​ភ្នំពេញៈ ​មន្ត្រីជាន់ខ្ពស់​ក្រសួង​អភិវឌ្ឍន៍​ជន​បទ និង​មន្ត្រី​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឱ្យ​រឹតតែ​ប្រសើរ​ថែមទៀត​រវាង​ប្រទេស​ទាំង​ ២ ជា​ពិសេស​ការលើកកម្ពស់​សុខុមាលភាព​ជនបទ តាមរយៈ​ការអប់រំ​ពលរដ្ឋ​ឱ្យប្រើ​ប្រាស់​ទឹកស្អាត​។​

​ការប្តេជ្ញា​នេះ ត្រូវបាន​លើកឡើង​នៅក្នុង​ជំនួប​រវាង​លោក ឆាយ ឫទ្ធិ​សែន រដ្ឋមន្ដ្រី​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​លោក អ៊ូ​អិ​ណូ អា​តស៊ូ​ស្ស៊ី​ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​ ១១ ខែកញ្ញា ឆ្នាំ​ ២០២៣ នៅ​ទីស្តីការក្រសួង​។​

​យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​អភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិ​សែន បាន​លើកឡើងថា គិត​មកទល់​បច្ចុប្បន្ន កម្ពុជា​សម្រេចបាន​ ៨០ ​ភាគរយ​នៃ​ផែនការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ជូន​ប្រជាជន​ប្រើប្រាស់ ហើយ​នៅ​ឆ្នាំ​ ២០២៥ ​ខាងមុខ កម្ពុជា​នឹងមាន​ទឹកស្អាត​ប្រើ​គ្រប់​ទីកន្លែង​ព្រមទាំង​ការអប់រំ​ប្រើប្រាស់​បង្គន់​អនាម័យ​ឱ្យបាន​ត្រឹមត្រូវ សំដៅ​លុបបំបាត់​ការ​បន្ទោបង់​ពាសវាល​ពាស​កាល​ថែមទៀត​។

​លោក​បាន​បន្តថា​៖ «​ដើម្បី​ជំរុញ​ផែនការ​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ប្រជាជន​ប្រើប្រាស់​ឱ្យបាន​គ្រប់គ្រាន់ ក្រសួង​បាន​បង្កើត​គោ​លន​យោ​បាយ​អនុវត្ត​បន្ត​របស់​ក្រសួង គឺ​សំដៅ​ធ្វើយ៉ាងណា​លើកស្ទួយ​សេដ្ឋកិច្ច​ជនបទ​តាមរយៈ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​គ្រប់​ទីកន្លែង និង​លើកកម្ពស់​សុ​ខុ​មាល​ភាព​ប្រជាពលរដ្ឋ​តាមរយៈ​ការអប់រំ​ប្រជាពលរដ្ឋ​ឱ្យប្រើ​ប្រាស់​ទឹកស្អាត​ឱ្យ​កាន់តែ​ប្រសើរឡើង​»​។​

​លោក​បាន​បន្តថា ក្រៅពី​ជំរុញ​ផែនការ​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ប្រជាជន​ប្រើប្រាស់ ក្រសួង​ក៏​នឹង​ខិតខំ​ប្រឹងប្រែង​ជំរុញ​លើក​កម្ពស់​សេដ្ឋកិច្ច​ជនបទ​តាមរយៈ​ការបណ្តុះ​បណ្តាល​ជំនាញ​ជូន​ប្រជាពលរដ្ឋ​ដើម្បីឱ្យ​ពួកគាត់​អាច​ប្រកបមុខរបរ​ផ្សេងទៀត​ក្រៅពី​មុខរបរ​កសិកម្ម​ផងដែរ​។

​ក្នុងឱកាស​នោះ លោក អ៊ូ​អិ​ណូ អា​តស៊ូ​​ស្ស៊ី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹង​ប្រែង​ភាពជា​ដៃគូ​នាពេល​កន្លងមក​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​បាន​លើកឡើងថា ជប៉ុន​នឹង​បន្ត​កិច្ចសហការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​នៅក្នុង​អាណត្តិ​រដ្ឋាភិបាល​ថ្មី​ដើម្បី​លើកស្ទួយ​វិស័យ​អភិវឌ្ឍន៍ជនបទ ពិសេស​ការអប់រំ​លើ​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​ក្នុងជំនួប​នេះ​ភាគី​កម្ពុជា​-​ជប៉ុន ក៏បាន​ប្ដេជ្ញា​ថា នឹង​ខិតខំ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​​ការឱ្យ​កាន់តែ​ប្រសើរ​រវាង​ប្រទេស​ទាំង​ ២ ជាពិសេស​ដើម្បី​ស្វែងយល់​អំពី​តម្រូវការ​របស់​កម្ពុជា​ក៏ដូចជា​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​លើ​ការងារ​អភិវឌ្ឍន៍ជនបទ​។​

​ពាក់ព័ន្ធ​នឹង​រឿងនេះ ប្រធាន​កម្មវិធី​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា លោក ហង់​ ហ៊ី​ប៊ុណ្ណា ក៏បាន​បង្ហាញ​ការគាំទ្រ​ចំពោះ​ការ​ពង្រីង​កិច្ចសហការ​លើ​វិស័យ​ទឹកស្អាត​របស់​កម្ពុជា​-​ជប៉ុន ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​ជនបទ និង​សុខភាព​ពលរដ្ឋ​កម្ពុជា​។

​លោក​បានឱ្យដឹង​នៅ​ថ្ងៃទី​ ១២ ខែកញ្ញា​ថា តាមរយៈ​ការពង្រីក​កិច្ចសហការ​នេះ​ពលរដ្ឋ​នៅតាម​ជនបទ​នឹងមាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់គ្រាន់​ដើម្បី​ធានាបាន​សុខភាព​ល្អ និង​មិន​ប្រឈម​នឹង​ជំងឺ​នានា​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ក៏​សូមឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​លើ​ការអប់រំ​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​នឹង​ការប្រើ​ប្រាស់​ទឹកស្អាត ការអនុវត្ត​អនាម័យ​ឱ្យបាន​ត្រឹមត្រូវ ជាពិសេស​ការរក្សា​អនាម័យ​ដល់​ប្រជាពលរដ្ឋ​នៅតាម​ជនបទ​ឱ្យ​កាន់​តែ​ទូលាយ​បន្ថែមទៀត​»​។​

​សូមបញ្ជាក់ថា គោលនយោបាយ​ជាតិ​ស្តីពី​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​បាន​កំណត់ថា នៅ​ឆ្នាំ ​២០២៥ ពលរដ្ឋ​នៅ​សហគមន៍​ជនបទ​ត្រូវមាន​សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​គ្រប់គ្រាន់​ព្រមទាំង​រស់នៅក្នុង​បរិស្ថាន​ដែលមាន​អ​នា​​ម័​យ​ប្រកបដោយ​និរន្តរភាព​៕