​ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់​ជួន ណា​រ៉ុ​ន បានចេញ​ប្រកាស​ស្តី​ពីបទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ​ចំពោះ​បេក្ខជន​ក្នុងការ​ប្រឡង​សញ្ញា​ប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ​៦ វិច្ឆិកា​ខាងមុខ ដោយ​ក្នុងនោះ​បានកំណត់​ទោស​ប្បញ្ញត្តិ និង​ពិន័យ​ជា​ប្រាក់​សម្រាប់​អ្នក​ដែល​បន្លំ​ខ្លួន​ចូល​ប្រឡង​ជំនួស​បេក្ខជន​។​

​នេះ​បើ​យោងតាម​ប្រកាស​ដែលមាន​ ៦ ​ជំពូក និង​ ១៥ ​មាត្រា​ចុះ​​ហត្ថលេខា​ដោយ​លោក ហង់​ជួន ណា​រ៉ុ​ន ចេញផ្សាយ​កាលពី​ថ្ងៃទី ​១១ ខែកញ្ញា ឆ្នាំ ២០២៣​។​

​ប្រកាស​នេះ​បានបញ្ជាក់​លម្អិត​ពី​ទោស​ប្បញ្ញត្តិ​ដែល​មានចែង​នៅក្នុង​ច្បាប់​ធរមាន​ថា​៖ «​ជន​ណា​ដែល​ប្រឡង​ជំនួស ឬ​បន្លំ​គ្រប់​រូបភាព​ក្នុង​ការប្រឡង ត្រូវ​ទទួលពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី​ ១​ លាន​រៀល ទៅ​ ៥ លាន​រៀល​»​។​

​ប្រភព​ដដែល​បន្តថា ករណី​មិន​រាងចាល សាមីខ្លួន​ត្រូវ​ទទួលពិន័យ​អន្តរការណ៍​ជា​ប្រាក់​ចំនួន​ទ្វេដង​នៃ​ប្រាក់​ពិន័យ​អន្តរការណ៍​នេះ ហើយ​ត្រូវ​ព្យួរ​ការប្រឡង​សម្រាប់​រយៈពេល ២ ​ឆ្នាំ ឬ​ហាម​ឃាត់​មិនឱ្យ​ចុះឈ្មោះ​ក្នុង​បញ្ជី​ប្រឡង​ជា​ស្ថាពរ​ផងដែរ​។ ប្រកាស​ដដែល​នេះ​ក៏បាន​បញ្ជាក់​ផងដែរ​ថា ចំពោះ​ជន​ដែល​ប្រឡង​ជំនួស ឬ​បន្លំ​គ្រប់​រូបភាព​ក្នុង​ការប្រឡង ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ព្រហ្ម​ទណ្ឌ​ជា​ធរមាន​។​

​ទាក់ទង​នឹង​ការកំណត់​ទោស​​ប្បញ្ញត្តិ និង​ពិន័យ​នេះ លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ​ថ្លែង​កាលពី​ថ្ងៃទី ​១២ ខែ​កញ្ញា​ថា នេះ​ជា​អាណត្តិ​ទី​៣ របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ​ដែល​បានធ្វើ​កំណែទម្រង់​ចំពោះ​ការ​ក្រឡង​មួយ​ឱ្យមាន​ភាពត្រឹមត្រូវ និង​យុត្តិធម៌ ពោលគឺ​អ្នកចេះ គឺជា​ប់​។

លោក​បញ្ជាក់ថា​៖ «​ដូច្នេះ អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចូលរួម​គោរព​បទ​ប្បញ្ញត្តិ​ដែល​ក្រសួង​បាន​ណែនាំ ជាពិសេស​គ្រប់​គណៈកម្មការ​គ្រប់គ្រង​ការប្រឡង​ទាំងអស់ មាន​ទាំង​ប្រធាន​មណ្ឌល​ប្រឡង​ជាដើម ត្រូវ​ចូលរួម​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​»​។

​លោក​ស៊ីណា​រ៉េត ក៏បាន​ផ្តាំផ្ញើ​ផងដែរ​ថា សិ​ស្សា​-​នុ​សិស្ស​ទាំងអស់​ដែលជា​បេក្ខជន ត្រូវខិតខំ​រៀនសូត្រ​ដោយ​កុំ​រំពឹង​លើ​ការយក​សំណៅ​ឯកសារ ឬ​ទូរស័ព្ទ​ចូលក្នុង​បន្ទប់​ប្រឡង​បាន ពីព្រោះ​វិធានការ​នឹងត្រូវ​អនុវត្ត​យ៉ាង​តឹងរ៉ឹង​នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ​។ ដោយឡែក​អា​ណា​ព្យាបាល​ក៏ត្រូវ​ជំរុញ​ការរៀន​សូត្រ​របស់​កូន​ផ្ទាល់ខ្លួន ឱ្យបាន​ច្រើន ដោយ​កុំ​រំពឹងថា មានការអន្តរាគមន៍​ឬក៏​សូកប៉ាន់​ផ្សេងៗ​ឡើយ គឺ​មិនអាច​ទៅរួច​ទេ​។

​លោក​បញ្ជាក់ថា​៖ «​សូមឱ្យ​គាត់​កុំ​ពឹង​លើ​ចំណេះដឹង​ក្រៅ​ខ្លួន សូមឱ្យ​គាត់​ប្រឹងរៀន​ព្រោះ​ពេលវេលា​ក៏​នៅ​យូរ​ដែរ ហើយ​យើង​ត្រូវតែ​ចូលរួម​អនុវត្តតាម​ការណែនាំ​តាម​បទ​ប្បញ្ញត្តិ​របស់​ក្រសួង​ទាំង​គ្រូ ទាំង​សិស្ស អាណាព្យាបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ផងដែរ​»​។​

​ចំណែក​លោកស្រី អ៊ុក ឆា​យ៉ា​វី​ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​​ឯករាជ្យ បាន​ថ្លែងថា ករណី​លួច​ប្រឡង​ជំនួស ឬ​បន្លំ​គ្រប់​រូបភាព លោកស្រី​សង្កេតឃើញថា លែងមានទៀតហើយ​។ លោកស្រី​ថា​៖ «​ខ្ញុំ​គិតថា យុវជន​សម័យនេះ គាត់​មិន​ប្រើប្រាស់​រូបមន្ត​បែបនេះ​ទៀត​ទេ​។ យើង​ដឹង​ហើយ​ថា ច្បាប់​គឺជា​ច្បាប់ ប៉ុន្តែ​ខ្ញុំ​ខ្លាច​តែ​អ្នកច្បាប់​ចូលចិត្ត​ល្មើសច្បាប់​ទៅវិញ​ទេ​បាន​តែងតែមាន​សិស្ស​ប្រើ​រូបមន្ត​ដដែល​នេះ​»៕