ភ្នំពេញៈ ​អភិបាលខេត្ត​ប៉ៃលិន លោកស្រី បាន ស្រីមុំ បានប្រកាស​ទទួល​ទិញយក​កសិផល​ធម្មជាតិ ដែល​កសិករ​បាន​ដាំ​ដុះ​ជា​លក្ខណៈ​គ្រួសារ និង​ជួយ​រក​ទីផ្សារ សម្រាប់​កសិករ​នៅ​ខេត្ត​ប៉ៃលិន ខណៈដែល​លោកស្រី​អះអាងថា សកម្មភាព​នេះ​នឹង​លើកទឹកចិត្ត​ដល់​កសិករ​ឱ្យដាំ​ដុះ​កសិកម្ម​ដោយ​គ្មាន​ប្រើប្រាស់​សារធាតុ​គីមី ដែល​នាំ​ប៉ះពាល់​ដល់​សុខភាព​។​

​ចំពោះ​គោលបំណង​សំខាន់​ដែល​លោកស្រី បាន ស្រីមុំ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១១ ខែកញ្ញា​ថា ដោយសារតែ​កន្លងទៅ ប្រជាកសិករ ដែល​ដាំ​ដុះ​ដំណាំ​ជា​លក្ខណៈ​គ្រួសារ ខ្វះ​ព័ត៌មាន​ទាក់ទង​នឹង​ទីផ្សារ ដោយ​ដំណាំ​ដែល​ប្រមូល​ហើយ លក់បាន​ក្នុងតម្លៃ​ទាប និង​ពិបាក​រក​ទីផ្សារ ទើប​ខាង​អាជ្ញាធរខេត្ត​រៀបចំ​កម្មវិធី​នេះ​ឡើង​។​

​ម្យ៉ាងវិញទៀត​លោកស្រី​ថា ការជំរុញ​ប្រើប្រាស់ និង​ទទួលទាន​កសិផល​ក្នុងស្រុក អាច​កាត់បន្ថយ​ការ​នាំចូល​បន្លែ​ផ្លែឈើ ពី​ក្រៅប្រទេស ដែលមាន​សារធាតុ​គីមី ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​។​

​លោកស្រី​បានបញ្ជាក់​ដូច្នេះ​ថា​៖«​កន្លងទៅ​យើង​ដឹងថា កសិករ​ដាំ​ដំណាំ​បានល្អៗ​ណាស់ ប៉ុន្តែ​ពួកគាត់​ខ្វះ​ព័ត៌មាន​ពី​ទីផ្សារ ដោយពេល​ខ្លះ​ដាំ​ហើយ មិនដឹង​យកទៅលក់​ឯណា ទើប​ខ្ញុំ​រួម​នឹង​អាជ្ញាធរខេត្ត​ប៉ៃលិន ជួយ​គិតគូរ​ប្រមូល​ទិញ​ពី​កសិករ​ដែល​ដាំ​ដុះ​លក្ខណៈ​គ្រួសារ​ក្នុងតម្លៃ​ទីផ្សារ ដែល​រក​ចំណេញ​ប្រាក់ចំណេញ​ឡើយ​»​។​

​ទោះជា​យ៉ាងណាក៏ដោយ លោកស្រី​ក៏បាន​ស្នើឱ្យ​កសិករ​បន្ត​ដាំ​ដុះ​ដោយ​ប្រើប្រាស់​ជីធម្មជាតិ ចៀសវាង​ការប្រើ​ជីគីមី​ជ្រុល​ហួសហេតុ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​។​

​អភិបាលខេត្ត​ប៉ៃលិន បាន​ថ្លែងថា ៖ «​យើង​ជួយ​រក​ទីផ្សារ​ឱ្យ​គាត់ តែ​យើង​ក៏​ចង់ឱ្យ​កសិករ​ទាំងអស់ យកចិត្តទុកដាក់​លើ​ការដាំដុះ​ដំណាំ ដោយ​ប្រើប្រាស់​ជីធម្មជាតិ​ចៀសវាង​ការប្រើប្រាស់​ជីគីមី​ច្រើន​ជ្រុល ដែល​ធ្វើឱ្យ​ខូច​ឈ្មោះ​ដំណាំ​ខេត្ត​ប៉ៃលិន​។​នេះ​ជា​ជំហាន​ដំបូង​សិន យើង​ធ្វើ​ត្រឹម​ខេត្ត​ប៉ៃលិន នៅពេល​ទទួលបាន​ជោគជ័យ នឹង​បន្ត​ជួយ​ដល់​កសិករ​នៅ​ខេត្ត​ជិតៗ​នេះដែរ​។ តែ​ខ្ញុំ​ជឿថា អាជ្ញាធរខេត្ត​នីមួយៗ តែងមាន​ការគិតគូរ​ប្រជាពលរដ្ឋ​ដែល​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​រួចហើយ​»​។​

​កញ្ញា ប៊ុន សៀង ម្ចាស់​កសិដ្ឋាន​ភូមិ​កសិកម្ម​ធម្មជាតិ យល់ថា សកម្មភាព​របស់​អាជ្ញា​ធរ​ខេត្ត ក្នុង​ការជួយ​រក​ទីផ្សារ​ឱ្យ​កសិករ​នេះ ជា​អ្វីដែល​កសិករ​ចង់បាន ខណៈដែល​កន្លងទៅ​មាន​កសិករ​ជាច្រើន ដែល​ប្រមូល​ផល​ហើយ ពិបាក​រក​ទីផ្សារ ជាពិសេស​ការប្រមូល​ផល​ក្នុងពេល​ដំណាលគ្នា​។​

​កញ្ញា​បាន​ប្រាប់ថា ៖«​ការពិតទៅ​ឱ្យតែ​កសិករ​យើង​គាត់​ដាំ​ដុះ​បន្លែ​តាម​ស្តង់ដា និង​មាន​សុវត្ថិភាព​សម្រាប់​អ្នក​បរិភោគ នោះ​ការស្វែងរក​ទីផ្សារ​មិនមែន​លំបាក​ពេក​ទេ​។ ម្យ៉ាងវិញទៀត ការទទួលបាន​ព័ត៌មាន​ទីផ្សារ​របស់​ក​សិ​ករ​ក៏​នៅមានកម្រិត​ដែរ​។​យើង​រីករាយ​នៅពេលដែល​មានការ​ជ្រោមជ្រែង​កាន់តែ​សកម្ម​ពី​សំណាក់​អាជ្ញាធរ ចំពោះ​កសិករ​យើង​»​។​

​ចំណែក អ្នកស្រី យ៉ែម ណា​រី ម្ចាស់​ហាង​សួនផ្កា​ផ្ទះ​បៃតង ដែល​លក់​តែ​ផលិតផល​បន្លែ និង​ផ្លែឈើ​ធម្មជាតិ​ក្នុងស្រុក​ដោយ​ទិញ​ពី​កសិករ​តាម​បណ្តា​ខេត្ត​នានា បាន​និយាយថា សព្វថ្ងៃនេះ អាជីវកម្ម​របស់​អ្នកស្រី​កំពុងមាន​បញ្ហា​ប្រឈម ដោយសារតែ​ត្រូវ​ប្រកួតប្រជែង​តម្លៃ​ជាមួយនឹង​ផលិតផល​កសិផល​ដែល​នាំចូល​ពី​ប្រទេសជិតខាង​។​

​អ្នកស្រី​បាន​ប្រាប់ថា​៖«​ឥឡូវនេះ យើង​មាន​ភាព​ប្រឈម​ច្រើន ដោយសារតែ​តម្លៃ​ផលិតផល​ក្នុងស្រុក​យើង​ខ្ពស់ជាង​កសិផល​នាំចូល ខណៈដែល​រូបរាង​ក៏​មិនសូវ​ល្អ​ដូច​បន្លែ​ផ្លែឈើ​ពី​ក្រៅ​មក​ដែរ​។ តែ​យ៉ាងណា​ដើម្បី​បន្ត​និរន្តរភាព​ប្រាក់ចំណូល​ជូន​ដល់​កសិករ​យើង ទោះបី​ចំណេញ​តិច ឬ​ពេលខ្លះ​ខាត​ទៀតផង ក៏​ខ្ញុំ​នៅតែ​ប្រមូល​ទិញ​ដែរ​។ ខ្ញុំ​រីករាយ បើសិន​ជាមាន​ការជួយ​រក​ទីផ្សារ​បន្ថែម​ដល់​កសិករ ដើម្បី​ចៀសវាង​ការ​ចាល់​នៅលើ​ទីផ្សារ​ពេល​គាត់​ប្រមូល​ផល​ម្តងៗ​»៕