
មន្ត្រី គ.ជ.ប ផ្សព្វផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ និងលទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២។ រូបថត គ.ជ.ប
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយអពីការផ្សព្វផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ និងលទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ និងសភាពការណ៍ទូទៅ មុនចាប់ផ្តើមដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋាននៃគ.ជ.បទៅដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី១២ ខែកញ្ញា នៅសាលសន្និសីទនៃទីស្តីការ គ.ជ.ប ដែលនឹងមានការចូលរួមក្រោមអធិបតីភាព លោក នុត សុខុម អនុប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ។
ទាក់ទងនឹងកិច្ចប្រជុំនេះ លោក សោម សូរីដា អ្នកនាំពាក្យគ.ជ.បប្រាប់នៅថ្ងៃទី១១ ខែកញ្ញា ថា បញ្ជីបោះឆ្នោតចុងក្រោយគឺជាបញ្ជីបោះឆ្នោតផ្លូវការ ដែលគ.ជ.បបានប្រកាសផ្តល់សុពលភាព ចុងក្រោយនៅឆ្នាំ២០២២។ដូច្នេះ បញ្ជីចុងក្រោយនេះ នឹងត្រូវប្រើសម្រាប់ការពិនិត្យ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។
លោកបានថ្លែងថា៖ «ការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយនេះ គឺមានគោលបំណងដើម្បីឱ្យប្រជាពលរដ្ឋ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតចុងក្រោយនេះ មកពិនិត្យឈ្មោះរបស់ខ្លួន ដើម្បីឱ្យប្រាកដថា ឈ្មោះរបស់គាត់ពិតជាកត់ត្រាបានត្រឹមត្រូវ រួមជាមួយនឹងទិនុ្នន័យផ្សេងទៀត ដូចទៅនឹងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់គាត់ដែរ»។
បើតាមលោក សោម សូរីដា ក្នុងករណីទិន្នន័យ មិនបានកត់ត្រាបានត្រឹមត្រូវពួកគាត់ មានសិទ្ធិស្នើសុំកែតម្រូវនៅក្នុងអំឡុងពេល ១៩ ថ្ងៃ នៃថ្ងៃចុះឈ្មោះបោះឆ្នោត គឺចាប់ផ្តើមពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។
អ្នកនាំពាក្យដដែល បញ្ជាក់ថាការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយនេះ ត្រូវបានបិទនៅតាមសាលាឃុំ សង្កាត់ ព្រមទាំងមានការបង្ហោះនៅលើគេហទំព័ររបស់គ.ជ.ប ដើម្បីឱ្យពលរដ្ឋមានភាពងាយស្រួលក្នុងការចូលទៅពិនិត្យមើលឈ្មោះរបស់ខ្លួនផងដែរ។
ទាក់ទងនឹងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២៣ នេះ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ធ្លាប់បានលើកឡើងនៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោតកាលពីចុងខែសីហា កន្លងមកថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ជាដំណើរការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត តាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្ត្រៃយ៍ ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាពខ្ពស់ មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ព្រមទាំងធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោត។
សូមបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ ត្រូវចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៕