ត្បូងឃ្មុំៈ អ្នកជំនាញ​ប្រវត្តិ​សាស្ត្រ និង​អ្នកជំនាញ​ទេសចរណ៍​បាន​រំពឹងថា ការរៀបចំ​របស់​អាជ្ញា​ធ​រលើ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ហ្លួង​ព្រះស្ដេច​កន​ឱ្យ​ក្លាយជា​រមណីយដ្ឋាន​បែប​វប្ប​ធ​ម៌​និង​ប្រវត្តិសាស្ត្រ​នឹង​ជំរុញឱ្យមាន​កំណើន​ទេសចរ​ក្នុង​ខេត្ត​និង​ផ្ដល់​និរន្តរភាព​ក្នុង​វិស័យនេះ​ផងដែរ​។​

​លោក​ សំបូរ មា​ណ្ណា​រ៉ា សាស្ត្រា​ចា​រ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​បានឱ្យដឹង​នៅ​ថ្ងៃទី ​១២ ខែកញ្ញាថា ក្នុង​ខេត្ត​នីមួយៗ​ត្រូវតែ​បង្កើត​ទីតាំង​ថ្មីៗ​ដើម្បី​ឱ្យមាន​ចរន្ត​ទេសចរ និង​បង្កើត​គោលដៅ​ដែលជា​កន្លែង​នៃ​ការចងចាំ​សម្រាប់​មហាជន​ទូទាំងប្រទេស​។​

​លោក​បាន​បន្តថា នៅក្នុង​ខេត្ត​ត្បូងឃ្មុំ បើ​និយាយ​ពី​ប្រវត្តិ​សាស្ត្រ គឺមាន​ទីតាំង​មួយ​ដែលជា​កន្លែង​បន្ទាយ និង​វាំង​របស់​ហ្លួង​ព្រះស្ដេច​កន ហើយ​ដើម្បីឱ្យ​មហាជន​បាន​ស្គាល់ បានដឹង អាជ្ញាធរ​ត្រូវបង្កើត​ឱ្យមាន​សកម្ម​ភាព ដូចជា ពិធីបុណ្យ​អុំទូក ការជួបជុំ​ទូទាំង​ខេត្ត​ក្នុង​ពិធី​វប្ប​ធម៌ ឬ​សាសនា​ជាដើម​។​

​ការបង្កើត​ឱ្យទៅជា​រមណីយដ្ឋាន​វប្ប​ធម៌ ប្រវត្តិសាស្ត្រ​នៅ​ទីនោះ គឺជា​ការសំខាន់ ដោយ​សារ​ទីនោះ​គឺជា​កន្លែង​រៀបចំឡើង​នៅ​សតវត្សរ៍​ទី​១៦ ​នៅពេលដែល​ស្ដេច​កន​បានទទួល​ងារ​ជា​ស្ដេច ហើយ​ស្ដេច​កន​ក៏បាន​បង្កើត​ទីតាំង​នៃ​រាជវាំង និង​កសាង​បន្ទាយ​ដ៏​រឹងមាំ​សម្រាប់​សុខ​​សន្តិភាព​ដល់​ប្រជាជន​ទូទៅ​។​

​នេះ​បើតាម​ការបន្ថែម​ពី​លោក​ សំបូរ មា​ណ្ណា​រ៉ា​។​ លោក​ សំបូរ មា​ណ្ណា​រ៉ា បាន​បញ្ជាក់ថា​៖ «​អ៊ីចឹង​! កន្លែង​ហ្នឹង​គឺជា​ទីតាំង​ប្រវត្តិសាស្ត្រ​ពិតប្រាកដ​ហើយ ហើយ​ខ្ញុំ​គាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​ឱ្យទៅ​ជាទី​រមណីយ​ដ្ឋា​ន​ជាក់លាក់​ច្បាស់លាស់​ឱ្យ​មនុស្ស​គ្រប់គ្នា​ហ្នឹង​មានដំណើរ​ទេសចរណ៍​បែប​យល់ដឹង​ពី​វប្បធម៌​ប្រវត្តិសាស្ត្រ និង​ទេសចរណ៍​កម្សាន្ត​តាមរយៈ​ការ​ស្គាល់​ទីតាំង​ដ៏​សំខាន់​នៅ​ខេត្ត​ត្បូងឃ្មុំ​នេះ​»​។​

