ភ្នំពេញៈ លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ា​ណែ​ត​ នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​នឹងមាន​ជំនួប​ជាមួយនឹង​ថ្នាក់​ដឹក​នាំ​កំពូល​របស់​ចិន លោក​ប្រ​ធា​នា​ធិបតី ​ស៊ី ជីន​ភីង ដើម្បី​ជំរុញ​បន្ថែម​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ​រវាង​ប្រទេស​ទាំង ​២​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក ​ហ៊ុន ម៉ា​ណែ​ត ទៅកាន់​ប្រទេស​ចិន​ចាប់ពី​ថ្ងៃទី​ ១៤ ដល់​ថ្ងៃទី​ ១៦ ខែកញ្ញា ឆ្នាំ​ ២០២៣ ​អមដំណើរ​ដោយ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មន្ត្រី​សំខាន់ៗ​រួមទាំង​ថ្នាក់ដឹកនាំ​ផ្នែក​ឯកជន​សំខាន់ៗ​ផង​នោះ​ធ្វើឡើង​តប​តាម​ការអញ្ជើញ​ពី​លោក​ លី ឈាង នាយករដ្ឋមន្ត្រី​ចិន​។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ក្រសួង​ការ​បរ​ទេស​និង​សហប្រតិបត្តិការ​អន្តរ​​ជាតិ​កម្ពុជា​ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​ ១២ ខែកញ្ញា​។​

​សេចក្តីប្រកាស​បញ្ជាក់ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​ ហ៊ុន ម៉ា​ណែ​ត នឹងមាន​ជំនួប​សម្តែង​ការគួរសម​ជាមួយ​លោក ​ស៊ី ជីន​ភីង និង​លោក​ ចាវ លឺ​ជី ប្រធានសភា​តំណាង​ប្រជាជន​ចិន​ដែល​នឹង​ពិភាក្សា​ផ្តោតលើ​ការ​ពង្រឹង​យុទ្ធសាស្ត្រ​ទំនាក់ទំនង ជំរុញ​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ ការ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន ក្នុង​យុគសម័យ​ថ្មី ព្រមទាំង​ផ្លាស់​ប្តូរ​ទស្សនៈ​លើ​កិច្ចការ​តំបន់ និង​អន្តរ​ជាតិ​។

​លោក​ ហ៊ុន ម៉ា​ណែ​ត ​ក៏​នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន​លោក​ លី ឈាង ជុំវិញ​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​រវាង​ប្រទេស​ទាំង ​២ ព្រមទាំង​ចុះហត្ថលេខា​លើ​ឯកសារ​សហប្រតិបត្តិកា​រ​មួយចំនួន​ផងដែរ​។

ក្រសួងការបរទេស​ប​ន្ត​ថា​៖ «​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ពង្រីក​ក្រប​ខ័​ណ្ឌ​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ និង​ជំរុញ​កិច្ចសហការ​លើ​វិស័យ​ជាច្រើន​ក្នុង​វេទិកា​តំបន់ និង​អន្តរជាតិ​នានា​ដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ប្រទេស និង​ប្រជាជន​ទាំង ​២»​។​

​លោក ​ប៉ែន បូ​ណា ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​លើកឡើងថា លោក​កត់សម្គាល់​ចំណុច​ពិសេស​ចំពោះ​វត្តមាន​លើក​ទី​១ របស់លោក​ ហ៊ុន ម៉ា​ណែ​ត ​ក្នុងនាម​ជា​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ទៅកាន់​ប្រទេស​ចិន​លើក​នេះ គឺជា​ដំណើរ​ទស្សនកិច្ច​ដ៏​មាន​សារៈ​សំខាន់ និង​ហុច​ផ្លែផ្កា​ដល់​កម្ពុជា និង​ចិន​ចំពោះ​ទំនាក់ទំនង​ល្អជា​ប្រពៃណី​។​

​លោក​ថ្លែងថា​៖ «​ដំណើរ​ទស្សនកិច្ច​នេះ​ជាការ​បន្ត​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​និង​ចិន​ដែលមាន​ស្រាប់​ដែល​បាន​សាង​ឡើង​ដោយ​សម្តេច​តេ​ជោ​ ហ៊ុន សែន​។ ពេលនេះ​សម្ដេច​បវរ​ធិបតី​ ហ៊ុន ម៉ា​ណែ​ត នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង​ល្អ​នេះ​ឱ្យ​កាន់​តែ​ប្រសើរឡើង ដើម្បី​ផលប្រយោជន៍​ប្រទេស និង​ប្រជាជន​ទាំង​ ២»​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ចិន​ចេញ​កាល​ពីថ្ងៃ​ទី ​១១ ខែកញ្ញា លោកស្រី​ម៉ៅ នី​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​លើកឡើងថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ហ៊ុន ម៉ា​ណែ​ត បង្ហាញ​ពី​សារៈសំខាន់​ដ៏​ធំធេង​រវាង​ការតភ្ជាប់​នៃ​រដ្ឋាភិបាល​កម្ពុជា​ថ្មី ជាមួយ​ចិន និង​ដំណើរ​ឆ្ពោះទៅរក​កិច្ច​សហប្រតិបត្តិ​ការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ក្នុងដំណាក់កាល​បន្ទាប់​។

