ភ្នំពេញៈ កម្ពុជា និង​ចិន​ប្តេជ្ញា​ក្នុងការ​ពង្រីក និង​ពង្រឹង​កិច្ច​សហការ​ទ្វេភាគី​លើ​វិស័យ​វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និង​ន​វា​នុ​វត្ត​ន៍ ​(STI)​ ប្រកបដោយ​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ខណៈ​កម្ពុជា​ចាត់ទុកថា នេះ​ជាការ​បើក​ទំព័រ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​រឹងមាំ​មួយកម្រិត​ថែមទៀត​ក្នុង​វិស័យនេះ​រវាង​ប្រទេស​ចិន និង​កម្ពុជា​។​

​ការប្រកាស​នេះ​ធ្វើឡើង​ក្នុងជំនួប​ទ្វេភាគី​រវាង​លោក ហែម​ វណ្ណឌី រដ្ឋមន្ត្រីក្រសួង​ឧស្សា​ហក​ម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​លោក វ៉ាង​ជី​កាង រដ្ឋមន្ត្រីក្រសួង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ចិន កាលពី​ថ្ងៃទី ​៩ ខែកញ្ញា នៅឯ​ប្រទេស​ចិន​។​

​ក្នុងជំនួប​នោះ លោក វ៉ាង ជី​កាង ថ្លែងថា​៖ «​យើង​រួមគ្នា​គិត រួមគ្នា​ធ្វើ​ផែនការ និង​ធ្វើ​សកម្ម​​ភាព​ជាមួយគ្នា​ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ផ្នែក​វិទ្យា​សាស្ត្រ និង​បច្ចេកវិទ្យា​»​។​

​លោក​ ហែម វណ្ណឌី បាន​ថ្លែងអំណរគុណ​ដល់​លោក Wang ដែលមាន​សុច្ឆន្ទៈ និង​ការប្តេជ្ញា​ខ្ពស់​ចំពោះ​កិច្ចសហការ​ទ្វេភាគី​លើ​វិស័យ STI ជាមួយ​កម្ពុជា និង​បាន​គាំទ្រ​ពេញទំហឹង​ក្នុងការ​ពង្រីក និង​ពង្រឹង​កិច្ច​សហ​ការ​នេះ​ប្រកបដោយ​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ប្រាកដនិយម និង​សមិទ្ធ​លទ្ធផល​ជាមួយគ្នា​។​

​ក្រសួង​ឧស្សាហកម្ម​កម្ពុជា​បញ្ជាក់​ថា​៖ «​នេះ​ជាការ​បើក​ទំព័រ​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​រឹងមាំ​ថែម​មួយកម្រិត​ទៀត​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍​រវាង​កម្ពុ​ជា​-​ចិន​»​។​

លោក ​ថុង ម៉េង​ដា​វិត ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ​(AVI) បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១១ ខែ​កញ្ញា​ថា កម្ពុជា និង​ចិន​បាន​ខិត​ខំ​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ជាច្រើន​បន្ថែមទៀត​ដើម្បីឱ្យ​កម្ពុជា​អាច​កសាង​សង្គម​សេដ្ឋកិច្ច​មួយ​ដែលមាន​ធនធានមនុស្ស​ប្រកបដោយ​ជំនាញ​ច្បាស់លាស់​នៅក្នុង​ទំនាក់ទំនង​ត្បូង​​ពេជ្រ​នេះ​។

​លោក​ថ្លែងថា​៖ «​ការអភិវឌ្ឍ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​​វិទ្យា និង​នវានុវត្តន៍ ជា​វិស័យ​មួយ​ដ៏​សំខាន់​សម្រាប់​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា ក៏ដូចជា​ស្របទៅតាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​បញ្ច​កោណ​របស់​កម្ពុជា​ក្នុង​នីតិកាល​ទី ​៧ ​នេះ ដែល​មិត្ត​ចិន​តែងតែ​ផ្តល់នូវ​ជំនួយ​ជា​ហិរញ្ញប្បទាន កសាង​អគារ និង​បរិក្ខារ ក៏ដូចជា ជំនួយ​បច្ចេកទេស​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​នៅ​កម្ពុជា​ក្រោម​ក្របខ័ណ្ឌ​សហគមន៍​ជោគវាសនា​តែមួយ​»​។

​លោក​ ថុង ម៉េង​ដា​វិត បាន​បន្តថា វិស័យ​ឧស្សាហកម្ម វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និង​ន​វា​នុ​វត្ត​ន៍ គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​កម្ពុជា​ក្នុង​ការជួយ​កសាង​សមត្ថភាព និង​កំណែ​ទម្រង់​ស្ថាប័ន​បច្ចេកវិទ្យា និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បីឱ្យ​កម្ពុជា​អាច​ចូលរួម​សកម្ម​បន្ថែមទៀត​ក្នុង​ការធ្វើសមាហរណកម្ម​តំបន់​និង​សកល​ដើម្បី​ទាញយក​ប្រយោជន៍​សេដ្ឋកិច្ច ការវិនិយោគ​បរទេស និង​អ្នកទេសចរ​បន្ថែមទៀត​ពី​បរទេស​។​

​លោក ហែម វណ្ណឌី ថ្លែង​នៅលើ​គេហទំព័រ​ក្រសួង​ថា​៖ «​យើង​ក៏​ទទួលស្គាល់​ពី​សារៈសំខាន់​នៃ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ពិភពលោក​នាពេល​បច្ចុប្បន្ន​។ តាមរយៈ​ការវិនិយោគ​លើ​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍ ព្រមទាំង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​វិស័យ​សិក្សាធិការ សង្គម​ស៊ីវិល វិស័យ​ឯកជន និង​រដ្ឋាភិបាល យើង​នឹង​បង្កើត​សមិទ្ធផល​ថ្មីៗ និង​ជំរុញ​កំណើន​ដែល​ផ្អែកទៅលើ​នវានុវត្តន៍​»​។​

​ជាមួយគ្នានេះ លោក​បាន​លើក​ទឹកចិត្ត​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមទាំង​គ្រឹះស្ថាន​អាជីវកម្ម អ្នកសិក្សា​ស្រាវជ្រាវ ប្រតិបត្តិ​ករ​នវានុវត្តន៍ និង​សហគ្រិន​ឱ្យ​សហ​​ការ​ជាមួយ​ក្រសួង​ក្នុង​ដំណើរ​ការកសាង​អនាគត​មួយ​ដ៏​រស់​រវើក ប្រកបដោយ​បរិ​យា​ប័ន្ន និង​និរន្តរភាព​៕