
មន្ដ្រីក្រសួងអប់រំ និងមន្ត្រីអង្គការភ្លែន ចុះហត្ថលេខាពីថ្ងៃទី ១១ កញ្ញា។ រូបថត សហការី
ភ្នំពេញៈ នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈនៃក្រសួងអប់រំ យុវជន និងកីឡា បានចុះហត្ថលេខាសហប្រតិបត្តិការជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជាក្នុងការអនុវត្តគម្រោងលើកកម្ពស់អប់រំពេញ ១ ជីវិតតាមរយៈមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សាកម្រិតមធ្យមសិក្សាដែលមានរយៈពេល ៣ ឆ្នាំ។
ការព្រមព្រៀងសហប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០២៣ ដើម្បីឆ្លើយតបនឹងក្របខ័ណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៦-២០២៥ របស់ក្រសួង ដែលបានដាក់ចេញគោលនយោបាយដើម្បីគាំទ្រគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព «ធានាការអប់រំមានគុណភាព ប្រកបដោយសមធម៌បរិយាប័ន្ន និងលើកកម្ពស់ឱកាសសិក្សាពេញ ១ ជីវិតសម្រាប់ទាំងអស់គ្នា»។
លោក រ័ត្ន សារ៉ា ប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា គម្រោងនេះ ត្រូវបានរៀបចំឡើងដើម្បីធ្វើឱ្យប្រសើរឡើងនូវការអប់រំកម្រិតមធ្យមសិក្សារបស់សិស្សស្ថិតក្នុងក្រុមគោលដៅអនុវត្តន៍គម្រោង តាមរយៈការអភិវឌ្ឍគុណសម្បទាផ្ទាល់ខ្លួន (ការអប់រំអាជីព និងបុគ្គលិកលក្ខណៈ/ទំនាក់ទំនងសង្គម)។
លោកបានបន្តថា គម្រោងនេះ គឺធ្វើយ៉ាងណាឱ្យសិស្សានុសិស្ស ទទួលបានឱកាសជួយជ្រោមជ្រែងពេញលេញក្នុងការសិក្សាជំនាញទន់ ការរៀបចំផែនការសិក្សា ការជ្រើសរើសផ្លូវសិក្សាអាជីពមុខរបរនាពេលអនាគតបានល្អប្រសើរ ជាពិសេសគាំទ្រដល់ការសិក្សាពេញ ១ ជីវិតដើម្បីពួកគេអាចធ្វើសមាហរណកម្មទៅកាន់សង្គមជាតិបានដោយទំនុកចិត្ត។
លោកបានបញ្ជាក់ថា៖ «ផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ ២០១៩-២០២៣ បានដាក់ចេញយុទ្ធសាស្ដ្រក្នុងការពង្រឹងការសិក្សាឆ្ពោះទៅរកអាជីព តាមរយៈការពង្រីកកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សានៅតាមគ្រឹះស្ថានមធ្យមសិក្សា។ ការអប់រំកម្រិតមធ្យមសិក្សា គឺជាដំណាក់កាលមួយដ៏មានសារៈសំខាន់សម្រាប់យុវជនយើងក្នុងការផ្សារភ្ជាប់រវាងចំណេះដឹងមូលដ្ឋានពីសាលារៀនឆ្ពោះទៅការចាប់យកមុខជំនាញជាក់លាក់នៅកម្រិតឧត្តមសិក្សា និងឈានទៅកាន់ពិភពការងារមួយពិតប្រាកដដែលនឹងបំពេញឱ្យតម្រូវការផ្នែកសេដ្ឋកិច្ចសង្គម»។
តាមសេចក្តីប្រកាសរបស់អង្គការភ្លែនអន្តរជាតិបានឱ្យដឹងថា គម្រោងនេះនឹងផ្ដល់ផលជាវិជ្ជមានទៅដល់ក្រុមគោលដៅដូចជាគ្រឹះស្ថានមធ្យមសិក្សាចំនួន ១៤ ដែលមានសិស្សសរុប ១០ ២០០ នាក់ ក្នុងនោះស្រី ៥ ៥២៤ នាក់ និងគ្រូបង្រៀនសរុប ៣៣៩ នាក់ ក្នុងនោះមានស្រី ១២០ នាក់។
តាមរយៈគម្រោងនេះ ក្រុមទទួលផលដោយផ្ទាល់នឹងត្រូវផ្ដោតលើគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូចំនួន ៤២ នាក់ (ស្រី៤០%) សិស្សានុសិស្សចំនួន ៤ ៥០០ នាក់ (ស្រី ២ ៥០០នាក់) ហើយអ្នកទទួលផលដោយប្រយោល នឹងត្រូវផ្ដោតលើគណៈគ្រប់គ្រងលោកគ្រូ-អ្នកគ្រូនៃវិទ្យាល័យគោលដៅទាំង១៤ និងសិស្សកម្រិតមធ្យមសិក្សាបឋមភូមិចំនួន ៥ ៧០០ នាក់។
អង្គការភ្លែនអន្តរជាតិបានបញ្ជាក់ថា៖ «គម្រោងសាកល្បងត្រូវចាប់ផ្តើមអនុវត្តពីថ្ងៃទី ១ កញ្ញា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ ហើយគម្រោងនេះ នឹងមានសក្ដានុពលក្នុងការពង្រីកចំនួនសាលា និងពេលវេលារហូតដល់ខែមិថុនា ឆ្នាំ ២០២៦ »។
គិតត្រឹមឆ្នាំសិក្សា ២០២១-២០២២ កម្ពុជាមានគ្រឹះស្ថានមធ្យមសិក្សាសាធារណៈសរុបចំនួន ១ ៨១២ ក្នុងនោះ អនុវិទ្យាល័យមានចំនួន ១ ២៥៣ និងវិទ្យាល័យមានចំនួន ៥៥៩ ដែលមានសិស្សានុសិស្សសរុប ១ ០២២ ៧២៣ នាក់ (ស្រី ៥៤៥ ១១១នាក់)។
អង្គការភ្លែនបានអះអាងថា រហូតមកទល់ពេលនេះមានគ្រឹះស្ថានមធ្យមសិក្សាសាធារណៈចំនួន ១១៥ ទូទាំងប្រទេសបាន និងកំពុងអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សាដែលមានគ្រូប្រឹក្សាតាមសាលារៀនចំនួន ៣០៣ នាក់ ស្រី ១៣៧ នាក់ ជាប្រតិបត្តិករអនុវត្តន៍ផ្ទាល់កម្រិតសាលារៀន។
លោកយី គឹមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិ បានថ្លែងថា គម្រោងរយៈពេល ៣ ឆ្នាំនេះនឹងផ្តល់ផលទៅអ្នកទទួលផលដោយផ្ទាល់ និងដោយប្រយោលនៅក្នុងខេត្តចំនួន ៣ រួមមានខេត្តសៀមរាប ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។
លោកបានបន្តថា គម្រោង នឹងផ្ដោតលើការពង្រឹងគុណសម្បទាផ្ទាល់ខ្លួនរបស់យុវជនម្នាក់ៗ មានដូចជា ការជំរុញវឌ្ឍនភាពលើលទ្ធផលសិក្សា (អភិវឌ្ឍការអប់រំ) ការពង្រឹងប្រសិទ្ធភាពជ្រើសរើសផ្លូវសិក្សាឈានឆ្ពោះទៅចាប់យកការងារអាជីពជាក់លាក់ (អភិវឌ្ឍអាជីព) និងការគាំទ្រឥរិយាបថវិជ្ជមានដឹកនាំជីវិតក្នុងសង្គមស៊ីវីល័យ (អភិវឌ្ឍបុគ្គលិកលក្ខណៈ/ទំនាក់ទំនងសង្គម) របស់យុវជនក្នុងដំណាក់កាលពួកគេស្ថិតក្នុងសាលារៀន។
លោកបានបញ្ជាក់ថា៖ «តាមរយៈការដឹកនាំ និងអនុវត្តសកម្មភាពមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សារបស់គ្រូប្រឹក្សាតាមសាលារៀន និងភាគីពាក់ព័ន្ធ លទ្ធផលសិក្សារបស់សិស្ស បញ្ហាសុខុមាលភាពសង្គម ការឆ្លងភូមិសិក្សាប្រកបដោយសុវត្ថិភាព ការទប់ស្កាត់អត្រាសិស្សបោះបង់ការសិក្សានៅតាមសាលារៀន ការអប់រំបរិយាប័ន្ន បញ្ហាយេនឌ័រ និងការអប់រំពេញ១ជីវិត នឹងត្រូវបានជ្រោមជ្រែងលើកកម្ពស់សំដៅសម្រេចឱ្យបានស្ដង់ដាសាលារៀនមានប្រសិទ្ធភាព»។
លោក យី គឹមថាន បានអះអាងថា ដើម្បីសម្រេចបានបំណងនេះ គម្រោងនឹងរៀបចំវេទិកាតម្រង់ទិសអំពីអាជីព មុខរបរ និងការសិក្សាជំនាញ ការរៀបចំពិព័រណ៍តម្រង់ទិសវិជ្ជាជីវៈ កម្មវិធីអប់រំបំណិនជីវិតតាមមូលដ្ឋាន និងកម្មវិធីអប់រំសហគ្រិនភាព ព្រមទាំងរៀបចំសិក្ខាសាលាតម្រង់ទិសដល់មន្ត្រីអប់រំស្រុក ខេត្ត និងនាយកសាលារៀនគោលដៅផងដែរ៕