ភ្នំពេញៈ ​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋបាល​ខេត្តកោះកុង បានឱ្យដឹងថា នាពេល​ឆាប់ៗ ​ខាងមុខនេះ រាជរដ្ឋាភិបាល​នឹង​រៀបចំ​ឱ្យមាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​២ បន្ថែមដែលមាន​ទីតាំងនៅ​ស្រុក​បទុម​សាគរ ដើម្បី​កៀរគរ​វិនិយោគិន​មក​វិនិយោគ ក៏ដូចជា​ការរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ខេត្ត តាមរយៈ​បង្កើត​ការងារ​រាប់ម៉ឺន​កន្លែង​។​

​លោក សុខ សុ​ទ្ធី អភិបាលរង​ខេត្តកោះកុង បាន​ប្រាប់ឱ្យដឹង​ នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២៣ ថា ការបង្កើតឱ្យមាន​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​សេដ្ឋកិច្ចជាតិ និង​សេដ្ឋកិច្ច​នៅក្នុង​ខេត្តកោះកុង​ផ្ទាល់ ដោយ​តំបន់​សេដ្ឋកិច្ច​ទាំង​នោះបាន​បង្កើត​ការងារ​ជាច្រើន​ជូន​ពលរដ្ឋ​។​ បច្ចុប្បន្ន ខេត្តកោះកុង​មានតែ​តំបន់​សេដ្ឋកិច្ច​១ប៉ុណ្ណោះ ដែល​បាន​បង្កើត​តាំងពី​ឆ្នាំ​២០០៧ គឺ​តំបន់​សេដ្ឋកិច្ច​ពិសេស​នាង​កុក មាន​ទីតាំងនៅ​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ​ប៉ុន្តែ​រាជរដ្ឋាភិបាលមាន​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​២​ទៀត ដែល​ស្ថិតនៅ​ស្រុក​បទុម​សាគរ​។​

​លោក ​សុខ សុ​ទ្ធី ​បាន​បញ្ជាក់ថា​៖«​តំបន់​សេដ្ឋកិច្ច​ពិសេស​២​ទៀត​នេះ នឹង​ធ្វើឱ្យ​សកម្មភាព​សេដ្ឋកិច្ច​ខេត្តកោះកុង​កាន់តែ​មមាញឹក​។​អាជ្ញាធរខេត្ត​ស្វាគមន៍ និង​គាំទ្រ ចំពោះ​អ្នកវិនិយោគ​ទាំងឡាយ ដែលមាន​បំណង​ចង់​មក​បើក​រោងចក្រ​សហគ្រាស​នៅក្នុង​ខេត្ត​របស់​យើង ដែល​យើង​នឹង​បង្កលក្ខណៈ​ងាយស្រួល​ឱ្យបាន​ច្រើន​ដល់​វិនិយោគិន ធ្វើយ៉ាងណា ឱ្យ​គាត់​មាន​ទំនុកចិត្ត​មកលើ​រាជរដ្ឋាភិបាល និង​អាជ្ញាធរខេត្ត​របស់​យើង​»​។​

​ជាមួយគ្នានេះដែរ កាលពី​ថ្ងៃទី​១១ ខែកញ្ញា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បំពេញ​ទស្សនកិច្ច​ពិនិត្យ​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍតំបន់​សេដ្ឋកិច្ច​ពិសេស ក្នុង​ខេត្ត​ព្រះសីហនុ នា​តំបន់​សេដ្ឋកិច្ច​ពិសេស កំពង់ផែ​ក្រុងព្រះសីហនុ តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ និង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា​ន ចេ​ជាង ហ្គ័​រ​ជី​។​

​នាឱកាស​នោះ​លោក​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា​ន ចេ​ជាង ហ្គ័​រ​ជី នឹង​បើក​សាខា​ទី​២ ​របស់ខ្លួន នៅ​ខេត្តកោះកុង ដែលជា​តំបន់​សេដ្ឋកិច្ច​ពិសេស​១ ក្នុងចំណោម​សេដ្ឋកិច្ច​២ ​ថ្មី ដែល​រាជរដ្ឋាភិបាល​គ្រោង​រៀបចំ​បង្កើត​នៅ​ខេត្តកោះកុង​។​

​លោក ស៊ុន ចាន់ថុល បាន​ថ្លែងថា ខាង​ក្រុមហ៊ុន​បញ្ជាក់ថា ដោយសារតែ​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា​ន ចេ​ជាង ហ្គ័​រ​ជី នៅ​ខេត្ត​ព្រះសីហនុ​នោះ មាន​ទំហំ​តែ​១៣០​ហិកតា និង​មាន​រោងចក្រ​សហគ្រាស​កំពុង​ដំណើរ​ការពេញ​ហើយ ដូចនេះ​ខាង​ក្រុមហ៊ុន​ត្រូវការ​រៀបចំ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​១ទៀត ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​មក​ថ្មីៗ​ទៀត​។​