លោកស្រី ម៉ៅ នី​ង​ បញ្ជាក់ថា​៖ «​ជាពិសេស យើង​សង្ឃឹមថា នឹង​ផ្តល់នូវ​គំនិត​ផ្តួចផ្តើម​កិច្ចសហប្រតិបត្តិការ​ដូ​ច​ជា​ច្រក​អភិ​​វឌ្ឍន៍​ឧស្សាហកម្ម និង​ច្រកត្រី និង​ស្រូវ នៅ​ដើមដំបូង ហើយ​រួមគ្នា​ឆ្ពោះទៅរក​យុគសម័យ​ថ្មី​នៃ​ការកសាង​គុណ​ភាព​ខ្ពស់ កម្រិត​ខ្ពស់ និង​សហគមន៍​ចិន​-​កម្ពុជា ​ស្តង់ដា​ខ្ពស់ ជាមួយនឹង​អនាគត​រួមគ្នា​»​។​

​សម្រាប់​លោក​ស៊ឺន សម អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ចាត់ទុក​ដំណើរ​ទស្សន​កិច្ច​ទៅ​ចិន​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​ថ្មី​នេះ​ជា​រឿង​សំខាន់ និង​ជា​ដំណើរ​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ ដែល​លោក​ថា មេដឹកនាំ​កម្ពុជា​គ្រប់​ជំនាន់ មាន​ភាពចាំបាច់​ត្រូវ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ចិន​ដែលជា​ប្រទេស​យក្ស​សេដ្ឋ​​កិច្ច​ទី ២​។

​លោក​ ស៊ឺន សម ថ្លែងថា​៖«​ពេលទៅដល់​ចិន ថ្នាក់ដឹកនាំ​កម្ពុជា​គួរតែ​សម្លឹង​រកមើល​ចំណុច​ល្អៗ​ពី​ចិន​ដែល​យើង​អាច​យកមកអនុវត្ត​នៅ​ប្រទេស​កម្ពុជា​វិញ​ឱ្យមាន​ភាពជឿនលឿន​ទៅមុខ​។ ចិន​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ហើយ​ចិន​ជា​បងធំ​នៅ​អាស៊ី ហើយ​ក្នុង​ពិភព​​លោក​ក៏​ជា​អ្នកខ្លាំង​។ ដូច្នេះ​ការរាប់​អាន​ប្រទេស​ខ្លាំង ជាការ​ចាំបាច់​សម្រាប់​ក​ម្ពុ​ជា​»​។​

​លោក​បន្ថែមថា ថ្នាក់ដឹកនាំ​កម្ពុជា​គួរ​បន្ត​រក្សា​ចំណង​កិច្ច​សហប្រតិបត្តិ​ការល្អ​ដែលមាន​ស្រាប់​រួចហើយ​តួយ៉ាង​កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​នានា ហើយ​ព្យាយាម​ពង្រឹង​កិច្ចសន្ទនា និង​ការជួយជ្រោមជ្រែង​គ្នា​បន្ថែមទៀត ជាពិសេស​បង្កើន​ការស្វែងយល់​ពីគ្នា និង​តម្រូវការ​របស់​គ្នា​ទៅវិញទៅមក​។​

​ចំណែក​លោក ​សេង វណ្ណ​លី សាស្ត្រា​ចា​រ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​ជា​អ្នកតាមដាន​នយោបាយ​តំបន់​យល់ថា នេះ​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទ្វេ​ភាគី​ដំបូង​របស់​នាយករដ្ឋមន្ត្រី​កម្ពុ​ជាថ្មី ដែល​បង្ហាញ​ពី​សារៈសំខាន់​របស់​ចិន​ក្នុង​អាទិភាព​ទី​១ នៃ​នយោបាយ​ការ​​បរទេស​របស់​រដ្ឋាភិបាល​កម្ពុ​ជាថ្មី ព្រមទាំង​ជា​សារ​បង្ហាញ​ជា​អន្តរជាតិ​ថា ទំនាក់ទំនង​កម្ពុជា​-​ចិន​ជា​ទំនាក់​ទំនង​ស្អិតល្មួត​។

លោក​ សេង វណ្ណ​លី កត់សម្គាល់​ការចាប់អារម្មណ៍​ត្រង់​ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ហ៊ុន ម៉ា​ណែ​តទៅ​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​​សហប្រតិបត្តិការ​ជាមួយ​ទីក្រុង​ប៉េកាំង​នេះ ធ្វើឡើង​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​អាមេរិក​ចូ បៃ​ឌិន មកកាន់​ប្រទេស​វៀតណាម​។​

​លោក​សង្កត់ធ្ងន់ថា​៖ «​ដំណើរ​ទស្សន​កិច្ច​លើក​នេះ​ក៏​អាច​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ពី​ការគាំទ្រ​ឥត​ងាករេ​ចំពោះ​ទំនាក់​ទំនង និង​ឥទ្ធិពល​របស់​ចិន​មកលើ​កម្ពុជា​។ វា​ជា​ជម្រើស​តែមួយគត់ ក្រៅ​ពី​ទំនាក់ទំនង​របស់​កម្ពុ​ជា​ក្នុង​ក្រប​ខ័​ណ្ឌ​អាស៊ាន ដូចដែល​បានឃើញ​ក្នុង​អាណត្តិ​ដឹកនាំ​ដោយ​ឪពុក​លោក គឺ លោក ហ៊ុន សែន​»​។​

​សូម​រំឭក​ដែរ​ថា ឆ្នាំ​ ២០២៣ នេះ​ជា​ឆ្នាំ​មិត្តភាព​កម្ពុជា​-​ចិន ហើយ​ចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង ​២​។ ក្រៅពី​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ លោក​ហ៊ុន​ ម៉ា​ណែ​ត នឹងចូលរួម​ក្នុង​ពិព័រណ៍​អា​ស៊ាន​-​ចិន លើក​ទី​២០ នៅ​ទីក្រុង​ណាន​នី​ង​ផងដែរ ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ១៦ ដល់​ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣៕