ភ្នំពេញៈ នៅក្នុង​កិច្ចប្រជុំ​ក្រុម​​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​លើក​ទី៤ ​ស្តីពី​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប សម្រាប់​ឆ្នាំ​ ២០២៤ ភាគី​ពាក់ព័ន្ធ​បាន​ឯកភាព​ថា នឹង​ព​ន្លឿ​ន​បញ្ចប់​ការពិភាក្សា​ចុងក្រោយ​ត្រឹម​ថ្ងៃទី​ ២៨ ខែកញ្ញា ខណៈ​តំណាង​ភាគី​កម្មករនិយោជិត​នៅតែ​បន្ត​រក្សា​ជំហរ​តួលេខ​ ២១៥ ​ដុល្លារ និង​តំណាង​ភាគី​និយោជក​រក្សា​ជំហរ ​២០១ ដុល្លារ​ដដែល​។​

​ក្រោយ​កិច្ចប្រជុំ​នៅ​ថ្ងៃទី​ ១១ ខែកញ្ញា ឆ្នាំ​ ២០២៣ លោក ​ហេង​ សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ភាគី​នីមួយៗ​នឹង​សម្របសម្រួល​ផ្ទៃក្នុង​រៀងខ្លួន​ម្តងទៀត ដើម្បី​រក​ឱ្យបាន​គោលជំហរ​ផ្លូវការ​របស់ខ្លួន​ដោយ​នឹង​ពិនិត្យ និង​លើក​សំណូមពរ​ដាច់ដោយឡែក​រៀងខ្លួន​ដើម្បី​យកមក​ជូន​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ដើម្បី​ដោះស្រាយ​នៅ​ថ្ងៃទី​ ១៨ ខែកញ្ញា ខាងមុខ​។​

​ចំពោះ​ភាពខុស​គ្នាច្រើន​នៃ​ការកំណត់​តួលេខ​រវាង​តំណាង​កម្មករនិយោជិត និង​តំណាង​និយោជក​នេះ លោក ហេង សួរ អះអាងថា ករណីនេះ អាស្រ័យ​លើ​លក្ខណវិនិច្ឆ័យ​ទាំង​ ៧ ស្តីពី​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​ដោយ​ភាគី​ខាង​កម្មករ​និ​យោ​ជិត​ផ្អែក​បញ្ហា​អតិផរណា ខណៈ​ខាង​និយោជក គិត​ទៅលើ​ភាព​ប្រកួតប្រជែង តម្រូវការ និង​បញ្ហា​ប្រឈម​ក្នុង​វិស័យនេះ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ឆ្នាំនេះ​មិនមាន​ប្រទេស​ណា​ដែល​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ទេ អ៊ីចឹង​នៅពេល​គេ​អត់​ដំឡើង ហើយ​យើង​ដំឡើង ភាគី​និ​យោ​ជក​គេ​បារម្ភ​ថា អ្នកបញ្ជា​ទិញ​អាច​បង្វែរ​ការបញ្ជាទិញ​ទៅ​ប្រទេស​ដទៃ​ផ្សេងទៀត ពីព្រោះ​ប្រទេស​យើង​កំណត់​ប្រាក់​ឈ្នួល​អប្ប​បរមា​ជា​ដុល្លារ​»​។​

«​ប្រទេស​ផ្សេង​មិនបាន​ពិ​ចារ​ណា​លើ​ការដំឡើង ហើយ​លុយ​របស់គេ​ចុះថោក ដូចនេះ​នៅពេលដែល​លុយ​ចុះថោក ធ្វើឱ្យ​ប្រាក់​ឈ្នួល​គេ​ជា​ដុល្លារ​កាន់តែ​ទាប​ទៀត​។ ឆ្នាំនេះ​ប្រទេស​គេ​មិន​ចរ​ចា វា​ជា​សម្ពាធ​មួយ​ដែល​ធំ​ដែរ ព្រោះថា កម្ពុជា​មិនមែនជា​ប្រទេស​តែមួយគត់​ដែល​ផលិត​នៅក្នុង​វិស័យ​កាត់ដេរ​នោះទេ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​ពី​លោក ហេង សួរ​។​

​ទោះជា​យ៉ាងណា លោក​ថា ភាគី​រាជរដ្ឋាភិបាល​នឹង​ខិតខំ​សម្របសម្រួល​ដល់​ភាគី​ទាំង​សងខាង​ធ្វើយ៉ាងណា​ឱ្យ​ការចរចា​ឈានដល់​ចំណុច​រួមមួយ ក្នុងករណី​ដែល​មិនអាច​រក​ចំណុចរួម​ឃើញ​នឹងមាន​ការបោះឆ្នោត​សម្រេច​តែម្តង​។​

​លោ​កណាង សុធី តំណាង​ភាគី​និយោជក​បានឱ្យដឹង​ដែរ​ថា ជា​ជំហរ​ខាង​និយោជក​ឈានដល់​ការដំឡើង​បន្តិច​គឺ ​២០១,៥ ​ដុល្លារ​ ដោយ​សំណូមពរ​សុំឱ្យ​ខាង​សហជីព​ឯកភាព ប៉ុន្តែ​ខាង​សហជីព​មិន​ព្រម​ទើប​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រេច​ថា​ យក​តួលេខ​ចាស់​ ២០១ ​ដុល្លារ​វិញ និង​ឱ្យ​ភាគី​ទាំង​ ២ ​ទៅ​ប្រជុំ​ផ្ទៃក្នុង នឹង​កំណត់​តួលេខ​បន្តទៀត សម្រាប់​ពិភាក្សា​ថ្ងៃទី​ ១៨ ខែកញ្ញា​ខាងមុខ​។​

​លោក សុធី បាន​ថ្លែងថា​៖«​ខាង​និយោជក​មានការ​ជឿជាក់​លើ​រាជរដ្ឋាភិបាល​ចំពោះ​ការសម្របសម្រួល​យក​តួលេខ​មួយ​ដែលមាន​ភាពសមរម្យ ដោយ​ថ្ងៃទី​ ១៨ ខែកញ្ញា​ខាងមុខ នឹងមាន​ការកំណត់​តួ​លេខ​ចុងក្រោយ​​ហើយ​ថ្ងៃទី​ ២៨ នឹង​បោះឆ្នោត​យក​តួលេខ​ផ្លូវការ ក្រោយមក​នឹង​សុំ​គោលការណ៍​សម្រេច​ចុង​ក្រោយពី​រាជរដ្ឋាភិបាល​»​។​

​ចំណែក​លោក គឹម ចាន់​ សំណាង ភាគី​សហជីព​តំណាង​កម្មករនិយោជិត​វិញ​ក៏បាន​លើកឡើង​ដែរ​ថា ភាគី​និយោជិត នឹង​បន្ត​ជួបប្រជុំ​ពិភាក្សាគ្នា​ដើម្បី​កំណត់​តួលេខ​ណាមួយ​ដែល​អាច​ទទួលយកបាន​ទាំងអស់គ្នា​នា​កិច្ចប្រជុំ​ខាងមុខ​ទៀត​។​

​លោក​ថា​៖ «​ការប្រជុំ​បន្ត​របស់​យើង​លើក​ក្រោយ​អាច​នឹងមាន​ការប្រែប្រួល​ចំពោះ​តួលេខ​ដោយ​សារ​យើង​ត្រូវការ​ពិភាក្សា​លម្អិត​ជាមួយ​សហជីព​យើង​ដែលមាន​សមាជិក​ ១៧ ​នាក់​ក្នុងចំណោម​នេះ​មានមតិ​ខ្លះ​មិនទាន់បាន​ចូល​ជា​ធ្លុង​មួយ​នៅឡើយ ដូច្នេះ​យើង​នឹង​ពិភាក្សាគ្នា​លម្អិត​បន្តទៀត​»​។​

​បើតាម​រដ្ឋមន្ត្រីក្រសួង​ការងារ​នា​វេទិកា​រាជរដ្ឋាភិបាល​ជាមួយ​វិស័យ​ឯកជន​នៅ​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ​ខាងមុខ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត នឹង​ពិនិត្យមើល និង​កែសម្រួល​លើ​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ដើម្បីឱ្យ​ការវិនិយោគ និង​ប្រតិបត្តិការ​អាជីវក​ម្មកា​ន់​តែមាន​ភាព​អំណោយផល​៕