​លោក​បន្ថែមថា នៅ​កម្ពុជា មិនមែន​តែ​ខេត្ត​ត្បូងឃ្មុំ​ទេ​ដែលមាន​រមណីយដ្ឋាន​បែប​វប្បធម៌ និង​ប្រវត្តិសាស្ត្រ តែ​នៅមាន​ខេត្ត​ជាច្រើន​ទៀត​។​ដោយឡែក​លោក​ ហូ វណ្ណឌី ទីប្រឹក្សា​សមាគម​ទេសចរណ៍​កម្ពុជា ក៏បាន​ឱ្យដឹង​ដែរ​ថា សម្រាប់​វិស័យ​ទេសចរណ៍ ការរៀបចំ​​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ហ្លួង​ព្រះស្ដេច​កន​ឱ្យ​កា្ល​យ​ជា​រមណីយ​ដ្ឋា​ន​បែប​វប្បធម៌ និង​ប្រវត្តិ​សាស្ត្រ​គឺ​ផ្ដល់​ប្រយោជន៍​ដល់​អ្នកទេសចរ​បាន​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​មួយ​ផងដែរ​។

​លោក​ថ្លែងថា​៖ «​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ផ្ដល់​ចំណូល​ដល់​ពលរដ្ឋ និង​សេដ្ឋកិច្ចជាតិ​បានយូរ​អង្វែង ដែល​វា​ខុសពី​រមណីយដ្ឋាន​កែច្នៃ វា​មិនបាន​ជួយ​ដល់​សេដ្ឋកិច្ចជាតិ​យើង​ឱ្យមាន​និរន្តរ​ភាពល្អ​ទេ​»​។​

អ្នកជំនាញ​ទេសចរណ៍​រូបនេះ​បាន​បន្តថា ដូច្នេះ​ការរៀបចំ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ឱ្យមាន​ភាពស្រស់​បំព្រង ធម្មជាតិ អ​នា​ម័​យ​ល្អ វា​បានផ្ដល់​ផលចំណេញ​ជា​និរន្តរភាព​សម្រាប់​វិស័យ​ទេសចរណ៍​ក៏ដូចជា សេដ្ឋកិច្ច​ជាតិ​ផងដែរ​។​

​ទាក់ទង​នឹង​រឿងនេះ លោក អឿន រិ​ទ្ធ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ត្បូងឃ្មុំ​បាន​អំពាវនាវ​ដល់​ភ្ញៀវ​ជាតិ អន្តរជាតិ ក៏​ដូច​ពល​រដ្ឋ​ក្នុង​ខេត្ត និង​នៅ​ទូទាំងប្រទេស​ឱ្យមក​កម្សាន្ត​នៅ​តំបន់​រមណីយ​​ដ្ឋា​ន​ហ្លួង​ព្រះស្តេច​កន​បាន​ច្រើន​កុះករ​ផងដែរ​។​

​លោក​បានឱ្យដឹងថា រមណីយ​​ដ្ឋា​ន​វប្បធម៌​ប្រវត្តិសាស្ត្រ​ហ្លួង​ព្រះ​សេ្ត​ច​កន​ជា​អតីត​រាជធានី​ហើយ​រមណីយដ្ឋាន​នេះ​មាន​កំពែង​រាង​ការ៉េ​ព័ទ្ធជុំវិញ​ប្រវែង​ ២ ៥០០ ​ម៉ែត្រ​ ក្នុង​ ១ ​ជ្រុងៗ​។​ នៅ​សតវត្សរ៍​ទី​១៦ ​ហ្លួង​ព្រះ​ស្តេច​កន​បាន​កសាង​កំពែង​ព្រះវិហារ​វត្ត​អារាម​មួយ​ក្នុង​បន្ទាយ​ហើយ​បាន​យក​មាស​ខ្មៅ​សាងព្រះពុទ្ធរូប​ ១ ​អង្គ​ ដែលមាន​ព្រះ​ភ្នែន​ ១២ ​ធ្នាប់ កម្ពស់​ ២០​ ធ្នាប់​តម្កល់​នៅ​ទីនោះ​៕