល់​ថា សារ​អំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ​ជាការ​ក្រើនរំឭក​ដល់​មន្ត្រី​ដែលមាន​តួនាទី​អនុវត្ត​ច្បាប់​ឱ្យ​ខិតខំ​បំពេញ​តួនាទី​រៀងៗ​ខ្លួន​និង​ចេះ​រួមគ្នា​ធ្វើការ ព្រោះ​មន្ត្រី​នៅ​កម្ពុជា​ហាក់​មានការ​តាំងចិត្ត​ទាប​និង​ភ័យខ្លាច​ក្នុងការ​អនុវត្ត​ច្បាប់​និង​ភារកិច្ច​។

លោក​និយាយថា​៖ «​ខ្ញុំ​គិតថា ដើម្បីឱ្យ​ការអនុវត្ត​គោលនយោបាយ​មាន​ប្រសិទ្ធ​ភាព ត្រូវឱ្យ​មន្ត្រី​ពិនិត្យ​ច្បាប់​និង​គោលការណ៍​តាម​ស្ថាប័ន​ខ្លួន ហើយ​យើង​ត្រូវមាន​យន្តការ​តាម​​ដាន​ការអនុវត្ត​របស់​មន្ត្រី​ផងដែរ​។ រដ្ឋាភិបាល​គួរ​បើក​ឱ្យមាន​មតិផ្ទុយ​ខ្លះ​ពី​សំណាក់​ពលរដ្ឋ ដើម្បី​ដឹង​ពី​ចំណុច​ខ្វះខាត​របស់​មន្ត្រី​រាជ​ការ​សាធារណៈ​»​។​

​លោក​បន្ថែមថា ជាការ​សង្កេត​ផ្ទាល់ខ្លួន មន្ត្រី​នៅ​កម្ពុជា​ភាគច្រើន មិនទាន់​ទទួល​សន្តិភាព​ផ្លូវចិត្ត ឬ​ខ្វះ​ភាពកក់ក្តៅ​ដើម្បី​ធ្វើការ​តាម​ឆន្ទៈ​របស់ខ្លួន​តាម​ភារកិច្ច​ដោយ​សារ​នៅពេល​អនុវត្ត​ច្បាប់​ម្តងៗ ពេលខ្លះ​ត្រូវ​ប្រឈម​នឹង​សម្ពាធ​ខ្សែ​បក្ខពួកនិយម ឬ​ទំនាស់​ផល​ប្រយោជន៍​ជាមួយ​អ្នកមានអំណាច​ជាដើម​។​

​ចំណែក លោក​ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ បាន​សម្តែង​ការ​សាទរ ចំពោះ​ការលើក​ឡើងជា​វិធានការ​និង​ការអំពាវនាវ​របស់លោក​ហ៊ុន​ម៉ា​ណែ​ត​។ លោក​ថា រដ្ឋមន្ត្រី និង​មន្ត្រី​ជំនាញ​ត្រូវ​ហ៊ាន​អារ​កាត់​ដោយ​ខ្លួនឯង ជាជាង​រង់ចាំតែ​សេចក្តីសម្រេច​របស់​នាយ​ក​​រដ្ឋមន្ត្រី​ដែលនាំឱ្យ​រាំងស្ទះ​ការងារ និង​មានការ​យឺតយ៉ាវ​ដូច​បទពិសោធន៍​កន្លង​មក ហើយ​អតីត​នាយករដ្ឋមន្ត្រី​ក៏​ធ្លាប់​លើកឡើង​ដែរ​។

លោក​សុវណ្ណារ៉ា ថ្លែងថា​៖ «​កន្លងមក បើតាម​បទពិសោធន៍​ការងារ​អាណត្តិ​មុនៗ រដ្ឋមន្ត្រី ឬ​មន្ត្រី​តាម​ជំនាញ​មិន​ហ៊ាន​អារ​កាត់​នោះទេ ព្រោះ​ខ្លាច​កំហុស​ហ្នឹង​អាច​ធ្លាក់​មកលើ​ខ្លួន​ផង ហើយ​ទាមទារ​តែ​កិច្ច​អន្តរាគមន៍ ពី​នាយករដ្ឋមន្ត្រី​ជានិច្ចកាល​»​។​

​ស្របពេល​នឹង​ការ​សាទរ​ចំពោះ​សារ​នយោបាយ​របស់​ប្រមុខ​រដ្ឋាភិបាល​នេះដែរ​លោក​សុវណ្ណារ៉ា ក៏បាន​បញ្ជាក់ដែរថា លោក​ត្រូវ​រង់ចាំ​ឃ្លាំមើល​បន្តទៀត ថា តើ​ពិតជា​អាចអនុវត្ត​បាន​ឬ​យ៉ាងណា​ហើយ​លោក​ក៏​ស្នើ​ដល់​នាយករដ្ឋមន្ត្រី​ថ្មី គួរ​កាត់បន្ថយ​កិច្ច​អន្តរាគមន៍​អារកាត់​ពីលើ​រដ្ឋមន្ត្រី ឬ​មន្ត្រី​តាម​ជំនាញ​៕