​លោក​ថា​៖«​ខាង​ក្រុមហ៊ុន​មាន​គម្រោង​នឹង​បើក​តំបន់​សេដ្ឋកិច្ច​ពិសេស​ទី​២​របស់ខ្លួន នៅលើ​ផ្ទៃដី​១ ០០០​ហិកតា នៅ​ខេត្តកោះកុង​ ​នេះ​ជាការ​បង្ហាញ​ពី​ការយកចិត្តទុកដាក់ និង​ជឿជាក់​លើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​យើង ទើប​គេ​ហ៊ាន​បោះទុន​វិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​បែបនេះ​»​។​

​លោក​ ថ្លែងថា ក្រោយពី​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ហើយ តួនាទី​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) គឺជា​អ្នកសម្របសម្រួល ត្រូវធ្វើ​យ៉ាងណា​ទាក់ទាញ​អ្នក​វិនិយោគ​ឱ្យមក​បង្កើត​ក្រុមហ៊ុន​រោងចក្រ​សហគ្រាស​នៅទីនេះ​ឱ្យ​ច្រើន ក៏ដូចជា​ការវិនិយោគ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ផ្សេងៗ​ទៀត​។​

​លោក លឹម ហេង អនុ​ប្រធានសភា​ពាណិជ្ជ​កម្ពុជា ថ្លែងថា វា​ជា​រឿង​ចាំបាច់ ក្នុងការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ឱ្យបាន​ច្រើន ជាពិសេស​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅតាម​ព្រំដែន ថៃ វៀតណាម ជាដើម​ដើម្បី​វិនិយោគិន​ងាយស្រួល​ផលិត​សម្រាប់​ការនាំចេញ​។​

​លោក​ ថ្លែងថា​៖«​និយាយ​ជារួម មាន​តំបន់​សេដ្ឋកិច្ច​កាន់តែច្រើន​កាន់តែ​ល្អ ជាពិសេស​នៅតាម​តំបន់​ព្រំដែន​របស់​យើង ដោយសារ​ផលិតផល​កសិកម្ម​យើង​ភាគច្រើន​នាំចេញ​ទៅតាម​ប្រទេស​ទាំងនេះ​ ដូចនេះ​ការ​មាន​តំបន់​សេដ្ឋកិច្ច ដែល​ប្រមូលផ្តុំ​ដោយ​រោងចក្រ​សហគ្រាស​កែច្នៃ យើង​ចំណេញ​ច្រើន​លើ​ការដឹកជញ្ជូន ថែមទាំង​បង្កើត​ការងារ​ជូន​ពលរដ្ឋ​យើង​នៅតាម​តំបន់​ព្រំដែន​ផងដែរ​»​។​

​លោក ស៊ុន ចាន់ថុល ថ្លែងថា អ្វីដែល​បញ្ហា​របស់​អ្នកវិនិយោគ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​ក្រុងព្រះសីហនុ​, តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ និង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា​ន ចេ​ជាង ហ្គ័​រ​ជី គឺ​បញ្ហា​តម្លៃ​ឡូ​ជី​ស្ទិ​ក​របស់​កម្ពុជា គឺ​ខ្ពស់ជាង​ប្រទេសជិតខាង​។

​លោកថ្លែង​ថា រាជ​ដ្ឋា​ភិ​បាល​បានរៀបចំ​ផែនការមេ​ស្តីពី​វិស័យ​ឡូ​ជី​ស្ទិក​នេះ​រួចរាល់​ហើយ ដោយ​ក្នុង​គម្រោង​នឹងមាន​ការជំរុញឱ្យ​តម្លៃ​ឡូ​ជី​ស្ទិ​ក​នេះ​មាន​ភាព​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​បាន​។ ម្យ៉ាងវិញទៀត លោក​ក៏​ស្នើ​ដល់​វិនិយោគិន​បរទេស​ទាំងអស់ សូម​ស្វែងរក​ដៃគូ​វិ​និយោគ​នៅ​កម្ពុជា​ឱ្យបាន​ត្រឹមត្រូវ ជាពិសេស​ត្រូវ​ស្វែងរក​ការពិភាក្សា និង​ប្រឹក្សា​យោបល់​ពី CDC​ឱ្យ​ច្បាស់លាស់ ចៀសវាង​ការជ្រើសរើស​ដៃគូ​វិនិយោគ​ខុស នាំឱ្យមាន​ការខាតបង់​៕